ការប្រកួតកីឡាបាល់ទះជើងឯកពិភពលោក ឆ្នាំ ២០២៥ បានរកឃើញក្រុមឡើងវគ្គ ៨ ក្រុមចុងក្រោយហើយ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ កាលពីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៥។
ក្រុមបាល់ទះជម្រើសជាតិ អ៉ីរ៉ង ជាក្រុមអាស៊ីតែមួយគត់ដែលបានឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល ហើយពេលនេះ ពួកគេបានឆ្លងផុតវគ្គ ១៦ ក្រុមចុងក្រោយទៀត បន្ទាប់ពីបានយកឈ្នះលើក្រុមជម្រើសជាតិ ស៊ែប៊ី ដោយលទ្ធផល ៣-២ ដើម្បីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ។
តាមសង្កេតមើលតាំងពីវគ្គសន្សំពិន្ទុក្នុងពូល រហូតដល់ វគ្គ ៨ ក្រុមចុងក្រោយឃើញថា អ៉ីរ៉ង់ ហាក់ដូចមានសំណាងក្នុងការជួបដៃគូដែលមានកម្រិតសមត្ថភាពមិនលើសខ្លួនប៉ុន្មានឡើយ។ នៅក្នុងពូល ពួកគេជួប ហ្វីលីពីន អេហ្ស៊ីប និង ទុយនេស៊ី។ នៅវគ្គ ១៦ ក្រុមចុងក្រោយ ពួកគេជួប ស៊ែប៊ី ហើយនៅវគ្គ ៨ក្រុមចុងក្រោយ ជួប ឆែក។ ដូច្នេះ ពួកគេអាចសាងស្ថិតិថ្មីបន្តទៀត ក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តាមរយៈការជួប ឆែក ដែលមានចំណាត់ថ្នាក់ទាបជាងខ្លួន។
គូប្រកួតផ្សេងទៀតនៅវគ្គ ៨ ក្រុមចុងក្រោយ គឺ ប៉ូឡូញ ជួប តួកគី និង អ៊ីតាលី ជួប ប៊ែលហ្ស៊ិក នៅថ្ងៃទី២៤ ខែកញ្ញា។ សម្រាប់ ២ គូនេះ ក្រុមណាឈ្នះ ប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប្រសិនបើ អ៉ីតាលី និង ប៉ូឡូញ ឈ្នះនៅវគ្គ ៨ ក្រុមចុងក្រោយ ពួកគេនឹងជួបគ្នានៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយរវាងក្រុមខ្លាំងទាំងពីរនេះ គឺមាន១ត្រូវធ្លាក់ចេញ ហើយមិនជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រឡើយ។
ចំណែក១គូទៀត គឺ សហរដ្ឋអាមេរិក ប៉ះ ប៊ុលហ្គារី នៅថ្ងៃទី២៥ ខែកញ្ញា។ គូនេះ ក្រុមណា ឈ្នះ នឹងទៅប៉ះក្រុមឈ្នះរវាង អ៉ីរ៉ង់ និង ឆែក នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
គូប្រកួត វគ្គ៨ក្រុមចុងក្រោយ
- ប៉ូឡូញ vs តួកគី (ថ្ងៃទី២៤ កញ្ញា)
- អ៉ីតាលី vs ប៊ែលហ្ស៊ិក (ថ្ងៃទី២៤ កញ្ញា)
- អ៉ីរ៉ង់ vs ឆែក (ថ្ងៃទី២៥ កញ្ញា)
- អាមេរិក vs ប៊ុលហ្គារី (ថ្ងៃទី២៥ កញ្ញា)
ប្រភព៖ KAMPUCHEATHMEY