Mbappe ត្រូវការ ៧ គ្រាប់ទៀត នឹងវ៉ា Giroud ក្លាយ​ជាអ្នករកគ្រាប់បាល់ច្រើនបំផុតឱ្យ បារាំង

ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe កាន់តែខិតជិតនឹងបំបែកកំណត់ត្រារបស់ Olivier Giroud ដើម្បីក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេបំផុតសម្រាប់ ក្រុម​បាល់ទាត់​ជម្រើសជាតិ បារាំង បន្ទាប់ពីថ្មីៗនេះ រូបគេរកបានគ្រាប់ទី ៥១ តាមស្មើគ្រាប់បាល់របស់លោក Thierry Henry ដែលឈរ​លេខរៀងទី ២។

កាលពីថ្ងៃ សៅរិ៍ ទី ៦ ខែ កញ្ញា ឆ្នាំ ២០២៥ ប្រធានក្រុមវ័យ ២៦ ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ១ គ្រាប់ រួមចំណែកជួយឱ្យក្រុមជម្រើសជាតិ បារាំង យកឈ្នះលើក្រុមជម្រើសជាតិ អ៊ុយក្រែន ក្នុងលទ្ធផល ២ ទល់នឹង ០ ក្នុងវគ្គជម្រុះព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup ឆ្នាំ ២០២៦ ប្រចាំតំបន់ អឺរ៉ុប។

តាមរយៈគ្រាប់បាល់មួយគ្រាប់នេះ បានធ្វើឱ្យ Mbappe រកបានគ្រាប់ទី ៥១ នៅក្នុងអាជីពរបស់ខ្លួនជាមួយក្រុមជម្រើស​ជាតិ បារាំង ដែលស្មើគ្នាជាមួយវីរបុរសលោក Henry ។ យ៉ាងណា Mbappe ត្រូវការត្រឹមតែ ៧ គ្រាប់ទៀតប៉ុណ្ណោះ ដើម្បីបំបែកកំណត់ត្រារបស់រៀមច្បង Olivier Giroud ដែលមាន ៥៧ គ្រាប់ ក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេបំផុតឱ្យក្រុមរហស្សនាមមាន់គក។

ជឿជាក់ ថា កំណត់ត្រានេះ Mbappe នឹងអាចបំបែកបានឆាប់ៗ ពីព្រោះ Giroud បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិ បារាំងហើយ។ ចំណែកកីឡាករក្រុមមាន់គក​បារាំង ក៏គ្មាន​កីឡាករណាមានគ្រាប់បាល់ប្រកៀកប្រកិតនឹងរូបគេដែរ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top