ពានរង្វាន់ UEFA Champions League ជាពានកំពូលប្រចាំវិស័យបាល់ទាត់តំបន់អឺរ៉ុប ដោយមានតែក្រុមខ្លាំងៗប៉ុណ្ណោះមកពីប្រទេសនីមួយៗនៃសហភាពអឺរ៉ុប ទើបអាចឈ្នះកៅអីចូលរួមប្រកួតបាន។
ក្លិបខ្លាំងៗ នឹងត្រូវតទល់គ្នាអំឡុងការប្រកួតសន្សំពិន្ទុក្នុងលីគ ដោយការធ្វើដំណើរពី ប្រទេសមួយទៅមួយ ដើម្បីប្រកួតគ្នា រហូតអាចស្វែងរកក្លិបជើងខ្លាំងដាច់គេ ចូលប្រកួត នៅវគ្គផ្តាច់ព្រ័ត្រ។ UEFA Champions League ជាក្របខណ្ឌបាល់ទាត់ និងជាព្រឹត្តិការណ៍ បាល់ទាត់ដ៏ទាក់ទាញបំផុតជារៀងរាល់ឆ្នាំ លើពិភពលោក។
ក្រុមខ្លាំងអាចប្រជែងរហូតក្លាយជើងឯក សុទ្ធសឹងតែឆ្លងកាត់ការប្រកួតឈ្នះជាប់ៗគ្នាមិនងាយចាញ់ការប្រកួត ហើយការលើកពាននឹងធ្វើឱ្យកេរ្តិ៍ឈ្មោះក្លិបនោះល្បីល្បាញខ្លាំងឡើង។ ក្រុមដែលបរាជ័យ នឹងក្លាយជាកំណត់ត្រា គួរឱ្យចង់ចាំសម្រាប់ពួកគេ ហើយធ្វើឱ្យក្លិបទាំងនោះ កាន់តែខំប្រឹងប្រែងខ្លាំងថែមទៀត នៅការប្រកួតលើកក្រោយ ពេលក្លិបទាំងនោះមានឱកាសចូលរួម។
ពានរង្វាន់ UCL បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ មានឈ្មោះថា European Cup ហើយគិតមកដល់ឆ្នាំ២០២៥ នេះ មានក្រុមត្រឹមតែ ២៣ប៉ុណ្ណោះ បានធ្លាប់ឈ្នះពានរង្វាន់កំពូលមួយនេះ។ Real Madrid ឈ្នះច្រើនជាងគេ ១៥ដង ហើយរដូវកាល ២០២៤-២៥ ក្លិប Paris Saint Germain ទើបប្រជែងឈ្នះពានរង្វាន់នេះលើកដំបូង និងជាក្រុមចុងក្រោយបានឈ្នះបានរង្វាន់នេះ។
អង់គ្លេសជាប្រទេសមួយ មានកម្រិតការប្រកួតប្រជែងបាល់ទាត់ខ្លាំងជាងគេនៅអឺរ៉ុប ជាពិសេសលីគកំពូល Premier League ប៉ុន្តែមិនមានក្រុមខ្លាំងៗមកពីអង់គ្លេសច្រើនឡើយ ដែលឈ្នះ UEFA Champions League ក្រៅពី Nottingham Forest, Chelsea , Liverpool, Man Utd, Man City និង Aston Villa។
មិនខុសពីអង់គ្លេសឡើយ លីគកំពូលៗប្រចាំអឺរ៉ុបដទៃ ក៏មានក្រុមខ្លាំងៗប្រកួតប្រជែងច្រើន ប៉ុន្តែក្រុមទាំងនោះមិនធ្លាប់ឈ្នះ UCL ម្តងណាឡើយ ទោះបីក្លិបបានចាយប្រាក់ច្រើនពង្រឹងកីឡាករ ឬមានទម្រង់លេងខ្លាំងយ៉ាងណាក៏ដោយ។
ខាងក្រោមនេះជាក្រុមខ្លាំងៗមិនធ្លាប់ឈ្នះពានរង្វាន់ UEFA Champions League៖
១. Atletico Madrid អេស្ប៉ាញ
