អ្នកគាំទ្រវិស័យបាល់ទះមួយចំនួនប្រហែលមិនសូវចាប់អារម្មណ៍នៃការលោតធ្វើរនាំង ឬហៅថាលោតបាំងក្នុងការប្រកួតផ្លូវការរបស់ក្រុមជម្រើសជាតិ ឬវិសាខា នោះឡើយ ប៉ុន្តែក្នុងវិស័យកីឡាមួយនេះទាំងកីឡាករផ្ទាល់ រួមនិងអេដមីន ដែលតាមដានជាប់ជាមួយបាល់ទះគឺតែងតែសរសើរមិនដាច់ពីថា ផុល រតនៈ និង មួន និមល បាំងធំណាស់។
កីឡាករបាល់ទះអាជីពដូចគ្នា និងធ្លាប់ជួបប្រកួតជាមួយ វិសាខា គឺតែងតែសរសើរថាកីឡាករ ផុល រតនៈ និង មួន និមល ពីរនាក់នេះចាប់បាំងច្បាស់ណាស់ ពោលក្នុងមួយសិតៗប្រសិនបើពួកគេលោតបាំងជាមួយគ្នាគឺជាប់មិនតិចគ្រាប់នោះឡើយ។ ដោយសារតែបទពិសោធយ៉ាងច្រើនទាំងក្នុងស្រុក ក្រៅស្រុក រួមទាំងការហ្វឹកហាត់បានល្អ កាយសម្បទាខ្ពស់ លោតបានខ្ពស់ ទើបធ្វើឲ្យកីឡាករទាំងពីររូបនេះលោតបាំងបានល្អរហូតមានមិត្តរួមអាជីពសរសើរមិនដាច់ពីមាត់នោះឡើយ។
ចំពោះអេដមីនដែលតាមដានជាប់ជាមួយវិស័យបាល់ទះផ្លូវការកន្លងទៅដឹងច្បាស់ និងសរសើរថាកីឡាករវិសាខា ឬជ្រើសជាតិរបស់កម្ពុជាទាំងពីរនាក់ខាងលើល្បីខាងលោតធ្វើរនាំងបានល្អមែន។ កីឡាករមួយចំនួនពិបាកក្នុងការវាយឲ្យផុតរនាំងរបស់ទាំងពីរនាក់នេះណាស់នាពេលកន្លងមកមិនថាកីឡាករកម្ពុជា ឬបរទេសដែលធ្លាប់ជួប។
បញ្ជាក់ដែរថា កីឡាករ ផុល រតនៈ និង មួន និមល ជាសមាជិករបស់ក្រុមបាល់ទះវិសាខា និងជាកីឡាករជម្រើសជាតិកម្ពុជា។ អ្នកទាំងពីរគឺលេងក្នុងតួនាទីបាល់ដេញ (Middle Blocker) ដូចគ្នា។ រតនៈ បច្ចុប្បន្នមានកម្ពស់ 1.88 Cm និង មួន និមល បច្ចុប្បន្នមានកម្ពស់ 1.94 Cm៕
ប្រភព៖ KAMPUCHEATHMEY