កីឡាករបាល់ទាត់លំដាប់ពិភពលោកសព្វថ្ងៃនេះ ត្រូវបានគេចាត់ទុកថា ជាមនុស្សម្នាក់ដ៏អស្ចារ្យ ហើយគេកោតសរសើរចំពោះការខិតខំ ប្រឹងប្រែងខ្លាំងរបស់ពួកគេ នៅក្នុងអាជីព និងជីវិតរស់នៅប្រចាំថ្ងៃ។ កីឡាករលំដាប់ពិភពលោកភាគច្រើន បានក្លាយជានិមិត្តរូបរបស់កុមារៗជាច្រើន ជុំវិញពិភពលោកថែមទៀត។
ទោះយ៉ាងណា មិនមែនកីឡាករបាល់ទាត់លំដាប់ទាំងអស់ សុទ្ធតែត្រូវបានអ្នកគាំទ្រគោរពស្រលាញ់នោះទេ។ កីឡាករខ្លះក៏ត្រូវបានអ្នកគាំទ្រស្អប់ខ្លាំងផងដែរអំឡុងប្រកបអាជីព ព្រោះតែការបង្ហាញអាកប្បកិរិយាមិនសមរម្យរបស់ពួកគេនៅលើទីលាន ឬអាចមកពីពួក បង្កជម្លោះជាមួយកីឡាករដទៃ។
កីឡាករ រងការស្អប់ និងទិតៀន ដោយសារតែគេ ឈ្លោះប្រកែកគ្នាជាមួយកគាំទ្រ គ្រូបង្វឹក ជាដើម។ ចំណែកកីឡាករខ្លះ លេងបាល់ឱ្យភាពក្តៅក្រហាយ តែងបង្កការប៉ះទង្គិចទល់កីឡាករក្រុមដទៃ ឬក៏មានទម្រង់លេងខ្សោយ ធ្វើឱ្យក្រុមចាញ់ ដែលបង្កឱ្យមានការស្អប់ពីសំណាក់អ្នកគាំទ្រក៏មានដែរ។
សកម្មភាពនៅទីលានហ្វឹកហាត់ លើទីលានប្រកួត ដែលមិនល្អសមរម្យ ឬខ្វះការព្យាយាមក្នុងការប្រកួតជាដើម សុទ្ធសឹងតែធ្វើឱ្យអ្នកគាំទ្រមើលឃើញ រិះគន់ និងឆាប់ស្អប់ខ្ពើម លើកីឡាកររូបនោះ។
សកម្មភាពរស់នៅ ក្រៅទីលានក៏ដូចគ្នា។ ពេលកីឡាករណាម្នាក់មានរឿងអាស្រូវមិនល្អកើតឡើង អ្នកគាំទ្រប្រៀបដូចជាប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញចែកចាយឆាប់រហ័សបំផុតមួយ រហូតបង្កការស្អប់លើកីឡាករម្នាក់នោះ ហើយក៏បាត់តំណែង ឬក៏ត្រូវក្លិបបណ្តេញក៏ថាបាន។
ខាងក្រោមនេះ ជាកីឡាករទាំង ១០ ត្រូវបានអ្នកគាំទ្រស្អប់ខ្លាំងប្រចាំប្រវត្តិសាស្ត្របាល់ទាត់បើតាមកំណត់ត្រារបស់ Givemesports៖
១. កីឡាករ El Hadji Diouf លេងនៅ Liverpool, Blackburn Rovers, Rangers
កីឡាកររូបនេះ ត្រូវបានគេមើលឃើញថា ជាកីឡាករអាក្រក់ម្នាក់ ទាំងក្នុង និងក្រៅទីលាន។ នោះក៏ដោយសារតែរូបគេ មានអាកប្បកិរិយាមិនសមរម្យឡើយ ជួនកាលស្តោះទឹកមាត់ លើមិត្តរួមក្រុម អ្នកគាំទ្រ រើសអើងមិត្តរួមក្រុម មិនដែលគោរពនរណាម្នាក់ឡើយ។
២. Luis Suarez លេងនៅ Liverpool និង Barcelona
