លោក Christopher Grant អ្នកគ្រប់គ្រងទូទៅក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានចូលរួមជាវាគ្មិតពិសេស នៅក្នុងសន្និសីទកីឡាបាល់ទាត់ពិភពលោក នៅថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីក្រុងហុងកុង ប្រទេសចិន។
តាមការឲ្យដឹងពីក្លិបព្រះខ័នរាជស្វាយរៀង ថា ៖«ជាកិត្តិយសយ៉ាងខ្លាំងដែលអ្នកគ្រប់គ្រងទូទៅរបស់យើងលោក Christopher Grant ត្រូវបានអញ្ជើញជាវាគ្មិនពិសេសនៅក្នុងសន្និសីទ World Football Summit ទីក្រុង Hong Kong 2025»។
«លើវេទិកាលោកបានជជែកពីប្រធានបទ “ការចាប់ផ្ដើមពីកម្រិតសូន្យរហូតដល់កម្រិតពិភពលោក៖ ការអភិវឌ្ឍកីឡាករអាស៊ីនាពេលអនាគតឲ្យស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍកីឡាករអន្តរជាតិ” ដោយបង្ហាញពីអត្ថប្រយោជន៍នៃការវិនិយោគលើការអភិវឌ្ឍកីឡាករហើយជះឥទ្ធិពលដល់យុវជនអាស៊ីជំនាន់ក្រោយ»។
ក្លិបបានបញ្ជាក់ថា ការអញ្ជើញជាវាគ្មិននេះ មិនត្រឹមតែបញ្ជាក់ឲ្យឃើញពីការទទួលស្គាល់នូវសមិទ្ធផលកន្លងទៅរបស់ក្លិបព្រះខ័នរាជស្វាយរៀងប៉ុណ្ណោះទេ ប៉ុន្តែគឺជាប្រវត្តិសាស្ត្រមួយសម្រាប់បាល់ទាត់កម្ពុជា ដែលបានរះឡើងក្នុងវេទិកាអន្តរជាតិជាមួយថ្នាក់ដឹកនាំកំពូលបាល់ទាត់ល្បីៗជុំវិញពិភពលោក។
ក្លិបបានបន្តថា World Football Summit គឺជាស្ថាប័នអន្តរជាតិដ៏លេចធ្លោមួយ ដែលភ្ជាប់ និងជម្រុញឲ្យវិស័យបាល់ទាត់ទូទាំងពិភពលោករីកចម្រើន តាមរយៈព្រឹត្តិការណ៍បណ្ដុំទៅដោយអ្នកជំនាញ ពោរពេញដោយបទពិសោធន៍វិជ្ជាជីវៈ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យបាល់ទាត់។ សូមបញ្ជាក់ថា សន្និសីទកីឡាបាល់ទាត់ពិភពលោក ឆ្នាំ ២០២៥ ដែលរៀបចំនៅទីក្រុងហុងកុងនេះមានអ្នកជំនាញបាល់ទាត់ និងថ្នាក់ដឹកនាំជាច្រើនមកពីសហព័ន្ធកម្រិតតំបន់ និងពិភពលោក ព្រមទាំងតំណាងក្លិបជាច្រើន៕
ប្រភព៖ KAMPUCHEATHMEY