ក្លិប Man Utd រកបានចំណូលជិត ៩០០លានដុល្លាររដូវកាលមុន ទោះក្រុមមិនជោគជ័យលើទីលាន

ក្លិប Manchester United បានបង្ហាញអំពីរបាយការណ៍ហិរញ្ញវត្ថុខ្លួន ដោយរកបានចំណូល ជិត ៦៦៥លានផោន(៩០០លានដុល្លារ) កាលពីរដូវកាលមុន ២០២៤-២៥ និងជាចំណូល បំបែកកំណត់ត្រាមួយ ប្រចាំប្រវត្តិសាស្ត្រហិរញ្ញវត្ថុក្លិប។ រដូវកាលមុន Man Utd គ្មានកៅអី​ប្រកួតក្នុងពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League ឡើយ ជំនួសដោយការលេង​ក្នុង​ពាន​រង្វាន់​កម្រិតទី២ Europa League។ ចុងបញ្ចប់រដូវកាលមុន ក្រុមរហស្សនាម​បិសាច​ក្រហម​ឈរលេខ ១៥ ជាកំណត់ត្រាអាក្រក់បំផុតរបស់ខ្លួន ក្នុងពេល ៥១ឆ្នាំ។

យ៉ាងណាមិញ ពេលថ្មីៗនេះក្លិបបានបង្ហាញអំពីរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន​បង្កឱ្យមាន​ការ​ភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រក្លិប ព្រោះតែក្លិបរកចំណូលបានច្រើន ទោះគ្មានពានរង្វាន់​ធំៗ​លេង​ក៏ដោយ។

Man Utd រកបានប្រាក់ចំណូលកើនឡើងប្រមាណ ០.៧ភាគរយ ហើយមានតម្លៃសរុប​ប្រ​មាណ ៦៦៥,៥លានផោន (៩០០លានដុល្លារ) នៅចុងបញ្ចប់ឆ្នាំហិរញ្ញវត្ថុរបស់ពួកគេ គិត​ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ Man Utd ក៏បានបន្ថយការខាតបង់ប្រាក់ប្រតិបត្តិការ​ប្រចាំឆ្នាំរបស់ខ្លួន មកនៅត្រឹមតែ ១៨,៤លានផោន (២៤,៨៦លានដុល្លារ) បើធៀបទៅនឹង​រដូវកាល ២០២៣-២៤ ក្លិបខាតបង់ប្រាក់ប្រមាណជាង ៦៩,៣លានផោន (៩៣,៦៤លាន​ដុល្លារ)។

ចំណែកប្រាក់ខាតបង់សរុបទាំងអស់ ក៏បានថយចុះពី ១១៣,២លានផោន​ (១៥២,៩៦លាន​ដុល្លារ) មកនៅត្រឹមតែ ៣៣លានផោន (៤៤,៥៩លានដុល្លារ) ក្រោយពេល លោក Sir Jim Ratcliffe បានចូលមកកែប្រែក្រុមបិសាចក្រហម ក្នុងនាមជាសហម្ចាស់ក្លិប ហើយ​លោក​បាន​កាត់ការងារមិនចាំបាច់ជាច្រើនក្នុងក្លិប ដើម្បីសន្សំប្រាក់ហិរញ្ញវត្ថុក្លិប។

រដូវកាលមុនទៀតសោត Man Utd បានបង់ប្រាក់ជាច្រើន ទៅលើការចាកចេញ​របស់ក្រុម​ការ​ងារ​គ្រូបង្វឹករបស់ លោក Erik ten Hag សញ្ជាតិហូឡង់ ដែលក្លិបសម្រេចចិត្តចែកផ្លូវ​ជា​មួយ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣៦,៦លានផោន (៤៩,៤៦លានដុល្លារ) មុនពេលលោក Ruben Amorim ចូលមកដឹកនាំក្រុមបន្ត។

បើតាមការចុះផ្សាយរបស់កាសែត The Independant ក្លិប ​Man Utd រំពឹងថានឹងរកបាន​ចំណូល​ប្រចាំ​ឆ្នាំ​ចន្លោះពី ៦៤០លានផោន (៨៦៤,៨១លានដុល្លារ) ទៅ ៦៦០លានផោន​(៨៩១,៨៣លានដុល្លារ) បើទោះជាខ្លួនគ្មានកៅអីលេង ក្នុងពានរង្វាន់អឺរ៉ុបក៏ដោយ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top