ខំ​ត្រៀម​ខ្លួន​ជាង​មួយ​ឆ្នាំ ចុងក្រោយ​ ក្រុម​បាល់ទះ​យុវជន​កម្ពុជា មិន​បាន​ទៅ​ប្រកួត​កីឡា​យុវជន​អាស៊ី

វិញ្ញាសា​កីឡា​បាល់ទាត់​ផ្នែក​បុរសអាយុ ១៨ ឆ្នាំ ទាំង​បុរស និង U18 ត្រូវ​បាន​ចាប់​ឆ្នោត​​ជ្រើស​រើស​ពូល​រួច​រាល់​ហើយ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​​យុវជន​ទ្វីប​អាស៊ី (Asian Youth Games) លើកទី​៣ ឆ្នាំ ២០២៥ នៅ​ប្រទេស​បារ៉ែន ប៉ុន្តែ​មិន​មាន​​​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​​យុវជន​កម្ពុជា​ឡើយ។

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ធ្លាប់បានឲ្យដឹងក្នុងបទសម្ភាសកន្លងមកថា សហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រមូលផ្តុំក្រុមបាល់ទះកម្ពុជាអាយុក្រោម ១៨ ឆ្នាំ ហ្វឹកហាត់ត្រៀមខ្លួនប្រមាណ ១ ឆ្នាំមកហើយ ដើម្បីទៅចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ ២០២៥ នៅប្រទេសបារ៉ែន។

ទោះបីជាយ៉ាងណា កាលពីថ្ងៃទី៨ ខែកញ្ញា ការចាប់ឆ្នោតជ្រើសរើសពូល លើវិញ្ញាសាបាល់ទះបុរស មានចំនួន ១២ ប្រទេសប៉ុណ្ណោះគឺពូល A មាន បារ៉ែន (ម្ចាស់ផ្ទះ) ប៉ាគីស្ថាន ម៉ុងហ្គោលី, ពូល B មាន អ៉ីរ៉ង់ ចិន កាតា, ពូល C មាន កាហ្សាស្ថាន អារ៉ាប៊ីសាអ៊ូឌីត និង ពូល D មាន ឆាយនីសតៃប៉ិ ថៃ និង ឥណ្ឌូណេស៊ី។

សារព័ត៌មាន​កម្ពុជា​ថ្មី បាន​សាក​សួរ​រឿង​នេះ​ទៅ​លោក អាំង សិរីពិសិដ្ឋ ជុំ​វិញ​រឿង​នេះ​ដោយ​លោក​បាន​លើក​ឡើង​ថា គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​បាន​កំណត់​ត្រឹម​តែ ១២ ក្រុម ហើយ​លោកក៏​យល់​មិន​ច្បាស់​ដែរ​ថា​តើ​ ហេតុ​អ្វី​​បាន​ជា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែល​រៀបចំ​ដាក់ឈ្មោះ​ទៅ ប៉ុន្តែ​បែរ​ជា​​មិន​អាច​ជាប់​​ក្នុង​បញ្ជី​ចុង​ក្រោយ​ជា​មួយ​គេ។

លោក​បញ្ជាក់​ថា ៖«យើង​ពិត​ជា​សោក​ស្តាយ​ណាស់ ដែល​មិន​បាន​ចូល​រួម ពី​ព្រោះ​​យើង​ត្រៀម​ខ្លួន​ជាង​មួយ​ឆ្នាំ​ហើយ»។

ការ​ចូល​រួម​លើក​នេះ​ពិត​ជា​ចាំ​បាច់​ណាស់ ពី​ព្រោះ ​កម្ពុជា ត្រូវ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី លើក​ទី​៤ នៅ​ឆ្នាំ ២០២៩។ នៅ​ក្នុង​ព្រឹត្តិការណ៍ ​ឆ្នាំ ២០២៥​នេះ កម្ពុជា ទទួល​ទង់​កីឡា​យុវជន​អាស៊ី ដើម្បី​មក​រៀបចំ​ការ​ប្រកួត​នៅ​កម្ពុជា។

ការ​ចូល​រួម​ប្រកួត​សម្រាប់​ប្រភេទ​កីឡា​ផ្សេង​ៗ គឺពិត​ជា​សំខាន់​ណាស់ ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ក្រុម​យុវជន​បាល់​យល់​ពី​សមត្ថភាព​របស់​ក្រុម​យុវជន​នៃ​បណ្តា​ប្រទេស​អាស៊ី​ផ្សេងៗ និង​ដើម្បី​​ត្រៀម​ខ្លួន​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ មុន​ពេល​​ឆ្នាំ ២០២៩ មក​ដល់​៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top