Suarez ជាខ្សែប្រយុទ្ធកំពូលមួយរូបត្រូវបានគេទទួលស្គាល់ ពីសមត្ថភាពដ៏ខ្លាំងរបស់គេក្នុងការរកគ្រាប់បាល់។ តែអាកប្បកិរិយាលើទីលានរបស់គេ ទល់នឹងគូប្រកួតជាពិសេសខ្សែការពារ។ Suarez តែងត្រូវធ្វើទុក្ខមិនចេះចប់មិនចេះហើយឡើយ តាមរយៈការបង្កហិង្សា ឬការនិយាយឌឺដងបង្កជម្លោះជារឿយៗ។ រឿងដែលចាំមិនភ្លេចនោះគឺគេបានខាំខ្សែការពារអ៊ីតាលី Giorgio Chiellini រហូតទទួលបានកាត់ក្រហម បណ្តេញចេញពីការប្រកួត World Cup ឆ្នាំ២០១៤។
៣. Joey Barton លេងឱ្យ Man City, Newcastle United, Queen Park Ranger
Joey Barton គឺជាកីឡាករមួយរូប ដែលលេងបាល់ទាត់ដោយភាពខឹងសម្បារ និងបង្កការប៉ះទង្គិចធ្ងន់ៗ លើគូប្រកួត និងជួនកាល រូបគេបង្កហិង្សាក្នុងទីលានប្រកួតតែម្តង។ ទង្វើនេះ ធ្វើឱ្យគេជាប់ឈ្មោះជាកីឡាករដែល មានការស្អប់ខ្លាំង ពីអ្នកគាំទ្រ។
៤. John Terry លេងឱ្យ Chelsea
លើកលែងតែអ្នកគាំទ្រ Chelsea ប៉ុណ្ណោះដែលមិនស្អប់លើ Terry ប៉ុន្តែមិនប្រាកដថាអ្នកគាំទ្រក្រុមដទៃចូលចិត្តគេឡើយ។ John Terry ជាមនុស្សម្នាក់មានរឿងអាស្រូវច្រើននៅក្រៅទីលានប្រកួត មានអាកប្បកិរិយាក្រអឺតក្រទម នឹងជាមនុស្សចិត្តហ៊ានខ្លាំង ហើយគេក៏ជាកីឡាករម្នាក់ មានការរើសអើងលើគូប្រកួតផងដែរ។
៥. Cristiano Ronaldo លេងឱ្យ Man Utd, Real Madrid, Juventus
កំពូលខ្សែប្រយុទ្ធរូបនេះ មិនប្រាកដថាមានអ្នកគាំទ្រស្រលាញ់គេទាំងអស់នោះដែរ តែជួនកាលគេ ក៏ទទួលបានការស្អប់ពីអ្នកគាំទ្រជុំវិញពិភពលោកដែរ។ ភាពជឿជាក់ជ្រុល ការក្រអឺតក្រទម និងជាមនុស្សអាត្មានិយមលើទីលានប្រកួត ធ្វើឱ្យអ្នកគាំទ្រសម្លឹងឃើញពីភាពអាក្រក់របស់គេច្រើន ហើយជួនកាល អ្នកគាំទ្រខឹងគេខ្លាំងរហូតស្អប់គេ ព្រោះតែគេបានរួមចំណែក ទាញក្រុមឱ្យចាញ់ការប្រកួតធំៗមួយចំនួន ព្រោះតែការលេងដោយកំណាញ់មិនប៉ះបាល់ឱ្យមិត្តរួមក្រុមជាដើម។
៦. Neymar Jr លេងនៅ Barcelona, Paris Saint Germain
