(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន នឹងធ្លាក់ចេញពីតំណែងលេខ១ នៃតារាងចំណាត់ថ្នាក់ពិភពលោក FIFA World Rankings បន្ទាប់ពីបរាជ័យ ១-០ ក្រោមថ្វីជើងរបស់អេក្វាទ័រ នៃវគ្គជម្រុះ World Cup 2026 ប្រចាំតំបន់អាមេរិកខាងត្បូងនាព្រឹកថ្ងៃទី១០ ខែកញ្ញា។
ពីគេហទំព័រកីឡា msn បានចេញផ្សាយថា ក្រុមគោជល់អេស្ប៉ាញ ម្ចាស់ជើងឯកអឺរ៉ុប UEFA Euro 2020 នឹងឡើងមកឈរនៅចំណាត់ថ្នាក់១ ពិភពលោកវិញ ចំពោះការធ្វើបច្ចុប្បន្នភាពនាពេលដ៏ខ្លីខាងមុខរបស់ FIFA បន្ទាប់ពីអាហ្សង់ទីន បានកាន់កាប់តំណែងកំពូលតារាងនេះអស់ជាង ២ឆ្នាំ។
គួរបញ្ជាក់ផងថា អាហ្សង់ទីន បានរងបរាជ័យ ១ទល់នឹង០ នៅក្នុងផ្ទះរបស់ក្រុមជម្រើសជាតិអេក្វាទ័រ ដោយពុំមានវត្តមានប្រធានក្រុម Lionel Messi ឡើយ នៅថ្ងៃប្រកួតទី១៨ បិទបញ្ចប់ជម្រុះ World Cup ដោយពុំមានប៉ះពាល់ដល់តំណែងកំពូលតារាង ក្នុងចំណោមទាំង ១០ក្រុមរបស់ពួកគេឡើយ។
នៅចាំបានថា ក្រុមពពកសអាហ្សង់ទីន បានឡើងទៅឈរទីកំពូល FIFA Rankings តាំងពីខែមេសា ឆ្នាំ២០២៣ ក្រោយពួកគេឈ្នះជើងឯកពិភពលោក World Cup នៅប្រទេសកាតាឆ្នាំ២០២២ ក្នុងនាមជាជើងឯកពាន Copa America 2021 និងពាន Finalissima 2022។
អតីតជើងឯក World Cup ៣សម័យកាលមួយនេះ ក៏ដណ្តើមពានជើងឯកពានប្រចាំតំបន់អាមេរិកឡាទីន Copa America 2024 និងធ្វើបានល្អថែមទៀតនៃវគ្គជម្រុះ World Cup ជំនាន់ទី២៣ នៅអាមេរិក មិចស៊ិក និងកាណាដា តាមរយៈឈរកំពូលពិន្ទុដាច់តែម្តង៕
ប្រភព៖ FRESHNEWS