កីឡាករប្រដាល់សកលទម្ងន់ធ្ងន់ Fabio Wardley និង Joseph Parker ត្រូវបានផ្គូផ្គងឱ្យជួបគ្នាជាលើកដំបូងនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅឯសង្វៀន London’s O2 Arena ស្ថិតក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
Wardley វ័យ ៣០ឆ្នាំ គឺជាជើងខ្លាំងរបស់អង់គ្លេស ដែលកំពុងកាន់កាប់ខ្សែក្រវាត់ WBA បណ្តោះអាសន្ន ជាមួយនឹងកំណត់ត្រាប្រកួត ១៩លើកឈ្នះទាំងអស់ ក្នុងនោះដែរធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន ១៨លើកទៀតផង។
បើក្រឡេកទៅមើលគូប្រជែងសញ្ជាតិណូវែលហ្សេឡង់ វ័យ ៣៣ឆ្នាំ Parker វិញក៏មិនធម្មតាដែរ ដែលធ្លាប់គ្រប់គ្រងខ្សែក្រវាត់ WBO កម្រិតពិភពលោកនៅចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០១៨ ដោយបច្ចុប្បន្នជាម្ចាស់ខ្សែក្រវាត់ WBO បណ្តោះអាសន្នផងដែរ។
ជំនួបរវាងកីឡាករទាំងពីរនេះ ត្រូវបានគេរំពឹងថា នឹងជក់ចិត្តដិតអារម្មណ៍ ក្នុងនាមអ្នកប្រដាល់លំដាប់ជួរមុខ ខណៈអ្នកទទួលបានជ័យជម្នះ ក៏នឹងរំពឹងទទួលបានប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀតផង។
១ប្រកួតចុងក្រោយរបស់កីឡាករដែលបានកើតនៅ Ipswich នៃប្រទេសអង់គ្លេស Wardley គឺបានផ្តួល Justis Huni មិនដល់ទឹកឡើយនាអំឡុងខែមិថុនា ឆ្នាំ២០២៥ គ្រាដែល Parker ប្រកួតឈ្នះ ៦លើកជាប់ៗគ្នាចុងក្រោយ គិតចាប់តាំងពីចាញ់ Joe Joyce នាឆ្នាំ២០២២ មក៕
ប្រភព៖ FRESH NEWS