អស្ចារ្យ! Sabalenka ការពារតំណែងជើងឯក US Open បានសម្រេច ក្រោយផ្តួលគូប្រជែងម្ចាស់ផ្ទះអាមេរិក

កីឡាការិនីវាយកូនបាល់ទោលឈរនៅលំដាប់លេខ១ ពិភពលោក Aryna Sabalenka បានក្លាយជានារីដំបូងគេ ដែលអាចការពារតំណែងជើងឯក US Open បានសម្រេចគិតចាប់តាំងពី Serena Williams ធ្លាប់ធ្វើបានកាលឆ្នាំ២០១៤។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

US Open 2025 គឺជាពានក្នុងក្របខណ្ឌធំ Grand Slam លើកដំបូង ដែលកីឡាការិនីសញ្ជាតិប៊ែលឡារុសខាងលើដណ្តើមបានក្នុងឆ្នាំនេះ ក្រោយយកឈ្នះគូប្រជែងម្ចាស់ផ្ទះអាមេរិក Amanda Anisimova ដោយលទ្ធផល ៦-៣ ៧-៦ (៧-៣) នៅវគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា។

ចំណែកឯគូប្រជែងឈរនៅលំដាប់លេខ៨ ពិភពលោក Anisimova បានស្រក់ទឹកភ្នែក ដ្បិតនៅតែមិនអាចឈ្នះពានក្នុងកម្រិត Grand Slam ដែលបានឈានមកដល់ផ្តាច់ព្រ័ត្រជាថ្មីម្តងទៀត គិតចាប់តាំងចាញ់កីឡាការិនីលេខ២ Iga Swiatek ៦-០ និង ៦-០ កាលផ្តាច់ព្រ័ត្រ Wimbledon នាអំឡុងខែកក្កដា។

តាមរយៈជ័យជម្នះដ៏គាប់ប្រសើរនៅវគ្គផ្តាច់ព្រ័ត្រនេះដែរ Sabalenka ប្រៀបដូចជាសារដែលបានឆ្លើយតបទៅនឹងមតិរិះគន់ ដោយបានបង្ហាញទម្រង់លេងដ៏ល្អបំផុតមួយ ដើម្បីឈានទៅគ្រងតំណែងជើងឯកនៅ Grand Slam ជាលើកទី៤ វិញ្ញាសាវាយទោល ផ្នែកនារី៕

ប្រភព៖ FRESH NEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top