ក្លិបកំពូលទាំង ១០ នៅអឺរ៉ុប មិនដែលឈ្នះពាន UEFA Champions League

ពានរង្វាន់ UEFA Champions League ជាពានកំពូលប្រចាំវិស័យបាល់ទាត់តំបន់អឺរ៉ុប ដោយមានតែក្រុមខ្លាំងៗប៉ុណ្ណោះមកពីប្រទេសនីមួយៗនៃសហភាពអឺរ៉ុប ទើបអាចឈ្នះកៅអីចូលរួមប្រកួតបាន។

ក្លិបខ្លាំងៗ នឹងត្រូវតទល់គ្នាអំឡុងការប្រកួតសន្សំពិន្ទុក្នុងលីគ ដោយការធ្វើដំណើរពី ប្រទេសមួយទៅមួយ ដើម្បីប្រកួតគ្នា រហូតអាចស្វែងរកក្លិបជើងខ្លាំងដាច់គេ ចូលប្រកួត នៅវគ្គផ្តាច់ព្រ័ត្រ។ UEFA Champions League ជាក្របខណ្ឌបាល់ទាត់ និងជាព្រឹត្តិការណ៍ បាល់ទាត់ដ៏ទាក់ទាញបំផុតជារៀងរាល់ឆ្នាំ លើពិភពលោក។ 

​ក្រុមខ្លាំងអាចប្រជែងរហូតក្លាយជើងឯក សុទ្ធសឹងតែឆ្លងកាត់ការប្រកួតឈ្នះជាប់ៗគ្នា​មិន​ងាយចាញ់ការប្រកួត ហើយការលើកពាននឹងធ្វើឱ្យកេរ្តិ៍ឈ្មោះក្លិបនោះល្បីល្បាញ​ខ្លាំង​ឡើង។ ក្រុមដែលបរាជ័យ នឹងក្លាយជាកំណត់ត្រា គួរឱ្យចង់ចាំសម្រាប់ពួកគេ ហើយធ្វើ​ឱ្យ​ក្លិបទាំងនោះ កាន់តែខំប្រឹងប្រែងខ្លាំងថែមទៀត នៅការប្រកួតលើកក្រោយ ពេលក្លិប​ទាំង​នោះមានឱកាសចូលរួម។ 

ពានរង្វាន់ UCL បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ មានឈ្មោះថា European Cup ហើយគិត​មកដល់ឆ្នាំ២០២៥ នេះ មានក្រុមត្រឹមតែ ២៣ប៉ុណ្ណោះ បានធ្លាប់ឈ្នះពានរង្វាន់កំពូលមួយ​នេះ។ Real Madrid ឈ្នះច្រើនជាងគេ ១៥ដង ហើយរដូវកាល ២០២៤-២៥ ក្លិប Paris Saint Germain ទើបប្រជែងឈ្នះពានរង្វាន់នេះលើកដំបូង និងជាក្រុមចុងក្រោយបាន​​ឈ្នះបានរង្វាន់នេះ។

អង់គ្លេសជាប្រទេសមួយ មានកម្រិតការប្រកួតប្រជែងបាល់ទាត់ខ្លាំងជាងគេនៅអឺរ៉ុប ជាពិ​សេស​លីគកំពូល Premier League ប៉ុន្តែមិនមានក្រុមខ្លាំងៗមកពីអង់គ្លេសច្រើន​ឡើយ ដែលឈ្នះ UEFA Champions League ក្រៅពី Nottingham Forest, Chelsea , Liverpool, Man Utd, Man City និង Aston Villa។

មិនខុសពីអង់គ្លេសឡើយ លីគកំពូលៗប្រចាំអឺរ៉ុបដទៃ ក៏មានក្រុមខ្លាំងៗប្រកួតប្រជែងច្រើន ប៉ុន្តែក្រុ​មទាំងនោះមិនធ្លាប់ឈ្នះ UCL ម្តងណាឡើយ ទោះបីក្លិបបានចាយប្រាក់ច្រើនពង្រឹង​កីឡាករ ឬមានទម្រង់លេងខ្លាំងយ៉ាងណាក៏ដោយ។

