FIFA Ranking៖ អេស្ប៉ាញត្រឡប់ឈរលេខ១ ពិភពលោកលើកដំបូងចាប់តាំងពីឆ្នាំ ២០១៤

ក្រុមជម្រើសជាតិបុរសអេស្ប៉ាញ ដណ្តើមបានតំណែងលេខ ១ ពិភពលោក លើចំណាត់ថ្នាក់របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA Ranking) ពីដៃអាហ្សង់ទីនម្ចាស់ជើងឯក World Cup 2022 ហើយជាការត្រឡប់មកឈរកំពូលតារាងលើកដំបូង ក្រោយខកខានចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។

នៅវគ្គជម្រុះ World Cup 2026 ទ្វីបអឺរ៉ុប អេស្ប៉ាញឈ្នះការប្រកួតបើកឆាក ២លើក ក្នុងពូល E ក្នុងខែកញ្ញានេះ ដោយពួកគេបានផ្តួលក្រុមតួកគី និងប៊ុលហ្ការី រកបាន ៦ពិន្ទុពេញក្នុងដៃ។ ពិន្ទុទទួលបានពីការប្រកួតដោយស៊ុតចូលទីគូប្រកួតច្រើនៗ បានជួយឱ្យអេស្ប៉ាញឡើងឈរលើកំពូលតារាង FIFA Ranking ខណៈ បច្ចុប្បន្ន អាហ្សង់ទីនធ្លាក់ទៅឈរនៅលេខ ៣។

អាហ្សង់ទីនចាញ់ការប្រកួតវគ្គជម្រុះចុងក្រោយ World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង ក្រោមថ្វីជើងអេក្វាទ័រ ធ្វើឱ្យពួកគេរបូតកៅអីលេង ១ ធ្លាក់ឈរលេខ ៣ ស្របពេលបារាំងម្ចាស់ World Cup 2018 ក៏មានការប្រកួតប្រជែងល្អឈ្នះគូប្រកួត រួចឡើងមកឈរនៅលេខ ២។

អង់គ្លេសឈរលេខ​៤ ប្រកួតឈ្នះជាប់ៗគ្នាក្នុងវគ្គជម្រុះពូល K ចំណែកព័រទុយហ្កាល់ ឡើងមួយលេខ ឈរលេខ​៥ ដោយទម្លាក់ប្រេស៊ីលទៅលេខ ៦ ក្រោយពួកគេប្រកួតចាញ់បូលីវី នៅប្រកួតជម្រុះចុងក្រោយ។
ហូឡង់គ្មានចំណាត់ថ្នាក់ប្រែប្រួលដោយពួកគេឈរនៅលេខ ៧ បែលហ្ស៊ិក នៅលេខ ៨ ក្រូអាស៊ូ លេខ ៩ និងអ៊ីតាលីនៅលេខ ១០។ 

ម៉ារ៉ុកជាក្រុមខ្លាំងពីទ្វីបអាហ្វ្រិកពេលបច្ចុប្បន្ន ឈរនៅចំណាត់ថ្នាក់លេខ ១១ ពិភពលោក ចំណែកជប៉ុនជើងខ្លាំងរបស់អាស៊ី ឈរលេខ ១៩ ខណៈក្រុមទាំង ២ កក់កៅអី World Cup 2026 នៅអាម៉េរិក កាណាដា និងម៉ិកស៊ិក រួចស្រេច។ ប្រទេសម្ចាស់ផ្ទះអាម៉េរិក ឈរលេខ ១៦ ចំណែកម៉ិកស៊ិកវិញ នៅលេខ ១៤ ក្រោយដណ្តើមបានពានរង្វាន់ Gold Cup ចំណែកកាណាដា វិញ នៅលេខ ២៦។

គូសរំលឹកព្រឹត្តិការណ៍ FIFA World Cup 2026 ជាការប្រកួតមានការកែប្រែរូបមន្តប្រកួតបង្កើនចំនួនក្រុមពី ៣២ មកដល់ ៤៨ក្រុម លើកដំបូងក្នុងប្រវត្តិសាស្ររបស់ FIFA។ ការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ស្ថិតក្នុងទីក្រុងវ៉ាស៊ីនតោន៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top