ស្ងាត់ៗ អ្នកចាំទី Onana យល់​ព្រម ផ្លាស់ទៅក្លិបមួយក្នុងលីគ តួកគី

អ្នកចាំទី Andre Onana បានព្រមព្រៀងចាកចេញពី Manchester United ផ្លាស់ទៅកាន់ក្លិប Trabzonspor នៃលីគកំពូល តួកគី ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវកាលនេះ។

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Onana បានឆ្លើយយល់ព្រមហើយ បន្ទាប់ពី Man United សម្រេចផ្ទេររូបគេទៅកាន់ក្លិប Trabzonspor ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងរដូវក្តៅនេះ។

កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើង ដោយមិនមានជម្រើសទិញផ្តាច់ឡើយ។ ដូច្នេះ នៅរដូវកាលក្រោយ ២០២៦-២០២៧ អ្នកចាំទីសញ្ជាតិ កាមេរូន វ័យ ២៩ ឆ្នាំ នឹងត្រឡប់មកកាន់ទឹកដី Old Trafford វិញ។

គួរឱ្យដឹងថា Onana ចុះកិច្ចសន្យាយកបានពី Inter Milan កាលពីរដូវក្តៅឆ្នាំ ២០២៣ ក្នុងតម្លៃ ៦៥ លានដុល្លារអាមេរិក។ ទោះបីជាយ៉ាងណា ការមកដល់ទឹកដី Old Trafford របស់អ្នកចាំទីរូបនេះ ហាក់មិនទទួលបានផ្លែផ្កាល្អគួរជាទីគាប់ប្រសើរ ដូចកាលរូបគេនៅ Ajax និង Inter Milan នោះទេ។ ជារឿយៗ រូបគេតែងតែបង្ករកំហុសធ្វើឱ្យរបូតគ្រាប់បាល់ ហើយនាមួយរយៈចុងក្រោយនេះ រូបគេក៏ត្រូវបានអ្នកគាំទ្ររិះគន់ច្រើននៅលើបណ្តាញសង្គមផងដែរ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top