ក្រុម​អាស៊ី១គត់ អ៉ីរ៉ង់ ហាក់​មាន​ពន្លឺ​វែង​ឆ្ងាយ​​ក្នុង​ការ​ប្រកួត​បាល់ទះ​ ​ជើង​ឯក​ពិភព​លោក

ការ​ប្រកួត​កីឡា​បាល់ទះ​ជើង​ឯក​ពិភព​លោក ឆ្នាំ ២០២៥ បាន​រក​ឃើញ​ក្រុម​ឡើង​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ហើយ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​វគ្គ ១៦ ក្រុម​ចុង​ក្រោយ កាល​ពី​យប់​ថ្ងៃ​ទី២៣ ខែ​កញ្ញា ឆ្នាំ ២០២៥។

ក្រុមបាល់ទះ​ជម្រើស​ជាតិ អ៉ីរ៉ង ជា​ក្រុម​អាស៊ី​តែ​មួយ​គត់​​ដែល​បាន​ឆ្លង​ផុត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ហើយ​​ពេល​នេះ ពួក​គេ​បាន​ឆ្លង​ផុត​វគ្គ ១៦ ក្រុម​ចុងក្រោយ​​ទៀត​ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ ស៊ែប៊ី ដោយលទ្ធផល ៣-២ ដើ​ម្បី​ឡើង​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុង​ក្រោយ។

តាម​សង្កេត​មើល​តាំង​ពី​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល រហូត​ដល់ វគ្គ ៨ ក្រុម​ចុង​ក្រោយ​ឃើញ​ថា អ៉ីរ៉ង់ ហាក់​ដូច​មានសំណាង​ក្នុង​ការ​ជួប​ដៃ​គូ​ដែល​មាន​កម្រិត​សមត្ថភាព​មិន​លើស​ខ្លួន​ប៉ុន្មាន​ឡើយ។ នៅ​ក្នុង​ពូល ពួក​គេ​ជួប ហ្វីលីពីន អេហ្ស៊ីប និង ទុយនេស៊ី។ នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ពួក​គេ​ជួប ស៊ែប៊ី ហើយ​នៅ​វគ្គ ៨​ក្រុម​ចុង​ក្រោយ ​ជួប ឆែក។ ដូច្នេះ​ ពួក​គេ​អាច​សាង​ស្ថិតិ​ថ្មី​បន្ត​ទៀត​ ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ តាម​រយៈ​ការ​ជួប​ ឆែក ដែល​មាន​ចំណាត់​ថ្នាក់​ទាប​ជាង​ខ្លួន។

គូ​ប្រកួត​ផ្សេង​ទៀត​នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ គឺ ប៉ូឡូញ ជួប តួកគី និង អ៊ីតាលី ជួប ប៊ែលហ្ស៊ិក នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា។ សម្រាប់ ២ គូ​នេះ ក្រុម​ណា​ឈ្នះ ប៉ះគ្នា​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ប្រសិន​បើ អ៉ីតាលី និង ប៉ូឡូញ ឈ្នះ​នៅ​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ ពួក​គេ​នឹង​ជួប​គ្នា​នៅ​វគ្គ ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ហើយ​រវាង​ក្រុម​ខ្លាំងទាំង​ពីរ​នេះ​ គឺមាន​១​ត្រូវ​ធ្លាក់​ចេញ ហើយ​មិន​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ឡើយ។

ចំណែក​១​គូ​ទៀត​ គឺ ​សហរដ្ឋ​អាមេរិក ប៉ះ​ ប៊ុលហ្គារី នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា។ គូ​នេះ ក្រុម​ណា​ ឈ្នះ នឹង​ទៅ​ប៉ះ​ក្រុមឈ្នះ​រវាង អ៉ីរ៉ង់ និង ឆែក នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕

គូ​ប្រកួត វគ្គ​៨​ក្រុម​ចុងក្រោយ

  • ប៉ូឡូញ vs តួកគី (ថ្ងៃទី​២៤ កញ្ញា)
  • អ៉ីតាលី vs ប៊ែលហ្ស៊ិក (ថ្ងៃ​ទី​២៤ កញ្ញា)
  • អ៉ីរ៉ង់ vs ឆែក (ថ្ងៃ​ទី​២៥ កញ្ញា)
  • អាមេរិក vs ប៊ុលហ្គារី (ថ្ងៃ​ទី​២៥ កញ្ញា)

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top