ជាក្លិបជើងខ្លាំងមួយប្រចាំអេស្ប៉ាញ នឹងមិនដែលធ្លាក់ឈរលេខក្រោម លេខ ៤ ឡើយ នៅក្របខណ្ឌ La Liga ប៉ុន្តែក្លិបជើងខ្លាំងមួយនេះ មិនធ្លាប់ឈ្នះ UEFA Champions League ម្តងណាឡើយ ទោះធ្លាប់ឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រ ៣លើកក៏ដោយក្តី។ រជ្ជកាលមាសរបស់ Atletico Madrid ចន្លោះឆ្នាំ ២០១៣-២០១៦ ក្រោយមានឱកាសឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ២លើក រដូវកាល ២០១៣-១៤ និង ២០១៥-១៦ ប៉ុន្តែពួកគេប្រកួតចាញ់ក្រុមគូប្រជែងមកពីទីក្រុងតែមួយ Real Madrid ទាំង ២លើក។ តាំងពីការបរាជ័យទាំង២លើកនោះមក ក្រុមមិនងាយឡើងដល់ផ្តាច់ព្រ័ត្រជាថ្មីឡើយ។ នៅឆ្នាំ ១៩៧៣-៧៤ ជាពេល Atletico Madrid ឡើងវគ្គផ្តាច់ព្រ័ត្រ European Cup លើកដំបូង។
២. Arsenal អង់គ្លេស
ក្រុមកាំភ្លើងធំជាក្រុមមានកេរ្តិ៍ឈ្មោះល្បីល្បាញប្រចាំប្រវត្តិសាស្រ្តបាល់ទាត់ ប៉ុន្តែជើងខ្លាំងអង់គ្លេសមួយនេះ ជាក្លិបមួយមិនធ្លាប់ឈ្នះ UCL ម្តងឡើយ ទោះធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រក៏ដោយ។ កាលឆ្នាំ ២០០៥-០៦ ជំនួបផ្តាច់ព្រ័ត្រ UCL ទល់ Barcelona ក្រុមប្រកួតចាញ់ ហើយរបូតពាន ក្នុងឱកាសឡើងវគ្គផ្តាច់ព្រ័ត្រលើកដំបូងរបស់ពួកគេ។ ឆ្នាំ២០០៨-០៩ ក្រុមឡើងដល់ពាក់កណ្តាលផ្តាច់ព្រ័ត្រ ធ្លាក់ក្រោមថ្វីជើង Man Utd និងឆ្នាំ ២០០៧-០៨ ធ្លាក់ត្រឹមវគ្គ ៨ក្រុម ក្រោមថ្វីជើង Liverpool។
៣. Tottenham Hotspur អង់គ្លេស
Spurs ជាក្រុមមួយដែលមិនងាយឈ្នះពានរង្វាន់ញឹកញាប់ឡើយ ទាំងក្នុងស្រុក និងសូម្បីតែពានអឺរ៉ុប។ Spurs ធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រម្តង និងលើកដំបូងបង្អស់ នៅពានរង្វាន់ UCL កាលពីឆ្នាំ ២០១៨-១៩ កាលនោះចាញ់ក្រោមថ្វីជើង Liverpool មកពីអង់គ្លេសដូចគ្នា។ កាលពីឆ្នាំ ១៩៦១-៦២ Spurs ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយចាញ់ Benfica និងឆ្នាំ ២០១០-១១ ធ្លាក់វគ្គ ៨ក្រុម ក្រោមថ្វីជើង Real Madrid។
៤. AS Roma អ៊ីតាលី
AS Roma កាលពីមុនជាក្រុមខ្លាំងមួយតែងប្រជែងក្នុង UCL ហើយពួកគេមានប្រវត្តិឡើងវគ្គផ្តាច់ព្រ័ត្រ ឆ្នាំ ១៩៨៣-៨៤ លើកដំបូង តែរបូតពានទៅ Liverpool។ ឆ្នាំ ២០១៧-១៨ Roma ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក៏ចាញ់ក្រោមថ្វីជើង Liverpool និងឆ្នាំ ២០០៧-០៨ ធ្លាក់វគ្គ ៨ក្រុម ក្រោមថ្វីជើង Man Utd។
