អ្នកចាំទីវ័យ៣៤ឆ្នាំ ម្នាក់ស្លាប់ក្រោយប្រើទ្រូងសង្គ្រោះបាល់ពិន័យប៉េណាល់ទី

អ្នកចាំទី Antonio Edson dos Santos Sousa វ័យ ៣៤ឆ្នាំ បានគាំងបេះដូង និងស្លាប់ភ្លាមៗ ក្រោយជួយសង្គ្រោះបាល់ពិន័យប៉េណាល់ទី​ អំឡុងការប្រកួតបាល់ទាត់ហ្វូតសាលមួយក្នុងទីក្រុងប៉ារ៉ា ប្រទេសប្រេស៊ីល។

ហេតុការណ៍នេះ កើតឡើងក្នុងក្រុងមួយឈ្មោះថា Augusto Correa កាលពីថ្ងៃទី២​ខែកញ្ញា អំឡុងពេលថ្ងៃប្រារព្ធពិធីបុណ្យឯករាជ្យរបស់ប្រេស៊ីល ដោយអ្នកចាំទីពាក់កណ្តាលអាជីព Sousa បានចូលលេងឱ្យក្រុម Sind Motos ហើយគេបានប្រើទ្រូង ដើម្បីសង្គ្រោះបាល់ពីការស៊ុតមួយទំហឹងជើងរបស់គូប្រកួត ពេលទាត់បាល់ពិន័យប៉េណាល់ទី។

បើតាមវីដេអូផ្សាយផ្ទាល់ការប្រកួត អ្នកចាំទី Sousa បានសង្គ្រោះបាល់ដែលទាត់ចេញនោះ បន្ទាប់មកគេបានអបអរការសង្គ្រោះបាល់នោះជាមួយមិត្តរួមក្រុម តែបន្តិចក្រោយមក គេក៏បានដួលសន្លប់គាំងបេះដូង។ បើតាមការចុះផ្សាយរបស់កាសែត The Sun ទោះមានការសង្គ្រោះបន្ទាន់ និងបញ្ជូនទៅមន្ទីរពេទ្យ តែអ្នកចាំទីវ័យ ៣៤ឆ្នាំ មិនអាចរួចផុតជីវិតបាន។

ក្រោយការស្លាប់របស់ ​Sousa អាជ្ញាក្នុងតំបន់ក៏សម្រេចចិត្តផ្អាកការប្រកួតហ្វូលសាលនោះ នៅថ្ងៃបន្ទាប់ ដើម្បីបង្ហាញការគោរព និងជាការកាន់ទុក្ខ។ យ៉ាងណាការស្លាប់របស់អ្នកចាំទី៣៤ឆ្នាំ មិនត្រូវបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ តែអ្នកជំនាញថាការប៉ះទង្គិចពីកម្លាំងបាល់ចំដើមទ្រូង អាចបង្កការប៉ះពាល់ដល់ដំណើរការចង្វាក់បេះដូង រហូតធ្វើឱ្យគេគាំងបេះដូងភ្លាមៗ។

ក្រោយបាត់បង់ជីវិតអ្នកចាំទី ​Sousa សហព័ន្ធបាល់ទាត់ហ្វូតសាលទីក្រុងប៉ារ៉ា បង្ហោះសាររំលែកទុក្ខក្រុមគ្រួសាររបស់កីឡាករវ័យ ៣៤ឆ្នាំ និងចាត់ទុកជាថ្ងៃសោកសៅបំផុត ចំពោះវិស័យបាល់ទាត់ហ្វូតសាល បានបាត់បង់កីឡាករម្នាក់ដ៏ពូកែ និងមានទេពកោសល្យ។

រំញ័របេះដូងខ្លាំង នៅពេលដើមទ្រូងប៉ះទង្គិចខ្លាំងពីអ្វីមួយ ត្រង់បរិវេណបេះដូង អាចធ្វើឱ្យមានការគាំងបេះដូងឆាប់រហ័ស ទោះបីជាបុគ្គលនោះមានសុខភាពល្អប្រសើរក្តី។​ ជនរងគ្រោះអាចនឹងដួលសន្លប់ភ្លាមៗ និងបាត់បង់ម្ចាស់ការ ហើយបើគ្មានការជួយសង្គ្រោះបឋមទាន់ពេល ឬការប្រើឧបករណ៍សង្គ្រោះគាំងបេះដូងទំនើបទេ ហានិភ័យការស្លាប់ក៏ខ្ពស់ខ្លាំ​ងដែរ។ 

បញ្ហាគាំងបេះដូងនេះ ភាគច្រើនតែឃើញកើតមាននៅលើប្រភេទកីឡា​ដែលប្រើកម្លាំង និងល្បឿនខ្លាំងដូចជា បាល់ទាត់ហ្វូតសាល បាល់ទាត់ វាយកូនបាល់ និងកីឡាហុកគីជាដើម៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top