NOCC ចាប់ផ្ដើមពង្រឹងចំណេះជំនាញ ក្រៅពីអាជីពកីឡា ដល់កីឡាករ-កីឡាការិនី

(ភ្នំពេញ)៖ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់របស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចាប់ផ្ដើមគិតគូរ និងពង្រឹងចំណេះជំនាញបន្ថែម ក្រៅពីអាជីពកីឡា ដល់កីឡាករ-កីឡាការិនី ដើម្បីងាយស្រួលចេញបំពេញការងារផ្សេងៗក្នុងសង្គម បន្ទាប់ពីចូលនិវត្តន៍ពីអាជីពកីឡា។

នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ក្នុងពិធីបើកសិក្ខាសាលា ស្ដីពីការពង្រឹងសមត្ថភាពអត្តពលិក នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ។ សិក្ខាសាលានេះ រៀបចំដោយ NOCC ក្រោមគម្រោងសាមគ្គីអូឡាំពិក និងគាំទ្រដោយ Athlete365 របស់គណៈកម្មការអត្តពលិក នៃគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) ដោយមានសិក្ខាកាមជាកីឡាករ-កីឡាការិនីចំនួន ៤៥នាក់ មកពី ៣៦សហព័ន្ធកីឡាជាតិចូលរួម។

សិក្ខាសាលាខាងលើ រៀបចំឡើងក្នុង ក្នុងគោលបំណងផ្ដល់ចំណេះដឹងលើសមត្ថភាពជាមូលដ្ឋាន និងលើកកម្ពស់សមត្ថភាពដល់អត្តពលិកជម្រើសជាតិបច្ចុប្បន្ន និងអតីតអត្តពលិកជម្រើសជាតិ ដើម្បីពង្រឹងសមត្ថភាពបំណិតជីវិត និងជួយអត្តពលិករៀបចំផែនការសម្រាប់អាជីព ទាំងកំឡុងពេលកំពុងប្រកបអាជីពជាកីឡាករ-កីឡាការិនី រហូតដល់ក្រោយបញ្ចប់អាជីពកីឡា ស្របតាមទិសដៅរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាអូឡាំពិកអន្ដរជាតិផងដែរ។

លោក វ៉ាត់ ចំរើន បន្ដថា នេះគឺជាបើកទំព័រថ្មី ឆ្ពោះទៅរកសហមាហរណកម្មគ្រប់ជ្រុងជ្រោយ ដែលថ្នាក់ដឹកនាំ NOCC បានយកចិត្តទុកដាក់ និងជំរុញការខិតខំប្រឹងប្រែង ក្នុងការគិតគូរការងារអាទិភាពដល់កីឡាករ-កីឡាការិនី ចាប់ពីពេលចូលហ្វឹកហាត់អាជីពកីឡាករ រហូតដល់ពេលអនុវត្តអាជីព និងក្រោយបញ្ចប់អាជីព ក្នុងការបណ្ដុះបណ្ដាលចំណេះជំនាញបន្ថែម ក្រៅពីអាជីពកីឡា ដើម្បីធានានៅពេលពួលគេចូលនិវត្តន៍ពីកីឡាករ-កីឡការិនី ពួកគេអាចចេញទៅបំពេញការងារ ឬរស់នៅក្នុងសង្គម ឲ្យស័ក្ខិសមនឹងតម្លៃលះបង់រាប់ឆ្នាំ ដើម្បីកីឡាជាតិ និងកិត្តិយសជាតិ។

ទន្ទឹមនឹងការចាប់ផ្ដើមយុទ្ធនាការពង្រឹងចំណេះជំនាញដល់អត្តពលិកជាតិខាងលើ លោកបានបង្ហើបទៀតថា ក្រសួងអប់រំ យុវជន និងកីឡា ក៏នឹងរៀបចំឲ្យមានច្បាប់ស្ដីពីអប់រំកាយ និងកីឡា មួយ ដែលគិតគូរអំពីជីវភាព ឬអាជីពក្រោយបញ្ចប់ពីកីឡារបស់កីឡាករ-កីឡាការិនី ដោយក្រសួងគ្រោងនឹងកៀគរកីឡាករ-កីឡាការិនីចូលនិវត្តន៍ពីអាជីពប្រចាំឆ្នាំ មកធ្វើការបណ្ដុះបណ្ដាលផងដែរ ។ តាមរយៈការយកចិត្តទុកដាក់ ជួយជ្រោមជ្រែង និងគាំទ្រនេះ លោកសង្ឃឹមថា នឹងជំរុញឲ្យកីឡាករ-កីឡាការិនី ក្លាយទៅធនធានដ៏មានគុណភាពសម្រាប់រស់នៅក្នុងសង្គមក្រោយបញ្ចប់អាជីពនាថ្ងៃអនាគត។

សូមបញ្ជាក់ថា សិក្ខាសាលា ស្ដីពីការពង្រឹងសមត្ថភាពអត្តពលិក លើកទី១ ខាងលើ គឺមានរយៈពេល ២ថ្ងៃ នៅថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលផ្ដោតការសិក្សាលើប្រធានបទសំខាន់ៗចំនួន ២ រួមមាន៖ សមត្ថភាពបំណិនជីវិត និងរបៀបសរសេរ ដោយមានការចូលរួមចែករំលែកបទពិសោធន៍ និងចំណេះពីជំនាញការអន្ដរជាតិ លោក Ren Kai Yip មកពីប្រទេសសិង្ហបុរី និងអ្នកស្រី Francesca Alvarez Altomonte មកពីប្រទេសហ្វីលីពីន ដែលជាគ្រូឧទ្ទេសទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្ដរជាតិទៀតផង៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top