Ronaldo មានកំណត់ត្រារកបាន ៥០គ្រាប់នៅ Real Madrid លឿនជាង Mbappe

ខ្សែប្រយុទ្ធបារាំង Kylian Mbappe បច្ចុប្បន្នរកបាន ៥០គ្រាប់ហើយ នៅក្នុងក្លិប ​Real Madrid ជា​ក្លិបក្នុងក្តីស្រមៃរបស់គេតាំងពីវ័យកុមារ។ ប៉ុន្តែតើការរកបានគ្រាប់ ៥០គ្រាប់នេះ កីឡាករ​វ័យ ២៦ឆ្នាំ អាចរកបានលឿនជាង ធៀប​នឹងនិមិត្តរូបរបស់គេ កីឡាករ Cristiano Ronaldo ឬទេ?

អំឡុងរដូវកាល ២០២៤-២៥ ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំ បង្ហាញខ្លួនលេងលើទឹកដីអេស្ប៉ាញ​លើកដំបូង តែមិនឈ្នះពានរង្វាន់អ្វីសោះ ជាមួយ Real Madrid ទោះបីគេរកបានគ្រាប់បាល់​ស៊ុតចូលទីច្រើនក៏ដោយ។ រដូវកាលមុន Mbappe រកបាន ៤៤គ្រាប់ រាល់ពានរង្វាន់ដែល Real Madrid មានវត្តមាន ហើយគេក៏ក្លាយជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេ នា​ការបង្ហាញខ្លួនរដូវកាលដំបូង ប្រចាំប្រវត្តិសាស្ត្រក្លិប។

ធៀបទៅនឹង Ronaldo គេរកបានត្រឹមតែ ៣៣គ្រាប់ ប៉ុណ្ណោះ នៅការបង្ហាញខ្លួនលេងរដូវ​កាលដំបូងជាមួយ Real Madrid។ 

ក្រោយចប់រដូវកាល ២០២៤-២៥ ខ្សែប្រយុទ្ធសញ្ជាតិបារាំង ផ្តើមរកឃើញទម្រង់លេងល្អ​ខ្លាំងរបស់គេត្រឡប់មកវិញ ខណៈគេរកបាន ៦គ្រាប់ ដើមរដូវកាលថ្មី។ Mbappe រកបាន ៥គ្រាប់ នៅការប្រកួត ៥លើកចុងក្រោយ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Xabi Alonso ហើយក៏ជាខ្សែប្រយុទ្ធសំខាន់របស់ក្រុម Real Madrid បច្ចុប្បន្ន។

បើតាមស្ថិតិ Mbappe អាចរកបាន ១គ្រាប់ ប្រើពេលវេលា ៧៤,៥នាទី ក្នុងរដូវកាល ២០២​៥​-​២៦នេះ ដែលជាការរកបានគ្រាប់បាល់លឿនជាង Ronaldo អំឡុងពេលគេលេងក្នុង​ប្រ​ទេស​អេស្ប៉ាញ។ ដោយឡែករដូវកាលមុនវិញ ៤៤គ្រាប់ ចំណោម ៦៤ប្រកួត របស់អតីត​កីឡាករ Paris Saint Germain គេប្រើពេលប្រមាណ ១០៣,៨នាទី ដើម្បីរកបាន ១គ្រាប់​ជា​មធ្យម។ 

តែយ៉ាងណា ការរកបានចំនួន ៥០គ្រាប់ របស់ Mbappe ប្រើប្រាស់ការប្រកួតច្រើនជាង ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ ​Cristiano Ronaldo រហូតដល់ទៅ ១០ប្រកួត។ ចំ​ណោម ៥០គ្រាប់នោះ Mbappe ស៊ុតបាល់ ១១ម៉ែត្រ ១០គ្រាប់ និង ១គ្រាប់កើតចេញពីការ​ស៊ុត ​Free Kick។

សម្រាប់ប្រធានក្រុមព័រទុយហ្កាល់វិញ គេប្រើពេលត្រឹមតែ ៥៤ប្រកួត ប៉ុណ្ណោះ ដើម្បីអាច​រកបា​ន ៥០គ្រាប់នៅក្លិប Real Madrid ពោលតិចជាង ១០ប្រកួត ធៀបត្រឡប់ទៅ Mbappe លេង​ចំនួន ៦៤ប្រកួត។ ចំណោម ៥០គ្រាប់របស់ Ronaldo ចំនួន ៩គ្រាប់ កើតចេញពីការ​ស៊ុត​បាល់ ១១ម៉ែត្រ និង៨គ្រាប់ សម្រេចបានដោយការទាត់បាល់ Free Kick។

ស្ថិតក្នុងកំណត់ត្រាដដែលនោះ Ronaldo ក៏ធ្វើបានល្អជាងដោយគេបានបញ្ចូលបាល់​ឱ្យមិត្ត​រួម​ក្រុមសម្រេចទីបាន ទល់ទៅចំនួន ១៤លើក ខណៈ Mbappe ជួយមិត្តរួមក្រុមស៊ុតចូលទី​ត្រឹម​តែ៦លើក​ ប៉ុណ្ណោះក្នុងពេលរកបាន ៥០គ្រាប់នោះ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top