ខាងក្រោមនេះជាក្រុមខ្លាំងៗមិនធ្លាប់ឈ្នះពានរង្វាន់ UEFA Champions League៖

១. Atletico Madrid ​អេស្ប៉ាញ

ជាក្លិបជើងខ្លាំងមួយប្រចាំអេស្ប៉ាញ នឹងមិនដែលធ្លាក់ឈរលេខក្រោម លេខ ៤ ឡើយ នៅ​ក្រប​ខណ្ឌ La Liga ប៉ុន្តែក្លិបជើងខ្លាំងមួយនេះ មិនធ្លាប់ឈ្នះ UEFA Champions League ម្តងណា​ឡើយ ទោះធ្លាប់ឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រ ៣លើកក៏ដោយក្តី។ រជ្ជកាល​មាស​របស់ Atletico Madrid ចន្លោះឆ្នាំ ២០១៣-២០១៦ ក្រោយមានឱកាសឡើងដល់វគ្គ​ផ្តាច់ព្រ័ត្រ UCL ២លើក រដូវកាល ២០១៣-១៤ និង ២០១៥-១៦ ប៉ុន្តែពួកគេប្រកួតចាញ់​ក្រុមគូ​​ប្រជែង​មកពីទីក្រុងតែមួយ Real Madrid ទាំង ២លើក។ តាំងពីការបរាជ័យទាំង​២លើក​នោះមក ក្រុម​មិនងាយឡើងដល់ផ្តាច់ព្រ័ត្រជាថ្មីឡើយ។ នៅឆ្នាំ ១៩៧៣-៧៤ ជាពេល Atletico Madrid ឡើងវគ្គផ្តាច់ព្រ័ត្រ European Cup លើកដំបូង។
 
២. Arsenal អង់គ្លេស

ក្រុមកាំភ្លើងធំជាក្រុមមានកេរ្តិ៍ឈ្មោះល្បីល្បាញប្រចាំប្រវត្តិសាស្រ្តបាល់ទាត់ ប៉ុន្តែជើងខ្លាំង​អង់​គ្លេសមួយនេះ ជាក្លិបមួយមិនធ្លាប់ឈ្នះ UCL ម្តងឡើយ ទោះធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រ​ក៏ដោយ។​ កាលឆ្នាំ ២០០៥-០៦ ជំនួបផ្តាច់ព្រ័ត្រ UCL ទល់ Barcelona ក្រុមប្រកួតចាញ់ ហើយរបូតពាន ក្នុងឱកាសឡើងវគ្គផ្តាច់ព្រ័ត្រលើកដំបូងរបស់ពួកគេ។ ឆ្នាំ២០០៨-០៩ ក្រុមឡើងដល់ពាក់កណ្តាលផ្តាច់ព្រ័ត្រ ធ្លាក់ក្រោមថ្វីជើង Man Utd និងឆ្នាំ ២០០៧-០៨ ធ្លាក់ត្រឹមវគ្គ ៨ក្រុម ក្រោមថ្វីជើង Liverpool។

៣. Tottenham Hotspur អង់គ្លេស

Spurs ជាក្រុមមួយដែលមិនងាយ​ឈ្នះពានរង្វាន់ញឹកញាប់ឡើយ ទាំងក្នុងស្រុក និង​សូម្បី​តែ​ពាន​អឺរ៉ុប។ Spurs ធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រម្តង និងលើកដំបូងបង្អស់ នៅពានរង្វាន់ UCL កាលពីឆ្នាំ ២០១៨-១៩ កាលនោះចាញ់ក្រោមថ្វីជើង Liverpool មកពីអង់គ្លេសដូចគ្នា។ កាល​ពីឆ្នាំ ១៩៦១-៦២ Spurs ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយចាញ់ Benfica និងឆ្នាំ ២០១០-១១ ធ្លាក់វគ្គ ៨ក្រុម ក្រោមថ្វីជើង Real Madrid។

៤​. AS Roma អ៊ីតាលី

AS Roma កាលពីមុនជាក្រុមខ្លាំងមួយតែងប្រជែងក្នុង UCL ហើយពួកគេមានប្រវត្តិឡើងវគ្គ​ផ្តាច់ព្រ័ត្រ ឆ្នាំ ១៩៨៣-៨៤ លើកដំបូង តែរបូតពានទៅ Liverpool។ ឆ្នាំ ២០១៧-១៨ Roma ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក៏ចាញ់ក្រោមថ្វីជើង Liverpool និងឆ្នាំ ២០០៧-០៨ ធ្លាក់វគ្គ ៨ក្រុម ក្រោមថ្វីជើង Man Utd។

