កីឡាករ ១០រូប ដែលអ្នកគាំទ្រស្អប់បំផុតប្រចាំប្រវត្តិសាស្ត្របាល់ទាត់

កីឡាករបាល់ទាត់លំដាប់ពិភពលោកសព្វថ្ងៃនេះ ត្រូវបានគេចាត់ទុកថា  ​ជាមនុស្សម្នាក់​ដ៏​អស្ចារ្យ ហើយគេកោតសរសើរចំពោះការខិតខំ ប្រឹងប្រែងខ្លាំងរបស់ពួកគេ នៅក្នុងអាជីព និង​ជីវិតរស់នៅប្រចាំថ្ងៃ។ កីឡាករលំដាប់ពិភពលោកភាគច្រើន បាន​ក្លាយជានិមិត្តរូបរបស់​កុមារៗជាច្រើន ជុំវិញពិភពលោកថែមទៀត។

ទោះយ៉ាងណា មិនមែនកីឡាករបាល់ទាត់លំដាប់ទាំងអស់ សុទ្ធតែត្រូវបាន​អ្នកគាំ​ទ្រ​គោរព​ស្រលាញ់នោះទេ។ កីឡាករខ្លះ​ក៏ត្រូវបានអ្នកគាំទ្រស្អប់ខ្លាំង​ផងដែរអំឡុង​ប្រកប​អាជីព ព្រោះតែការបង្ហាញអាកប្បកិរិយាមិនសមរម្យរបស់ពួកគេនៅលើទីលាន ឬអាចមកពីពួក ​បង្កជម្លោះជាមួយកីឡាករដទៃ។

កីឡាករ រងការស្អប់ និងទិតៀន ដោយសារតែគេ ឈ្លោះប្រកែកគ្នាជា​មួយ​ក​គាំ​ទ្រ គ្រូបង្វឹក ជាដើម។ ចំណែកកីឡាករខ្លះ លេងបាល់ឱ្យភាពក្តៅក្រហាយ តែងបង្កការប៉ះទង្គិច​ទល់​កី​ឡាករក្រុមដទៃ ឬ​ក៏មានទម្រង់លេងខ្សោយ ធ្វើឱ្យក្រុមចាញ់ ដែលបង្កឱ្យមានការស្អប់​ពី​សំណាក់​​អ្នកគាំទ្រ​ក៏មានដែរ។

​សកម្មភាពនៅទីលានហ្វឹកហាត់ លើទីលានប្រកួត ដែលមិនល្អសមរម្យ ឬខ្វះការព្យាយាម​ក្នុងការប្រកួតជាដើម សុទ្ធសឹងតែធ្វើឱ្យអ្នកគាំទ្រមើលឃើញ រិះគន់ និងឆាប់ស្អប់ខ្ពើម លើ​កីឡាកររូបនោះ។

សកម្មភាពរស់នៅ ក្រៅទីលានក៏ដូចគ្នា។  ពេលកីឡាករណាម្នាក់មានរឿងអាស្រូវ​មិនល្អ​កើតឡើង អ្នកគាំទ្រប្រៀបដូចជាប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញចែកចាយឆាប់រហ័សបំផុត​មួយ រហូតបង្កការស្អប់លើកីឡាករម្នាក់នោះ ហើយក៏បាត់តំណែង ឬក៏ត្រូវក្លិបបណ្តេញ​ក៏ថា​បាន។

ខាងក្រោមនេះ ជាកីឡាករទាំង ១០ ត្រូវបានអ្នកគាំទ្រស្អប់ខ្លាំងប្រចាំប្រវត្តិសាស្ត្របាល់ទាត់​បើ​តាម​កំណត់​ត្រា​របស់ Givemesports៖

១​. កីឡាករ El Hadji Diouf លេងនៅ Liverpool, Blackburn Rovers, Rangers

កីឡាកររូបនេះ ត្រូវបានគេមើលឃើញថា ជាកីឡាករអាក្រក់ម្នាក់ ទាំងក្នុង និងក្រៅទីលាន​។ នោះក៏ដោយសារតែរូបគេ មានអាកប្បកិរិយាមិនសមរម្យឡើយ ជួនកាលស្តោះទឹកមាត់ លើ​មិត្តរួមក្រុម អ្នកគាំទ្រ រើសអើងមិត្តរួមក្រុម មិនដែលគោរពនរណាម្នាក់ឡើយ។