៥. Olympique Lyonnais បារាំង
ជើងខ្លាំងប្រចាំបារាំង ធ្លាប់ឡើងត្រឹមតែវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ុណ្ណោះ ពោលនៅឆ្នាំ ២០០៩-១០ ចាញ់ Bayern Munich និងប៉ះជើងខ្លាំងអាល្លឺម៉ង់ដដែល អំឡុងឆ្នាំ ២០១៩-២០ វគ្គ ១/២ ផ្តាច់ព្រ័ត្រដូចគ្នា។ កាលពីឆ្នាំ ២០០៥-០៦ Lyon ឡើងដល់វគ្គ ៨ក្រុម លើកដំបូង តែធ្លាក់ដោយសារក្រុម AC Milan។
៦. Bayer Leverkusen អាល្លឺម៉ង់
រដូវកាល ២០២៣-២៤ Leverkusen រះខ្លាំងរហូតឈ្នះពានរង្វាន់លីគកំពូលអាល្លឺម៉ង់ លើកដំបូង និងពានរង្វាន់ដទៃផ្សេងទៀត តែក្លិបអាល្លឺម៉ង់មួយនេះ ក៏មិនធ្លាប់ឈ្នះ UCL ដែរ ទោះធ្លាប់ធ្វើបានល្អឡើងដល់វគ្គផ្តាច់ព្រ័ត្រ។ កាលឆ្នាំ ២០០១-០២ Leverkusen ចាញ់ Real Madrid នៅផ្តាច់ព្រ័ត្រ។
៧. Valencia FC អេស្ប៉ាញ
ក្លិប Valencia ធ្លាប់ឡើងផ្តាច់ព្រ័ត្រ UCL ២លើក និង២ឆ្នាំជាប់ៗគ្នា នៅឆ្នាំ ១៩៩៩-២០ និង ២០០០-០១។ ប៉ុន្តែការឡើងវគ្គផ្តាច់ព្រ័ត្រ ២លើកនោះ ត្រូវបានបរាជ័យក្រោមថ្វីជើងក្រុម Real Madrid និង Bayern Munich។ ឆ្នាំ ២០០៦-០៧ Valencia ឡើងដល់វគ្គ ៨ក្រុម។
៨. Schalke 04 អាល្លឺម៉ង់
ជាក្លិបវ័យចំណាស់មួយប្រចាំអាល្លឺម៉ង់ តែក្លិបមួយនេះ មិនធ្លាប់លើកពាន UCL ទោះធ្លាប់ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឆ្នាំ ២០១០-១១ ក៏ដោយ។ ឆ្នាំ ២០១៨-១៩ ជាពេលក្រុម Schalke 04 ឡើងបានត្រឹមវគ្គ ១៦ក្រុម តែក្រោយៗមកក្រុមនេះកាន់តែធ្លាក់ទម្រង់លេងខ្លាំងទៅៗ រហូតបាត់វត្តមានពី UCL។
៩. Galatasaray តួកគី
ជើងខ្លាំងតួកគី មិនដែលបាត់មុខចេញពីការប្រកួត UCL ឡើយ។ ក្នុងនាមជាក្រុមជើងខ្លាំងមកពីតួកគី ក្លិបមួយនេះ មានប្រវត្តិឡើងដល់វគ្គ ៨ក្រុមតែប៉ុណ្ណោះ នៅឆ្នាំ ២០០០-២០០១ និង ២០១២-១៣ ធ្លាក់ចេញក្រោមថ្វីជើង Real Madrid ទាំងពីរលើក។
១០. Dynamo Kyiv អ៊ុយក្រែន
ជាក្រុមតែងមានវត្តមាននៅ UCL មិនដែលបាត់មុខម្តងឡើយតាំងពីឆ្នាំ ១៩៩០មក តែ Dynamo មិនដែលឈ្នះពានរង្វាន់កំពូលអឺរ៉ុបឡើយ។ Dynamo ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៣លើកក្នុងប្រវត្តិសាស្ត្រខ្លួន អំឡុងឆ្នាំ ១៩៧៧, ១៩៨៧ និង ១៩៩៩៕
ប្រភព៖ THMEYTHMEY