ខ្សែប្រយុទ្ធបារាំង Kylian Mbappe បច្ចុប្បន្នរកបាន ៥០គ្រាប់ហើយ នៅក្នុងក្លិប Real Madrid ជាក្លិបក្នុងក្តីស្រមៃរបស់គេតាំងពីវ័យកុមារ។ ប៉ុន្តែតើការរកបានគ្រាប់ ៥០គ្រាប់នេះ កីឡាករវ័យ ២៦ឆ្នាំ អាចរកបានលឿនជាង ធៀបនឹងនិមិត្តរូបរបស់គេ កីឡាករ Cristiano Ronaldo ឬទេ?
អំឡុងរដូវកាល ២០២៤-២៥ ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំ បង្ហាញខ្លួនលេងលើទឹកដីអេស្ប៉ាញលើកដំបូង តែមិនឈ្នះពានរង្វាន់អ្វីសោះ ជាមួយ Real Madrid ទោះបីគេរកបានគ្រាប់បាល់ស៊ុតចូលទីច្រើនក៏ដោយ។ រដូវកាលមុន Mbappe រកបាន ៤៤គ្រាប់ រាល់ពានរង្វាន់ដែល Real Madrid មានវត្តមាន ហើយគេក៏ក្លាយជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេ នាការបង្ហាញខ្លួនរដូវកាលដំបូង ប្រចាំប្រវត្តិសាស្ត្រក្លិប។
ធៀបទៅនឹង Ronaldo គេរកបានត្រឹមតែ ៣៣គ្រាប់ ប៉ុណ្ណោះ នៅការបង្ហាញខ្លួនលេងរដូវកាលដំបូងជាមួយ Real Madrid។
ក្រោយចប់រដូវកាល ២០២៤-២៥ ខ្សែប្រយុទ្ធសញ្ជាតិបារាំង ផ្តើមរកឃើញទម្រង់លេងល្អខ្លាំងរបស់គេត្រឡប់មកវិញ ខណៈគេរកបាន ៦គ្រាប់ ដើមរដូវកាលថ្មី។ Mbappe រកបាន ៥គ្រាប់ នៅការប្រកួត ៥លើកចុងក្រោយ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Xabi Alonso ហើយក៏ជាខ្សែប្រយុទ្ធសំខាន់របស់ក្រុម Real Madrid បច្ចុប្បន្ន។
បើតាមស្ថិតិ Mbappe អាចរកបាន ១គ្រាប់ ប្រើពេលវេលា ៧៤,៥នាទី ក្នុងរដូវកាល ២០២៥-២៦នេះ ដែលជាការរកបានគ្រាប់បាល់លឿនជាង Ronaldo អំឡុងពេលគេលេងក្នុងប្រទេសអេស្ប៉ាញ។ ដោយឡែករដូវកាលមុនវិញ ៤៤គ្រាប់ ចំណោម ៦៤ប្រកួត របស់អតីតកីឡាករ Paris Saint Germain គេប្រើពេលប្រមាណ ១០៣,៨នាទី ដើម្បីរកបាន ១គ្រាប់ជាមធ្យម។
តែយ៉ាងណា ការរកបានចំនួន ៥០គ្រាប់ របស់ Mbappe ប្រើប្រាស់ការប្រកួតច្រើនជាង ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ Cristiano Ronaldo រហូតដល់ទៅ ១០ប្រកួត។ ចំណោម ៥០គ្រាប់នោះ Mbappe ស៊ុតបាល់ ១១ម៉ែត្រ ១០គ្រាប់ និង ១គ្រាប់កើតចេញពីការស៊ុត Free Kick។
សម្រាប់ប្រធានក្រុមព័រទុយហ្កាល់វិញ គេប្រើពេលត្រឹមតែ ៥៤ប្រកួត ប៉ុណ្ណោះ ដើម្បីអាចរកបាន ៥០គ្រាប់នៅក្លិប Real Madrid ពោលតិចជាង ១០ប្រកួត ធៀបត្រឡប់ទៅ Mbappe លេងចំនួន ៦៤ប្រកួត។ ចំណោម ៥០គ្រាប់របស់ Ronaldo ចំនួន ៩គ្រាប់ កើតចេញពីការស៊ុតបាល់ ១១ម៉ែត្រ និង៨គ្រាប់ សម្រេចបានដោយការទាត់បាល់ Free Kick។
ស្ថិតក្នុងកំណត់ត្រាដដែលនោះ Ronaldo ក៏ធ្វើបានល្អជាងដោយគេបានបញ្ចូលបាល់ឱ្យមិត្តរួមក្រុមសម្រេចទីបាន ទល់ទៅចំនួន ១៤លើក ខណៈ Mbappe ជួយមិត្តរួមក្រុមស៊ុតចូលទីត្រឹមតែ៦លើក ប៉ុណ្ណោះក្នុងពេលរកបាន ៥០គ្រាប់នោះ៕
ប្រភព៖ THMEYTHMEY