ការជួបគ្នារបស់ម្ចាស់ផ្ទះ បឹងកេត ទទួលភ្ញៀវ កងយោធពលខេមរភូមិន្ទ ម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សប្តាហ៍ ទី៤ លីគកំពូលកម្ពុជា ជាគូគួរឲ្យចាប់អារម្មណ៍។
គូប្រកួតសប្តាហ៍ទី៤ អ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងចំពោះ វិសាខា ប៉ះ ព្រះខ័នរាជស្វាយរៀង ប៉ុន្តែបើផ្អែកលើទម្រង់លេងនៅដើមរដូវកាលថ្មី ការជួបគ្នារវាង បឹងកេត និង កងយោធពលខេមរភូមិន្ទ គឺរឹតតែគួរឲ្យចាប់អារម្មណ៍ខ្លាំង។
ក្រុមរបស់លោកគ្រូ ភា សុភក្ត្រា មាន ៥ ពិន្ទុ កំពុងស្ថិតលេខ ៣ នៃតារាង បន្ទាប់ពីឈ្នះ វិសាខា ២-១, ស្មើ ណាហ្គាវើលដ៍ ១-១ និងស្មើ ភ្នំពេញក្រោន ១-១ ដោយមិនទាន់ស្គាល់បរាជ័យឡើយ។
ក្រុមកងយោធពលខេមរភូមិន្ទ ត្រូវបានមើលឃើញពីតំបន់ការពារដ៏រឹងមាំដែលដៃគូពិបាកទម្លាយឈានចូលប្រអប់គ្រោះថ្នាក់។ អ្វីដែលពិសេស ពួកគេប្រើក្បាច់ការពារ និងវាយបកដ៏មានប្រសិទ្ធភាពតាមរយៈកីឡាករវ័យក្មេងល្អៗដូចជា ខន ណារ៉ុង និងខ្សែប្រយុទ្ធជប៉ុន។
ដោយឡែក បឹងកេត មាន ៤ ពិន្ទុ ឈរលេខ ៤ បន្ទាប់ពីឈ្នះ ឡាយហ្វ ព្រះសីហុន ៣-២, ស្មើ ភ្នំពេញក្រោន ០-០ និង ចាញ់ ព្រះខ័នរាជស្វាយរៀង ៣-០។
ក្រុមរបស់លោក Conor Nestor មានកីឡាករបរទេសល្អគួរឲ្យកត់សំគាល់សម្រាប់រដូវកាលនេះ ប៉ុន្តែ ៣ ប្រកួតកន្លងមក ពួកគេនៅមិនទាន់បង្ហាញអ្វីគួរឲ្យចាប់អារម្មណ៍ខ្លាំងទេ។ នៅតំបន់ការពារ និងប្រយុទ្ធត្រូវការយល់ចិត្តគ្នាបន្ថែមទៀត ខណៈតំបន់បម្រើកណ្តាលល្អ ប៉ុន្តែជាសំណាងអាក្រក់ កីឡាករអង់គ្លេស Charlie Scott បានរបួស ត្រូវព្យាបាលហោចណាស់ ៣ ខែ។
ទោះបីជាយ៉ាងណា បើប្រៀបធៀបគ្នាគឺ បឹងកេត សំបូរកីឡាករមានគុណភាពល្អជាង ប៉ុន្តែទម្រង់លេងមិនលើសខ្វះគ្នាប៉ុន្មានឡើយ។ ប្រសិនបើ បឹងកេត ព្យាយាមសម្រុកខ្លាំង នោះច្បាស់ជាចន្លោះប្រហោងសម្រាប់ កងយោធពលខេមរភូមិន្ទវាយបកគ្រោះថ្នាក់មិនខាន។
ជួបគ្នា ១១ លើកចុងក្រោយ ទាំងក្នុងលីគ និងពានសម្តេចតេជោ បឹងកេត បានឈ្នះ ៦ លើក កងយោធពលខេមរភូមិន្ទ ឈ្នះ ៣ លើក និងស្មើគ្នា ២ លើក។ បឹងកេត បានឈ្នះក្នុងដី ៣ លើក និងក្រៅដី ៣ លើក ខណៈ កងយោធពលខេមរភូមិន្ទ ឈ្នះ ក្នុងដី ១ លើក និងក្រៅដី ២ លើក។
ជួបគ្នាក្នុងលីគ ៥ លើកចុងក្រោយ កងយោធពលខេមរភូមិន្ទ ឈ្នះ ២ លើក បឹងកេត ឈ្នះ ១ លើក និងស្មើគ្នា ២ លើក៕
ប្រភព៖ KAMPUCHEATHMEY