ណាហ្គាវើលដ៍ ត្រូវស្វាគមន៍ អឹម អូ អាយ កំពង់ដេវ៉ា ក្នុងសប្ដាហ៍ទី៤ នៃពានរង្វាន់ Cambodian Premier League នាថ្ងៃទី១៣ កញ្ញា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ វេលាម៉ោង ៦ល្ងាច។ លោក ឃឹម បូរី គ្រូបង្វឹកណាហ្គាវើលដ៍ បញ្ជាក់ថា ក្រុមខ្លួនមានពេលវេលា ២សប្ដាហ៍បន្ថែម ដើម្បីឲ្យកីឡាករបរទេសយល់ពីក្រុម ដោយប្រកួតនេះ ណាហ្គាវើលដ៍ តាំងចិត្តដាច់ខាតត្រូវយក ៣ពិន្ទុឲ្យបាន។ គ្រូបង្វឹករូបនេះ ក៏យល់ឃើញថា អ៊ឹម អូ អាយ កំពង់ដេវ៉ា ជាក្រុមមានយុទ្ធសាស្ដ្រ និងកលល្បិចពិបាកស្មាន ក្នុងការប្រកួត ផងដែរ។
លោក ឃឹម បូរី បានប្រាប់ថា ណាហ្គាវើលដ៍ មានពេល២សប្ដាហ៍ ក្នុងការរៀបចំក្រុម ជាពិសេសការត្រៀមខ្លួនជួបជាមួយ អ៊ឹម អូ អាយ កំពង់ដេវ៉ា នៅថ្ងៃទី១៣ កញ្ញា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។ ចំពោះការរៀបចំក្រុម លោក ឃឹម បុរី បានបញ្ជាក់ថា កីឡាករបរទេស បានយល់ពីក្រុមច្រើនជាមុន។
គ្រូបង្វឹកណាហ្គាវើលដ៍រូបនេះ បាននិយាយថា៖«យើង មានពេល ២សប្ដាហ៍ ដើម្បីរៀបចំក្រុមបន្ថែមទៀតសម្រាប់ការប្រកួតនេះ ជាពិសេសអំឡុងពេល FIFA’s Day។ ខ្ញុំ នៅតែតាមដានក្រុម។ យើង បានរៀបចំល្អប្រសើរមែនទែន។ បន្ទាប់ពីការប្រកួតចុងក្រោយរបស់យើង យើងកាន់តែលម្អិតជាមួយការរៀបចំរបៀបនៃការលេងរបស់យើង។ ឃើញថាក្នុងរយៈពេល ២សប្ដាហ៍ នាអំឡុងពេល FIFA’s Day នេះ កីឡាករគ្រប់រូប ជាពិសេសកីឡាករបរទេស កាន់តែយល់ពីអ្វី ដែលយើងចង់បាន ពីពួកគាត់។»។
ក្នុងការជួបជាមួយ អ៊ឹម អូ អាយ កំពង់ដេវ៉ា លោក ឃឹម បូរី យល់ថាមិនងាយស្រួលឡើយក្នុងការដណ្ដើម ៣ពិន្ទុ ប៉ុន្ដែនៅតែប្ដេជ្ញាយក ៣ពិន្ទុឲ្យបាន។ អ្វី ដែលលោក បូរី យល់ថាពិបាកក្នុងការប្រកួតនោះ គឺយុទ្ធសាស្ដ្រលេងពីខាងក្រោម មកដល់តំបន់ប្រយុទ្ធរបស់គូប្រកួតនេះ។ គ្រូបង្វឹករូបនេះ សរសើរថា ទម្រង់លេងរបស់ អ៊ឹម អូ អាយ ពិបាកប៉ាន់ស្មាន និងបង្កប់ល្បិចច្រើន។
«អ្វី ដែលជាការចាប់អារម្មណ៍មួយទៀត គឺការរៀបចំលេងពីខាងក្រោមរបស់ពួកគាត់ ទោះបីជាគាត់ជួបក្រុមខ្លាំងក៏ដោយ។ ការរៀបចំទាំងកលល្បិច និងយុទ្ធសាស្ដ្រ គឺមានភាពច្បាស់លាស់។ មួយវិញទៀត កីឡាករបរទេសគាត់ មានគុណភាព ដែលយើងត្រូវប្រយ័ត្នប្រយែងសម្រាប់ក្រុមថ្មីផងដែរ។ យើង ត្រូវការ៣ពិន្ទុ ពីព្រោះយើងដឹងហើយ គោលដៅរបស់យើង គឺគ្រប់ការប្រកួតយើង ត្រូវការពិន្ទុ។ អ៊ីចឹង ការប្រកួតនេះ យើងត្រូវតែតាំងចិត្ត ១០០ភាគរយ ត្រូវការក្រាញននាល ក្នុងទីលាន។»។ លោក ឃឹម បូរី បាននិយាយដូច្នេះ។
ក្នុងថ្ងៃជាមួយគ្នានោះ ក្រុមអង្គរថាយហ្គឺរ ត្រូវស្វាគមន៍ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន Akihiro Kato ខេត្តសៀមរាប វេលាម៉ោង ៦ល្ងាច៕
ប្រភព៖ THMEYTHMEY