ក្រុមបាល់ទាត់របស់វៀតណាម Nam Dinh ត្រូវបើកទ្វារកីឡដ្ឋាន Thien Truong ទទួលក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៧:៣០នាទី យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៥ សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូលពានរង្វាន់ ASEAN Club Championship។
នេះជាការប្រកួតលើកទី១របស់ក្លិបតំណាងវៀតណាម ប៉ុន្តែជាការប្រកួតលើកទី២របស់ ព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់ក្លិបកំពូលអាស៊ាន។ កាលប្រកួតលើកទី១ ក្រុមតំណាងកម្ពុជា បានយកឈ្នះក្រុមរបស់មីយ៉ាន់ម៉ា Shan United ដោយលទ្ធផល ៣-០ នៅទឹកដីប្រទេសមីយ៉ាន់ម៉ា។ បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង កំពុងឈរលើកំពូលតារាងពូល B។
Nam Dinh ជាក្រុមខ្លាំងមួយរបស់ប្រទេសវៀតណាមដោយបានឈ្នះជើងឯកលីគកំពូលវៀតណាមពីររដូវកាលចុងក្រោយជាប់គ្នា គឺ ២០២៣-២៤ និង ២០២៤-២៥ ដែលផ្តល់ឲ្យពួកគេទទួលបានកៅអីលេងពានរង្វាន់ក្លិបអាស៊ីលំដាប់ទី២ AFC Champions League Two និងពានរង្វាន់ក្លិបកំពូលអាស៊ាន ASEAN Club Championship នៅរដូវកាលថ្មី។
ទោះបីជាយ៉ាងណា សម្រាប់ការចាប់ផ្តើមរដូវកាលថ្មី ក្រុម Nam Dinh ធ្វើមិនសូវបានល្អទេ ដោយឆ្លងកាត់ការប្រកួតគ្រប់កម្មវិធីចំនួន ៧ លើក ពួកគេបានឈ្នះ ៣ លើក ស្មើ ១ លើក និងចាញ់ ៣ លើក គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា មុនប៉ះ ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី២៥ ខែកញ្ញា។
ការប្រកួតក្នុងលីគកំពូល វៀតណាម ដើមរដូវកាលនេះចំនួន ៥ លើក ក្រុម ក្រុម Nam Dinh ទើបតែឈ្នះ ២ ប្រកួត ស្មើ ១ ប្រកួត និងចាញ់ ២ ប្រកួត រកបាន ៧ ពិន្ទុ កំពុងឈរចំណាត់ថ្នាក់លេខ ៧ នៃតារាង។ ចំណែក ២ ប្រកួតទៀតគឺ ការប្រកួតពានបើករដូវកាល វៀតណាមស៊ុបភើខាប់ ពួកគេបានចាញ់ក្រុម CAHN ដោយលទ្ធផល ២-៣ និងបានឈ្នះក្រុមរបស់ថៃ Ratchaburi FC ដោយលទ្ធផល ៣-១ ពាន AFC Champions League Two។
ចំណែក ព្រះខ័នរាជស្វាយរៀង ចាប់ផ្តើមរដូវកាលថ្មីដោយមិនទាន់ស្គាល់បរាជ័យឡើយ។ ពួកគេបានឈ្នះ ៥ ប្រកួតជាប់គ្នាក្នុងលីគកំពូលកម្ពុជា ដើម្បីទទួលបាន ១៥ ពិន្ទុ កំពុងឈរលើកំពូលតារាង។ ក្រៅពីនេះ ពួកគេ បានឈ្នះការប្រកួតពានបើករដូវកាល ខេមបូឌានស៊ុបភើខាប់ លើភ្នំពេញក្រោន និងឈ្នះក្រុម Shan United ក្នុងពាន ASEAN Club Championship។
ទោះបីជាយ៉ាងណា Nam Dinh ជាក្រុមដែលមានកីឡាករបរទេសច្រើនគឺរហូតដល់ ១៣នាក់ ប្រៀបធៀបនឹងព្រះខ័នរាជស្វាយរៀងមានកីឡាករបរទេសតែ ៧ នាក់ប៉ុណ្ណោះ៕
ប្រភព៖ KAMPUCHEATHMEY