២. Luis Suarez លេងនៅ Liverpool និង Barcelona

Suarez ជាខ្សែប្រយុទ្ធកំពូលមួយរូប​ត្រូវបានគេទទួលស្គាល់ ​ពីសមត្ថភាពដ៏ខ្លាំងរបស់គេ​ក្នុងការរកគ្រាប់បាល់។ តែអាកប្បកិរិយាលើទីលានរបស់គេ ​ទល់នឹងគូប្រកួត​ជាពិសេសខ្សែ​ការពារ។ Suarez តែងត្រូវ​ធ្វើទុក្ខមិនចេះចប់មិនចេះហើយឡើយ តាមរយៈការបង្កហិង្សា ឬ​ការ​និយាយឌឺដងបង្កជម្លោះជារឿយៗ។ រឿងដែលចាំមិនភ្លេចនោះ​គឺគេបានខាំ​​ខ្សែ​ការពារ​អ៊ីតាលី Giorgio Chiellini រហូតទទួលបានកាត់ក្រហម បណ្តេញចេញពីការប្រកួត World Cup ឆ្នាំ២០១៤។

៣. Joey Barton លេងឱ្យ Man City, Newcastle United, Queen Park Ranger

Joey Barton គឺជាកីឡាករមួយរូប ដែលលេងបាល់ទាត់ដោយភាពខឹងសម្បារ និងបង្កការ​ប៉ះទង្គិចធ្ងន់ៗ លើគូប្រកួត និងជួនកាល រូបគេបង្កហិង្សាក្នុងទីលានប្រកួតតែម្តង។ ទង្វើនេះ ធ្វើឱ្យគេជាប់ឈ្មោះជាកីឡាករដែល ​មានការស្អប់ខ្លាំង​ ពីអ្នកគាំទ្រ។

៤. John Terry លេងឱ្យ Chelsea 

លើកលែងតែអ្នកគាំទ្រ Chelsea ប៉ុណ្ណោះដែលមិនស្អប់លើ Terry ប៉ុន្តែមិនប្រាកដថាអ្នកគាំ​ទ្រក្រុមដទៃចូលចិត្តគេឡើយ។ John Terry ជាមនុស្សម្នាក់​មានរឿងអាស្រូវច្រើន​នៅក្រៅ​ទីលានប្រកួត មានអាកប្បកិរិយាក្រអឺតក្រទម នឹងជាមនុស្សចិត្តហ៊ានខ្លាំង​ ហើយគេក៏ជា​កីឡាករម្នាក់ មានការរើសអើងលើគូប្រកួតផងដែរ។

៥. Cristiano Ronaldo លេងឱ្យ Man Utd, Real Madrid, Juventus

កំពូលខ្សែប្រយុទ្ធរូបនេះ មិនប្រាកដថាមានអ្នកគាំទ្រស្រលាញ់គេទាំងអស់នោះដែរ តែជួន​កាលគេ ក៏ទទួលបានការស្អប់ពីអ្នកគាំទ្រជុំវិញពិភពលោក​ដែរ។ ភាពជឿជាក់ជ្រុល ការក្រ​អឺត​ក្រទម និងជាមនុស្សអាត្មានិយមលើទីលានប្រកួត​ ធ្វើឱ្យអ្នកគាំទ្រសម្លឹងឃើញ​ពីភាព​អាក្រក់របស់គេច្រើន ហើយជួនកាល អ្នកគាំទ្រខឹងគេខ្លាំងរហូតស្អប់គេ ព្រោះតែគេបានរួម​ចំណែក ទាញក្រុមឱ្យចាញ់ការប្រកួតធំៗមួយចំនួន ព្រោះតែការលេងដោយកំណាញ់​មិន​ប៉ះបាល់ឱ្យមិត្តរួមក្រុមជាដើម។

