ក្រុមកីឡាបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ ត្រូវបានគេព្យាករពីការមានភាគរយខ្ពស់ជាងគេ ក្នុងការឈ្នះជើងឯកពិភពលោក World Cup ឆ្នាំ ២០២៦ ។
ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក លើកទី២៣ នឹងចូលមកដល់នៅខែ មិថុនា ឆ្នាំ ២០២៦ ប៉ុន្តែគិតត្រឹមពេលនេះ មានអ្នកនិយមបាល់ទាត់ជាច្រើន បានព្យាករខ្លះៗទៅហើយ ថា ក្រុមណានឹងអាចមានឱកាសឈ្នះពានបាល់ទាត់ដ៏ធំបំផុតដែលធ្វើឡើងរាល់ ៤ ឆ្នាំម្តង។
យោងតាមការព្យាកររបស់ ONE Football បានបង្ហាញថា ព័រទុយហ្គាល់ មានភាគរយច្រើនជាងគេ គឺរហូតដល់ ៤២%។ ចំណែក អេស្ប៉ាញ មានឱកាស ២០%។ អាហ្សង់ទីន មានឱកាស ១៥%។ បារាំងមានឱកាស ៨%។ ប្រេស៊ីល មានឱកាស ៦%។ អង់គ្លេស មានឱកាស ៥% និងចុងក្រោយ អាល្លឺម៉ង់ មានឱកាស ៤ %។
គួរឱ្យដឹងថា ការប្រកួតបាល់ទាត់ជើងឯកពិភពលោក ឆ្នាំ ២០២៦ ទំនងនឹងក្លាយជាការប្រកួតចុងក្រោយសម្រាប់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ហើយក៏ទំនងជាការប្រកួតចុងក្រោយរបស់ដៃគូប្រកួតប្រជែងគឺកីឡាករ Lionel Messi ផងដែរ។ ការពិត មានអ្នកគាំទ្រនៅទូទាំងពិភពលោកជាច្រើន កំពុងចង់ឃើញប្រធានក្រុមរបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ លើកពាន World Cup ឆ្នាំ ២០២៦ ជាលើកដំបូងនៅក្នុងអាជីពរបស់គាត់ មុនពេលសម្រេចចូលនិវត្តន៍ ពីព្រោះរូបគេមិនទាន់ធ្លាប់ឈ្នះពាននេះទេ៕
ប្រភព៖ KAMPUCHEATHMEY