(ភ្នំពេញ)៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូជំនាញអាអេរ៉ូប៊ិកកម្រិត១ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១០-១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាលេខ៥ ខេត្តកំពង់ឆ្នាំង ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹកថ្នាក់ជាតិ ឆ្ពោះទៅរកការកំណត់អត្តសញ្ញាណទេពកោសល្យកីឡាករ-កីឡាការិនីវ័យក្មេង សម្រាប់បណ្ដុះបណ្ដាលត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនាថ្ងៃអនាគត។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតលើ Academy Level I, National Development Youth MAG, Training Camp and Talent Identification ដោយសហព័ន្ធបានបញ្ចូលមេរៀនកំណត់អត្តសញ្ញាណទេពកោសល្យកីឡាករវ័យក្មេង និងការបោះជំរំហ្វឹកហាត់ ហើយឆ្នាំនេះ មានសិក្ខាកាមជាគ្រូបង្វឹកចំនួន ២២នាក់ចូលរួម រួមទាំងកីឡាករ-កីឡាការិនីវ័យក្មេងចំនួន ២៥នាក់ ក៏បានចូលរួមបោះជំរំហ្វឹកហាត់ក្នុងវគ្គនេះផងដែរ។
លោកបន្ដថា «សម្រាប់វគ្គនេះ ពួកគាត់(សិក្ខាកាម)ពេញចិត្តខ្លាំង ពិសេសដោយយើងបានដាក់កីឡាករ-កីឡាការិនីចូលរួមបោះជំរំហ្វឹកហាត់រហូតដល់ ២៥នាក់ អ៊ីចឹងពួកគាត់មានភារកិច្ចច្រើន ត្រូវអនុវត្តផ្ទាល់ជាមួយកីឡាករ-កីឡាការិនីទាំងអស់ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីវ័យក្មេងល្អ ដែលមានសមត្ថភាព និងទេពកោសល្យ ត្រៀមចូលរួមការប្រកួតជើងឯកប្រចាំឆ្នាំ២០២៥ ក៏ដូចជាជ្រើសរើសទុកពេលក្រោយទៀត នៅពេលយើងត្រូវការជ្រើសរើសបញ្ចូលក្រុមថ្នាល ឬក្រុមយុវជនបន្ដទៀត»។
«ជារួមវគ្គនេះ ខ្ញុំពិនិត្យឃើញ មានការយកចិត្តទុកដាក់ខ្ពស់ពីលោកគ្រូ-អ្នកគ្រូ ពិសេសកីឡាករ-កីឡាការិនីវ័យក្មេងទាំងអស់ ក៏គាត់ចាប់អារម្មណ៍ ដោយសារមានការពន្យល់ណែនាំពីគ្រូឧទ្ទេសបានច្បាស់លាស់ អំពីអ្វីនៃការកែតម្រូវ ដ្បិតបច្ចុប្បន្នសហព័ន្ធអន្ដរជាតិ ក៏បានធ្វើការកែតម្រូវទៅលើយុវជនកម្រិត១ នេះ មួយចំនួនធំ ហើយនឹងវិញ្ញាសាកាយសម្ព័ន្ធអាទិស្ទិច ក៏មានការកែតម្រូវដែរ ។ ដូច្នេះ នេះគឺជាពេលវេលាដ៏ល្អ ក្នុងការចែករំលែកអ្វីដែលជាចំណេះដឹង តាមរយៈគ្រូឧទ្ទេសទាំងអស់ ដែលបានបទពិសោធន៍ពីអន្ដរជាតិ មកចែករំលែកដល់គ្រូបង្វឹកថ្នាក់ជាតិយើង»។ លោក ណយ ផាណា បន្ថែម។
គួរដឹងថា ក្រោមការយកចិត្តទុកដាក់របស់លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ជារៀងរាល់ឆ្នាំ សហព័ន្ធតែងរៀបចំវគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលាផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស ទាំងមន្ដ្រីបច្ចេកទេស គ្រូបង្វឹក រហូតដល់កីឡាករ-កីឡាការិនី ដែលជំរុញឲ្យប្រភេទកីឡាអូឡាំពិកមួយនេះ មានការអភិវឌ្ឍ និងរីកចម្រើនគួរឲ្យកត់សម្គាល់ រហូតដណ្ដើមបានមេដាយជាបន្ដបន្ទាប់ពីព្រឹត្តិការណ៍អន្ដរជាតិនានា៕
ប្រភព៖ FRESHNEWS