លោក Wayne Rooney វីរបុរសមួយរូបរបស់ Manchester United បានបដិសេធលោក Sir Alex Ferguson ជាគ្រូបង្វឹកល្អបំផុតរបស់ខ្លួន អំឡុងពេលលោកលេងនៅទឹកដី Old Trafford។
Wane Rooney ទទួលបានភាពជោគជ័យខ្លាំង អំឡុងពេលលេងនៅ Man United ក្រោមការដឹកនាំរបស់លោក Alex Ferguson ចន្លោះពីឆ្នាំពី ២០០៤ ដល់ឆ្នាំ ២០១៣។ អំឡុងពេលនោះ រូបគេបានឈ្នះពាន Premier League ចំនួន ៥ លើក, ពាន Champions League ១ លើក និងពានក្នុងស្រុកមួយចំនួនទៀត។
ទោះបីជាយ៉ាងណា Rooney មិនបានជ្រើសរើសយកលោក Alex Ferguson ជាគ្រូបង្វឹក ដែលគាត់ចាត់ទុកល្អបំផុតក្នុងអាជីពរបស់គាត់នៅ Man United ឡើយ។ ផ្ទុយទៅវិញ លោកបានជ្រើសរើសយកគ្រូបង្វឹកសញ្ជាតិ ហូល្លង់ លោក Louis van Gaal ទៅវិញទេ ដែលលោកគិត ថា ជាគ្រូបង្វឹកល្អបំផុតសម្រាប់លោក។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ BBC លោក Rooney បាននិយាយ ថា៖ «គ្រូបង្វឹកល្អបំផុត ដែលខ្ញុំធ្លាប់បានស្ថិតក្រោមការដឹកនាំ នោះគឺលោក Louis van Gaal។ រឿងនេះប្រហែលជាគ្រប់គ្នាឮហើយចម្លែក។ លោក Alex Ferguson បានដឹងច្បាស់ អំពីអ្វីដែលលោកបានកំពុងធ្វើ ហើយវាពិតជាអស្ចារ្យ ចំពោះអ្វី ដែលគាត់បានធ្វើ។ ប៉ុន្តែបើនិយាយអំពីយុទ្ធសាស្ត្រដឹកនាំ នៅពេលខ្ញុំលេងក្រោមការដឹកនាំរបស់លោក Luis van Gaal គឺលោកតែងធ្វើជាផ្លូវនាំមុខសម្រាប់នរណាម្នាក់។ អ្វីដែលខ្ញុំកំពុងនិយាយ គឺយុទ្ធសាស្ត្រ។ លោក Alex Ferguson គឺល្អបំផុតនៅក្នុងចំណោមនោះ ប៉ុន្តែអំពីយុទ្ធសាស្ត្រ លោក Louis van Gaal ពិតជាមិនគួរឱ្យជឿ…»។
គួរឱ្យដឹងថា អំឡុងពេលលេងនៅ Man United លោក Rooney ធ្លាប់បានលេងក្រោមការដឹកនាំរបស់គ្រូបង្វឹកចំនួន ៤ នាក់ ដូចជាលោក Sir Alex Ferguson ពីឆ្នាំ ២០០៤ ដល់ ២០១៣, លោក David Moyes ពីឆ្នាំ ២០១៣ ដល់ ២០១៤, លោក Van Gaal ពីឆ្នាំ ២០១៤ ដល់ ២០១៦ និងចុងក្រោយលោក Jose Mourinho ពីឆ្នាំ ២០១៦ ដល់ ២០១៧៕
ប្រភព៖ KAMPUCHEATHMEY