ជាកិត្តិយស តំណាង​ក្លិប ព្រះ​ខ័ន​រាជស្វាយរៀង បាន​ក្លាយ​ជាវាគ្មិន​ពិសេស​ក្នុង​សន្និសីទបាល់ទាត់​ពិភព​លោក

លោក Christopher Grant អ្នក​គ្រប់​គ្រង​ទូទៅ​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ចូល​រួម​ជា​វាគ្មិត​ពិសេស នៅ​ក្នុង​សន្និសីទ​កីឡា​បាល់ទាត់​ពិភព​លោក នៅ​ថ្ងៃ​ទី​៣-៤ ខែ​កញ្ញា ឆ្នាំ ២០២៥ ​នៅ​ទី​ក្រុងហុងកុង ប្រទេស​ចិន។

តាមការឲ្យដឹងពីក្លិបព្រះខ័នរាជស្វាយរៀង ថា ៖«ជាកិត្តិយសយ៉ាងខ្លាំងដែលអ្នកគ្រប់គ្រងទូទៅរបស់យើងលោក Christopher Grant ត្រូវបានអញ្ជើញជាវាគ្មិនពិសេសនៅក្នុងសន្និសីទ World Football Summit ទីក្រុង Hong Kong 2025»។

«លើវេទិកាលោកបានជជែកពីប្រធានបទ “ការចាប់ផ្ដើមពីកម្រិតសូន្យរហូតដល់កម្រិតពិភពលោក៖ ការអភិវឌ្ឍកីឡាករអាស៊ីនាពេលអនាគតឲ្យស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍកីឡាករអន្តរជាតិ” ដោយបង្ហាញពីអត្ថប្រយោជន៍នៃការវិនិយោគលើការអភិវឌ្ឍកីឡាករហើយជះឥទ្ធិពលដល់យុវជនអាស៊ីជំនាន់ក្រោយ»។

ក្លិប​បាន​បញ្ជាក់​ថា ការអញ្ជើញជាវាគ្មិននេះ មិនត្រឹមតែបញ្ជាក់ឲ្យឃើញពីការទទួលស្គាល់នូវសមិទ្ធផលកន្លងទៅរបស់ក្លិបព្រះខ័នរាជស្វាយរៀងប៉ុណ្ណោះទេ ប៉ុន្តែគឺជាប្រវត្តិសាស្ត្រមួយសម្រាប់បាល់ទាត់កម្ពុជា ដែលបានរះឡើងក្នុងវេទិកាអន្តរជាតិជាមួយថ្នាក់ដឹកនាំកំពូលបាល់ទាត់ល្បីៗជុំវិញពិភពលោក។

ក្លិប​បាន​បន្ត​ថា World Football Summit គឺជាស្ថាប័នអន្តរជាតិដ៏លេចធ្លោមួយ ដែលភ្ជាប់ និងជម្រុញឲ្យវិស័យបាល់ទាត់ទូទាំងពិភពលោករីកចម្រើន តាមរយៈព្រឹត្តិការណ៍បណ្ដុំទៅដោយអ្នកជំនាញ ពោរពេញដោយបទពិសោធន៍វិជ្ជាជីវៈ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យបាល់ទាត់។ សូម​បញ្ជាក់​ថា សន្និសីទ​កីឡា​បាល់ទាត់​ពិភព​លោក ឆ្នាំ ២០២៥ ដែល​រៀបចំ​នៅ​ទី​ក្រុង​ហុងកុង​នេះ​មានអ្នក​ជំនាញ​បាល់ទាត់ និង​ថ្នាក់​ដឹកនាំ​ជា​ច្រើន​​មក​ពី​សហព័ន្ធ​​​​កម្រិត​តំបន់ និង​ពិភព​លោក ព្រម​ទាំង​តំណាង​ក្លិប​ជា​ច្រើន៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top