ជាកីឡាករមានតម្លៃខ្លួនថ្លៃជាងគេលើពិភពលោក ក្នុងប្រវតិ្តសាស្ត្រផ្ទេរកីឡាករ Neymar ត្រូវបានអ្នកគាំទ្រស្អប់ភាគច្រើន សំដៅលើកាយវិការធ្វើពុធដួលលើទីលាន បង្ហាញការឈឺចាប់ខ្លាំង រមៀលចុះឡើងពេញទីលាន ពេលកីឡាករដទៃប៉ះទង្គិចតិចតួច។ សកម្មភាពរបស់គេទាំងនោះ ត្រូវបានអ្នកគាំទ្រ យកធ្វើគំរូតាមថតជាវីដេអូ ចំអកទៅរូបគេទៀតផង។
៧. Sergio Ramos លេងនៅ Real Madrid, PSG
ជាកីឡាករខ្សែការពារមានចរិកកាចមួយរូប ក្នុងពេលប្រកួត Romos មិនឱ្យដៃគូប្រកួតឆ្លងផុតគេ ដោយងាយៗឡើយ។ បើទោះអាចញាក់បាល់ផុត តែគូប្រកួតរូបនោះ ក៏ត្រូវបានកីឡាករអេស្ប៉ាញស្ទាក់ជាប់ ដោយការទាត់ជើង ឬការប៉ះទង្គិចណាមួយ កើតឡើងផងដែរ។ គេចាំបំផុតនោះ គឺពេល Messi ញាក់បាល់ គេបានទៅទាត់ជើងកីឡាករអាហ្សង់ទីនតែម្តង ហើយគេជាកីឡាករម្នាក់ ដែលអ្នកគាំទ្រស្អប់ខ្លាំង ដោយសារតែចរិតកោងកាចរបស់គេ។
៨. Kevin Muscat លេងឱ្យ Rangers និង Wolves
ជាកីឡាករម្នាក់ ដែលមិនខ្លាចនឹងធ្វើឱ្យកីឡាករដទៃរបួសឡើយ នៅពេលបានទៅដណ្តើមបាល់ប៉ះទង្គិចខ្លាំងយ៉ាងណាក៏ដោយ។ ការប្រកួតមួយក្នុងឆ្នាំ២០១១ នៅលីគអូស្ត្រាលី គេបានដណ្តើមបាល់កីឡាករម្នាក់ ដោយឈូសជើងគេរហូតដាក់កជើង ហើយត្រូវបានស្ថាប័នបាល់ទាត់ពិន័យគេ ៨ប្រកួត។
៩. Emmanuel Adebayor
កីឡាកររូបនេះ ត្រូវបានអ្នកគាំទ្រជាច្រើនស្អប់ខ្ពើម ពិសេសនោះអ្នកគាំទ្រ ក្រុម Arsenal តែម្តង។ អំឡុងគេលេងនៅ Manchester City ក្រោយគេស៊ុតបាល់បញ្ចូលទី គេបានរត់ទៅអបអរការស៊ុតនោះ ចំពោះអ្នកគាំទ្រក្រុមកាំភ្លើង ជាអតីតក្លិបរបស់គេ បានលេង និងក្រោយពេលគេផ្ទេរចេញទៅក្លិបគូប្រជែង។ Adebayor ក៏បានស្រែកឌឺដង ចំអកចទៅអ្នកគាំទ្រ Arsenal វិញក្រោយគេចេញពីក្លិបនោះ។
១០. Diego Maradona
លោក Maradona ត្រូវបានមនុស្សជាច្រើនចងចាំថា លោកជាកីឡាករដៃព្រះ ដែលបានយកដៃទះបាល់បញ្ចូលទីគូប្រកួតក្រុមជម្រើសជាតិអង់គ្លេស ដើម្បីនាំក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ១៩៨៦ ហើយជួយក្រុមឈ្នះពានកាលនោះ។ ព្រោះតែរឿងនេះហើយ ឱ្យមនុស្សជាច្រើន ចង់អំពីការកុហកបោកប្រាស់ ប្រើល្បិចរបស់លោក អំឡុងការប្រកួត ហើយធ្វើឱ្យអ្នកគាំទ្រស្អប់ខ្ពើមលោកខ្លាំង៕
ប្រភព៖ THMEYTHMEY