កីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា ដណ្តើមបានមេដាយសំរឹទ្ធិកីឡាប៉េតង់ពិភពលោក World Pétanque Championships ឆ្នាំ ២០២៥ នៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី។ លើវិញ្ញាសាគូនារីនេះ ថៃ ឈ្នះមេដាយមាស ស្របពេលបារាំងបានមេដាយប្រាក់។
សហព័ន្ធកីឡាបូល និងប៉េតង់កម្ពុជា បានបញ្ជូនអត្តពលិកចំនួន៤រូប ក្នុងនោះនារី២រូប និងប្រតិភូ គ្រូបង្វឹក៦នាក់ផ្សេងទៀតទៅកាន់ការប្រកួតប៉េតង់កម្រិតពិភពលោក ឆ្នាំ ២០២៥ នៅអ៊ីតាលី។ កីឡាករពីររូបរួមមាន សុខ ចាន់មាន ពុធយ៉ុន ច័ន្ទដារ៉ា និងកីឡាការិនីពីររូប មាន អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា។ កីឡាករ-ការិនីទាំង៤រូប បានចូលរួមប្រជែង ៥វិញ្ញាសា ក្នុងនោះ វិញ្ញាសាទោលបុរស, ទោលនារី, គូបុរស, គូនារី និងគូបុរស-នារី។
ឆ្លងកាត់ការប្រកួតរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញា នៅទឹកដីអ៊ីតាលី កីឡាការិនីជម្រើសជាតិកីឡាប៉េតង់កម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធិមួយ។ មេដាយសំរឹទ្ធិនេះ ប្រជែងបានដោយ កីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា លើវិញ្ញាសាគូ ២ទល់២ ស្របពេលថៃឈ្នះមេដាយមាស និង បារាំងទទួលបានមេដាយប្រាក់។
ព្រឹត្តិការណ៍ World Pétanque Championships 2025 ដែលអ៊ីតាលីធ្វើម្ចាស់ផ្ទះ ទទួលស្វាគមន៍ក្រុមពី៤៨ប្រទេសជុំវិញពិភពលោក បានបញ្ចប់នៅថ្ងៃទី២១ ខែកញ្ញា៕
ប្រភព៖ THMEYTHMEY