ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe កាន់តែខិតជិតនឹងបំបែកកំណត់ត្រារបស់ Olivier Giroud ដើម្បីក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេបំផុតសម្រាប់ ក្រុមបាល់ទាត់ជម្រើសជាតិ បារាំង បន្ទាប់ពីថ្មីៗនេះ រូបគេរកបានគ្រាប់ទី ៥១ តាមស្មើគ្រាប់បាល់របស់លោក Thierry Henry ដែលឈរលេខរៀងទី ២។
កាលពីថ្ងៃ សៅរិ៍ ទី ៦ ខែ កញ្ញា ឆ្នាំ ២០២៥ ប្រធានក្រុមវ័យ ២៦ ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ១ គ្រាប់ រួមចំណែកជួយឱ្យក្រុមជម្រើសជាតិ បារាំង យកឈ្នះលើក្រុមជម្រើសជាតិ អ៊ុយក្រែន ក្នុងលទ្ធផល ២ ទល់នឹង ០ ក្នុងវគ្គជម្រុះព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup ឆ្នាំ ២០២៦ ប្រចាំតំបន់ អឺរ៉ុប។
តាមរយៈគ្រាប់បាល់មួយគ្រាប់នេះ បានធ្វើឱ្យ Mbappe រកបានគ្រាប់ទី ៥១ នៅក្នុងអាជីពរបស់ខ្លួនជាមួយក្រុមជម្រើសជាតិ បារាំង ដែលស្មើគ្នាជាមួយវីរបុរសលោក Henry ។ យ៉ាងណា Mbappe ត្រូវការត្រឹមតែ ៧ គ្រាប់ទៀតប៉ុណ្ណោះ ដើម្បីបំបែកកំណត់ត្រារបស់រៀមច្បង Olivier Giroud ដែលមាន ៥៧ គ្រាប់ ក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេបំផុតឱ្យក្រុមរហស្សនាមមាន់គក។
ជឿជាក់ ថា កំណត់ត្រានេះ Mbappe នឹងអាចបំបែកបានឆាប់ៗ ពីព្រោះ Giroud បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិ បារាំងហើយ។ ចំណែកកីឡាករក្រុមមាន់គកបារាំង ក៏គ្មានកីឡាករណាមានគ្រាប់បាល់ប្រកៀកប្រកិតនឹងរូបគេដែរ៕
ប្រភព៖ KAMPUCHEATHMEY