៦. Neymar Jr លេងនៅ Barcelona, Paris Saint Germain

ជាកីឡាករមានតម្លៃខ្លួនថ្លៃជាងគេលើពិភពលោក ក្នុងប្រវតិ្តសាស្ត្រផ្ទេរកីឡាករ Neymar ត្រូវ​បានអ្នកគាំទ្រស្អប់ភាគច្រើន សំដៅលើកាយវិការធ្វើពុធដួលលើទីលាន បង្ហាញការឈឺ​ចាប់ខ្លាំង រមៀលចុះឡើងពេញទីលាន ពេលកីឡាករដទៃប៉ះទង្គិចតិចតួច។ សកម្មភាព​របស់​គេទាំងនោះ ត្រូវបានអ្នកគាំទ្រ យកធ្វើគំរូតាមថតជាវីដេអូ ចំអកទៅរូបគេទៀតផង។

៧. Sergio Ramos លេងនៅ Real Madrid, PSG

ជាកីឡាករខ្សែការពារមានចរិកកាចមួយរូប ក្នុងពេលប្រកួត Romos មិនឱ្យដៃគូប្រកួតឆ្លង​ផុត​គេ ដោយងាយៗឡើយ។ បើទោះអាចញាក់បាល់ផុត តែគូប្រកួតរូបនោះ ក៏ត្រូវបាន​កីឡាករអេស្ប៉ាញស្ទាក់ជាប់ ដោយការទាត់ជើង ឬការប៉ះទង្គិចណាមួយ​ ​កើតឡើង​ផង​ដែរ​។ គេចាំបំផុតនោះ គឺពេល Messi ញាក់បាល់ គេបានទៅទាត់ជើងកីឡាករអាហ្សង់ទីន​តែ​ម្តង ហើយគេជាកីឡាករម្នាក់ ដែលអ្នកគាំទ្រស្អប់ខ្លាំង ដោយសារតែចរិត​កោងកាចរបស់​គេ​។

៨. Kevin Muscat លេងឱ្យ Rangers និង Wolves

ជាកីឡាករម្នាក់ ដែលមិនខ្លាចនឹងធ្វើឱ្យកីឡាករដទៃរបួសឡើយ នៅពេលបាន​ទៅដណ្តើម​បាល់​ប៉ះទង្គិចខ្លាំងយ៉ាងណាក៏ដោយ។ ការប្រកួតមួយក្នុងឆ្នាំ២០១១ នៅលីគអូស្ត្រាលី គេ​បាន​ដណ្តើមបាល់កីឡាករម្នាក់ ដោយឈូសជើងគេរហូតដាក់កជើង ហើយត្រូវបានស្ថាប័ន​បាល់ទាត់ពិន័យគេ ៨ប្រកួត។

៩. Emmanuel Adebayor 

កីឡាកររូបនេះ ត្រូវបានអ្នកគាំទ្រជាច្រើនស្អប់ខ្ពើម​ ពិសេសនោះអ្នកគាំទ្រ ក្រុម Arsenal តែ​ម្តង។ អំឡុងគេលេងនៅ Manchester City ក្រោយគេស៊ុតបាល់បញ្ចូលទី គេបានរត់ទៅអប​អរ​ការស៊ុតនោះ ចំពោះអ្នកគាំទ្រក្រុមកាំភ្លើង ជាអតីតក្លិបរបស់គេ បានលេង និងក្រោយ​ពេលគេផ្ទេរចេញទៅក្លិបគូប្រជែង។ Adebayor ក៏បានស្រែកឌឺដង ចំអកចទៅអ្នកគាំទ្រ Arsenal វិញក្រោយគេចេញពីក្លិបនោះ។

១០​. Diego Maradona 

លោក Maradona ត្រូវបានមនុស្សជាច្រើនចងចាំថា លោកជាកីឡាករដៃព្រះ ដែលបាន​យក​ដៃទះបាល់បញ្ចូលទីគូប្រកួតក្រុមជម្រើសជាតិអង់គ្លេស ដើម្បីនាំក្រុមឡើងវគ្គផ្តាច់​ព្រ័ត្រ World Cup ឆ្នាំ ១៩៨៦ ហើយជួយក្រុមឈ្នះពានកាលនោះ។ ព្រោះតែរឿងនេះហើយ ឱ្យមនុស្សជាច្រើន ចង់អំពីការកុហកបោកប្រាស់ ប្រើល្បិចរបស់លោក អំឡុងការប្រកួត ហើយ​ធ្វើឱ្យអ្នកគាំទ្រស្អប់ខ្ពើមលោកខ្លាំង៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top