គ្រូ​អ៊ីរ៉ាក់​ និង​ ប៉ាគីស្ថាន​ អរគុណ​ចំពោះ​កម្ពុជា​ទទួល​បដិសណ្ឋារកិច្ច​ក្រុមយ៉ាង​ល្អ​

គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ប៉ាគីស្ថាន​ និង អ៉ីរ៉ាក់​ បាន​ថ្លែង​អំណរគុណ​ដល់​ម្ចាស់​ផ្ទះ​កម្ពុជា​ សម្រាប់​បដិសណ្ឋារកិច្ច​ដល់​ក្រុម​លោក​បាន​យ៉ាង​ល្អ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការ​ប្រកួត​ជម្រុះ​ AFC Asian Cup 2026​ នៅ​កម្ពុជា​។​

ក្រោយ​ចុង​បញ្ចប់​នៃ​សន្និសីទសារព័ត៌មាន​យប់​មិញ​នេះ​គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទាត់​អ៉ីរ៉ាក់​ លោក​ Emad​ Mohammed​ បាន​ថ្លែង​អំណរគុណ​ដល់ម្ចាស់ផ្ទះ​កម្ពុជា​ដែល​បាន​ទទួល​បដិសណ្ឋារកិច្ច​ក្រុម​លោក​បាន​យ៉ាង​ល្អ​។​ ការ​ទទួល​ស្វាគមន​ និង​អ្នកគាំទ្រ​របស់​កម្ពុជា​ពិ​តជា​ផ្ដល់​ភាព​កក់ក្ដៅដល់​ក្រុម​របស់​លោក​ ហើយ​សង្ឃឹម​ថា​ នឹង​បាន​មក​កម្ពុជា​ជា​ថ្មី​ទៀត​នៅ​ការ​ប្រកួត​ក្រោយៗ។​

ចំណែក​ខាង​ក្រុម​ប៉ាគីស្ថាន ​វិញ​ក៏​បាន​ឆ្លើយតប​ជា​មួយ​សំនួរ​របស់​ កម្ពុជា​ថ្មី​ តើ​អ្នក​យល់​យ៉ាង​ណា​ចំពោះ​ការ​រៀបចំការ​ប្រកួត​​របស់​ប្រទេស​កម្ពុជា​ប៉ុន្មាន​ថ្ងៃ​នេះ? ពួកគេ​ឆ្លើយ​យ៉ាង​រីករាយ​ថា​ ម្ចាស់​ផ្ទះ​កម្ពុជា​គឺ​ពិត​ជា​រៀបចំ​បានល្អ​។ ពិសេស​នោះ​គឺ​បដិសណ្ឋារកិច្ច​ដល់​ក្រុម​ភ្ញៀវ​មិន​មាន​ចោទ​ជា​បញ្ហា​អ្វី​នោះ​ទេ។​ ទាំង​ការ​ទទួល​ចេញ​ពី​ព្រលាន​យន្តហោះ​ និង​ការ​ស្នាក់​នៅ​សណ្ឋាគារ​គឺ​កម្ពុជា​ធ្វើ​បាន​ល្អ។​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជម្រុះ​ចុងក្រោយ​ក្នុង​ពូល​ G នៃ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ប្រកួត​ពាន​រង្វាន់​ AFC Asian Cup 2026 កន្លង​ទៅ​នេះ​គឺ​កម្ពុជា​ជា​​ម្ចាស់​ផ្ទះ​ទទួល​ស្វាគមន​ប្រទេស​ទាំង ​៣​មក​ប្រកួត​រួម​មាន​ ប៉ាគីស្ថាន​ អ៉ីរ៉ាក់​ និង​អូម៉ង់។​ ការ​ប្រកួត​ជា​ផ្លូវ​ការ​ចាប់​ពីថ្ងៃ​ទី៣​ ខែ​កញ្ញា​ ២០២៥​ បាន​បិទ​បញ្ចប់​ហើយ​កាល​ពីយប់​ថ្ងៃ​ទី៩​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ក្រោយ​ក្រុម​នីមួយៗ​ប្រកួត​បាន​ ៣ប្រកួត​រួច​មក​៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top