កីឡាករកូនកាត់ខ្មែរ-អាមេរិក លោក Ryan Teal ថារីករាយណាស់ដែលបានមកប្រកួតក្នុងកម្មវិធី Land Of Peace និងរឹតតែសប្បាយចិត្តបានមកលេងប្រទេសកម្ពុជាជាលើកទី៣ ព្រោះខ្លួនពិតជាស្រឡាញ់ទីនេះខ្លាំង។
កីឡាករ Ryan Teal បានឲ្យដឹងថា ខ្លួនពិតជាស្រឡាញ់កម្ពុជា និងចូលចិត្តញុំសម្លរម្ជូរគ្រឿងរបស់ខ្មែរខ្លាំងណាស់។ ជាថ្មីនេះខ្លួនសប្បាយរីករាយដែលបានមកកាន់ប្រទេសកម្ពុជាជាលើកទី៣ ប្រជាជនខ្មែររស់នៅដោយភាពសប្បាយរីករាយប្រកបដោយស្នាមញញឹម។
អ្នកប្រដាល់ដែលមានឪពុកជាអ្នកខេត្តកំពង់ចាមរូបនេះ រូបគេពិតជាឈឺចាប់នៅពេលឃើញជម្លោះឈ្លានពានមកលើកម្ពុជា។ Ryan Teal ចង់ឲ្យកម្ពុជាបន្តមានសន្តិភាព ប្រជាជនរស់នៅដោយភាពរីករាយរហូតទៅ។
ងាកមកការត្រៀមប្រកួតនេះវិញអ្នកប្រដាល់ខ្មែរ-អាមេរិក រូបនេះបានហ្វឹកហាត់ខ្លាំងត្រៀមខ្លួនរួចរាល់ហើយដែររង់ចាំតែការប្រកួតមកដល់ប៉ុណ្ណោះ។ Ryan Teal សូមឲ្យអ្នកគាំទ្រចូលមកទស្សនាការប្រកួតនៅខេត្តសៀមរាបនេះឲ្យបានច្រើនៗ។
បញ្ជាក់ដែរថា Ryan Teal ជាកីឡាករម្នាក់ក្នុងចំណោមក្រុមកីឡាករអាមេរិក ៥នាក់ដែលមកចូលរួមការប្រកួតមិត្តភាពក្នុងកម្មវិធី Land Of Peace ថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅឯខេត្តសៀមរាប។ អ្នកប្រដាល់ខ្មែរ-អាមេរិក រូបនេះនឹងត្រូវប្រកួតជាមួយកីឡាករ គឹម វាសនា របស់កម្ពុជា។ កុំភ្លេចរង់ចាំទស្សនាការប្រកួតនៅថ្ងៃស្អែកនេះទាំងអស់គ្នា៕
ប្រភព៖ KAMPUCHEATHMEY