៥. Olympique Lyonnais បារាំង

ជើង​ខ្លាំងប្រចាំបារាំង ធ្លាប់ឡើងត្រឹមតែវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ុណ្ណោះ ពោលនៅឆ្នាំ ២០០៩-១០ ចាញ់ ​Bayern Munich និងប៉ះជើងខ្លាំងអាល្លឺម៉ង់ដដែល អំឡុងឆ្នាំ ២០១៩-២០ វគ្គ ១/២ ផ្តាច់ព្រ័ត្រដូចគ្នា។ កាលពីឆ្នាំ ២០០៥-០៦ Lyon ឡើងដល់វគ្គ ៨ក្រុម លើកដំបូង តែធ្លាក់ដោយសារក្រុម AC Milan។

៦. Bayer Leverkusen អាល្លឺម៉ង់

រដូវកាល ២០២៣-២៤ Leverkusen រះខ្លាំងរហូតឈ្នះពានរង្វាន់លីគកំពូលអាល្លឺម៉ង់ លើក​ដំបូង និងពានរង្វាន់ដទៃផ្សេងទៀត តែក្លិបអាល្លឺម៉ង់មួយនេះ ក៏មិនធ្លាប់ឈ្នះ UCL ដែរ ទោះ​ធ្លាប់​ធ្វើបានល្អឡើងដល់វគ្គផ្តាច់ព្រ័ត្រ។ កាលឆ្នាំ ២០០១-០២ Leverkusen ចាញ់ Real Madrid នៅផ្តាច់ព្រ័ត្រ។ 

៧. Valencia FC អេស្ប៉ាញ

ក្លិប Valencia ធ្លាប់ឡើងផ្តាច់ព្រ័ត្រ UCL ២លើក និង២ឆ្នាំជាប់ៗគ្នា នៅឆ្នាំ ១៩៩៩-២០ និង ២០០០-០១​។ ប៉ុន្តែការឡើងវគ្គផ្តាច់ព្រ័ត្រ ២លើកនោះ ត្រូវបានបរាជ័យក្រោមថ្វីជើងក្រុម Real Madrid និង Bayern Munich។ ឆ្នាំ ២០០៦-០៧ Valencia ឡើងដល់វគ្គ ៨ក្រុម។

៨. Schalke 04 អាល្លឺម៉ង់

ជាក្លិបវ័យចំណាស់មួយប្រចាំអាល្លឺម៉ង់ ​តែក្លិបមួយនេះ មិនធ្លាប់លើកពាន UCL ទោះធ្លាប់​ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឆ្នាំ ២០១០-១១ ក៏ដោយ។​ ឆ្នាំ ២០១៨-១៩ ជាពេលក្រុម Schalke 04 ឡើងបានត្រឹមវគ្គ ១៦ក្រុម តែក្រោយៗមក​ក្រុមនេះកាន់តែធ្លាក់ទម្រង់លេង​ខ្លាំងទៅៗ រហូតបាត់វត្តមានពី UCL។

៩. Galatasaray តួកគី

ជើងខ្លាំងតួកគី មិនដែលបាត់មុខចេញពីការប្រកួត UCL ឡើយ។ ក្នុងនាមជាក្រុមជើងខ្លាំង​មក​ពីតួកគី ក្លិបមួយនេះ មានប្រវត្តិឡើងដល់វគ្គ ៨ក្រុមតែប៉ុណ្ណោះ នៅឆ្នាំ ២០០០-២០០១ និង ២០១២-១៣ ធ្លាក់ចេញក្រោមថ្វីជើង Real Madrid ទាំងពីរលើក។

១០. Dynamo Kyiv អ៊ុយក្រែន

ជាក្រុមតែងមានវត្តមាននៅ UCL មិនដែលបាត់មុខម្តងឡើយតាំងពីឆ្នាំ ១៩៩០មក តែ Dynamo មិនដែលឈ្នះពានរង្វាន់កំពូលអឺរ៉ុប​ឡើយ។ Dynamo ឡើងវគ្គពាក់កណ្តាលផ្តាច់​ព្រ័ត្រ ៣លើកក្នុងប្រវត្តិសាស្ត្រខ្លួន អំឡុងឆ្នាំ ១៩៧៧, ១៩៨៧ និង ១៩៩៩៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top