បឹងកេត ជួប ទ័ព ជា​គូមិន​គួររំលង ក្រៅ​ពី វិសាខា ប៉ះ ព្រះ​ខ័ន​រាជ​ស្វាយរៀង

ការ​ជួប​គ្នា​​របស់​ម្ចាស់​ផ្ទះ​ បឹងកេត ទទួល​ភ្ញៀវ កង​យោធពល​ខេមរភូមិន្ទ ម៉ោង​៦​ល្ងាច ថ្ងៃ​អាទិត្យ ទី​១៤ ខែ​កញ្ញា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក សប្តាហ៍ ទី​៤ លីគ​កំពូល​កម្ពុជា ជាគូគួរ​ឲ្យ​ចាប់​អារម្មណ៍។

គូប្រកួតសប្តាហ៍ទី៤ អ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងចំពោះ វិសាខា ប៉ះ ព្រះខ័នរាជស្វាយរៀង ប៉ុន្តែបើផ្អែកលើទម្រង់លេងនៅដើមរដូវកាលថ្មី ការជួបគ្នារវាង បឹងកេត និង កងយោធពលខេមរភូមិន្ទ គឺរឹតតែគួរឲ្យចាប់អារម្មណ៍ខ្លាំង។

ក្រុមរបស់លោកគ្រូ ភា សុភក្ត្រា មាន ៥ ពិន្ទុ កំពុងស្ថិតលេខ ៣ នៃតារាង បន្ទាប់ពីឈ្នះ វិសាខា ២-១, ស្មើ ណាហ្គាវើលដ៍ ១-១ និងស្មើ ភ្នំពេញក្រោន ១-១ ដោយមិនទាន់ស្គាល់បរាជ័យឡើយ។

ក្រុមកងយោធពលខេមរភូមិន្ទ ត្រូវបានមើលឃើញពីតំបន់ការពារដ៏រឹងមាំដែលដៃគូពិបាកទម្លាយឈានចូលប្រអប់គ្រោះថ្នាក់។ អ្វីដែលពិសេស ពួកគេប្រើក្បាច់ការពារ និងវាយបកដ៏មានប្រសិទ្ធភាពតាមរយៈកីឡាករវ័យក្មេងល្អៗដូចជា ខន ណារ៉ុង និងខ្សែប្រយុទ្ធជប៉ុន។

ដោយ​ឡែក បឹងកេត មាន ៤ ពិន្ទុ ឈរ​លេខ ៤ បន្ទាប់​ពី​ឈ្នះ ឡាយហ្វ ព្រះ​សីហុន ៣-២, ស្មើ ភ្នំពេញ​ក្រោន ០-០ និង ចាញ់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ៣-០។

ក្រុម​របស់​លោក Conor Nestor មាន​កីឡាករ​បរទេស​ល្អ​គួរ​ឲ្យ​កត់​សំគាល់​សម្រាប់​រដូវ​កាល​នេះ ប៉ុន្តែ​ ៣ ប្រកួត​កន្លង​មក ពួក​គេ​នៅ​មិន​ទាន់បង្ហាញ​អ្វីគួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ទេ។ នៅ​តំបន់​ការពារ​ និង​ប្រយុទ្ធ​ត្រូវ​ការ​​​យល់​ចិត្ត​គ្នា​បន្ថែម​ទៀត ខណៈ​តំបន់​បម្រើ​​កណ្តាល​ល្អ ប៉ុន្តែ​ជា​សំណាង​អាក្រក់​ កីឡាករ​អង់គ្លេស Charlie Scott បាន​របួស ត្រូវ​ព្យាបាល​ហោច​ណាស់ ៣ ខែ។

ទោះ​បី​ជា​យ៉ាង​ណា បើ​ប្រៀប​ធៀប​​គ្នាគឺ បឹងកេត សំបូរ​កីឡាករ​មាន​គុណភាព​ល្អ​ជាង ប៉ុន្តែ​ទម្រង់​លេង​​មិនលើស​ខ្វះ​គ្នា​ប៉ុន្មាន​ឡើយ។ ប្រសិន​បើ បឹងកេត ព្យាយាម​សម្រុក​ខ្លាំង​ នោះ​ច្បាស់​ជា​ចន្លោះ​ប្រហោង​សម្រាប់ កង​យោធពល​ខេមរភូមិន្ទ​វាយបក​គ្រោះ​ថ្នាក់​មិន​ខាន។

ជួប​គ្នា ១១ លើក​ចុង​ក្រោយ ទាំង​ក្នុង​លីគ និង​ពាន​សម្តេច​តេជោ បឹងកេត បាន​ឈ្នះ ៦ លើក កង​យោធពលខេមរភូមិន្ទ ឈ្នះ ៣ លើក និង​ស្មើ​គ្នា ២ លើក។ បឹងកេត បានឈ្នះក្នុង​ដី ៣ លើក និង​ក្រៅ​ដី ៣ លើក ខណៈ កង​យោធពល​ខេមរភូមិន្ទ ឈ្នះ ក្នុង​ដី ១ លើក និង​ក្រៅ​ដី ២ លើក។

ជួប​គ្នា​ក្នុង​លីគ​ ៥ លើក​ចុង​ក្រោយ កង​យោធពលខេមរភូមិន្ទ ឈ្នះ ២ លើក បឹងកេត ឈ្នះ ១ លើក និង​ស្មើគ្នា ២ លើក៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top