អ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយកីឡាឥណ្ឌូណេស៊ីបង្ហាញការខកចិត្តចំពោះក្រុមបាល់ទាត់អាយុក្រោម ២៣ឆ្នាំ ឥណ្ឌូណេស៊ី ដែលធ្លាក់ចេញពីការប្រកួត U23 Asian Cup 2026 ត្រឹមវគ្គជម្រុះ។ ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir ស្នើឱ្យត្រួតពិនិត្យឡើងវិញ ចំពោះបរាជ័យនេះ។
អ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយកីឡាឥណ្ឌូណេស៊ីបង្ហាញការខកចិត្តចំពោះក្រុមបាល់ទាត់អាយុក្រោម ២៣ឆ្នាំ ឥណ្ឌូណេស៊ី ដែលធ្លាក់ចេញពីការប្រកួត U23 Asian Cup 2026 ត្រឹមវគ្គជម្រុះ។ ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir ស្នើឱ្យត្រួតពិនិត្យឡើងវិញ ចំពោះបរាជ័យនេះ។
ស្ថិតនៅកីឡដ្ឋាន Gelora Delta កាលពីថ្ងៃទី៩ កញ្ញា ឥណ្ឌូណេស៊ី ដែលជាម្ចាស់ផ្ទះក្នុងវគ្គជម្រុះពូល J បានចាញ់កូរ៉េខាងត្បូង ១-០ ក្នុងការប្រកួតចុងក្រោយ ធ្វើឱ្យក្រុមរបូតឱកាសឡើងវគ្គបន្តពានរង្វាន់ U23 Asian Cup 2026 នៅអារ៉ាប៊ីសាអូឌីត។ ឥណ្ឌូណេស៊ី ឆ្លងកាត់កាត់ ៣ប្រកួត រកបានត្រឹមតែ ៤ពិន្ទុ ដោយប្រកួតឈ្នះ១ ស្មើ១ និងចាញ់១។ អ្វីដែលខកចិត្តបំផុតនោះគឺឥណ្ឌូណេស៊ីស្មើ ឡាវ។
ទោះនៅមុនប្រកួត ត្រូវបានអ្នកគាំទ្ររំពឹងថាក្រុមនឹងមានសមត្ថភាពគ្រប់គ្រាន់ប្រជែងបានកៅអីឡើងវគ្គបន្ទាប់ ប៉ុន្តែប្រព័ន្ធការពាររអាក់រអួល ចន្លោះខ្វះខាតច្រើន ហើយតំបន់ប្រយុទ្ធពុំសូវជាមុតស្រួច ដែលទាញឥណ្ឌូណេស៊ី ធ្លាក់ពីការប្រកួត។
បរាជ័យ ធ្វើឱ្យអ្នកគាំទ្រឥណ្ឌូណេស៊ី និងជាពិសេសប្រព័ន្ធផ្សព្ធផ្សាយ និយាយនិងចុះផ្សាយរិះគន់ខ្លាំងៗ។ កាសែត CNN ឥណ្ឌូណេស៊ី សរសេររិះគន់ចំៗដូច្នេះថា៖«តាំងពីហៀបប្រជែងបានកៅអីទៅកាន់ព្រឹត្តិការណ៍អូឡាំពិក រហូតធ្លាក់ចេញពីពានរង្វាន់ U23 Asian Cup។»។ អ្នកគាំទ្របាល់ទាត់ឥណ្ឌូណេស៊ី ក៏បានបញ្ចេញទស្សនៈស្រដៀងគ្នាទៅនឹងប្រព័ន្ធផ្សព្វផ្សាយទាំងនោះដែរ អំពីស្ថានភាពឡើងចុះលឿននៃសមត្ថភាពក្រុមបាល់ទាត់របស់ពួកគេ។
នៅការប្រកួតវគ្គចែកពូលនោះឥណ្ឌូណេស៊ី អាចយកឈ្នះម៉ាកាវ ជាក្រុមខ្សោយជាងគេប្រចាំពូល ក្នុងលទ្ធផល ៥-០ ក្រោយមកស្មើឡាវ លទ្ធផល ០-០ និងចាញ់កូរ៉េខាងត្បូងចុងក្រោយ លទ្ធផល ១-០។
គេហទំព័រកីឡា Bola លើកឡើងពីចំណុចខ្វះខាតក្រុមឥណ្ឌូណេស៊ី ថាខ្វះការយកចិត្តទុកដាក់ ការតាំងចិត្ត ប្រព័ន្ធការពារខ្សោយនៅដើមវគ្គ ហើយតំបន់ប្រយុទ្ធគ្មានភាពមុតស្រួច ស៊ុតមិនចំគោលដៅ និងការបង្កើតឱកាសស៊ុតសំដៅទីមានតិចតួចពេក។ ការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិហូឡង់ Gerald Vanenburg ក៏ជួបបរាជ័យផ្ទួនៗ បន្ទាប់ពីក្រុមចាញ់វគ្គផ្តាច់ព្រ័ត្រ U23 ASEAN Championship ក្រោមថ្វីជើងវៀតណាមរួចមក។
ដោយឡែក ទោះមានការរិះគន់ខ្លាំង លោក Thohir ប្រធាន PSSI បាននិយាយលើកទឹកចិត្តក្រុមថា «ចាញ់ដោយមានកិត្តិយស» ដ្បិតក្រុមកីឡាករទាំងអស់បានប្រឹងប្រែងអស់ពីសមត្ថភាព ជាមួយនឹងបទពិសោធន៍ប្រព័ន្ធលេងប្លែកថ្មីជាច្រើន។ យ៉ាងណាមេបាល់ទាត់ឥណ្ឌូណេស៊ី ស្នើឱ្យត្រួតពិនិត្យលើលទ្ធផលក្រុមឡើងវិញ ដើម្បីកែសម្រួលរៀបចំក្រុមឱ្យល្អប្រសើរឡើងវិញ នៅការប្រកួតបន្ទាប់ទៀត។
រំលឹកកាលជំនាន់លោក Shin Tae Yong ដឹកនាំក្រុម បុរសសញ្ជាតិកូរ៉េខាងត្បូងកាលនោះ អាចដឹកនាំក្រុមអាយុក្រោម ២៣ឆ្នាំ ឥណ្ឌូណេស៊ីទទួលបានលេខ ៤ នៅការប្រកួត U23 Asian Cup ឆ្នាំ ២០២៤។ យ៉ាងណាមិញ ក្រោយការចាកចេញរបស់គ្រូបង្វឹករូបនោះ ឥណ្ឌូណេស៊ី ចាប់ផ្តើមធ្លាក់ទម្រង់លេង៕
ប្រភព៖ THMEYTHMEY