កក្រើក​ថ្ងៃ​អាទិត្យ​នេះ! ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ធ្វើ​ការ​ធ្ងន់​ប៉ះ ភ្នំពេញ​ក្រោន

បន្ទាប់​ពី​ធ្វើ​ការ​ធ្ងន់​នៅ​ទឹក​ដី​វៀតណាម ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ភារកិច្ច​ធ្ងន់​ទៀត​ដោយ​ត្រូវ​ទទួល ភ្នំពេញ​ក្រោន វេលា​ម៉ោង ៦ ល្ងាច ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កញ្ញា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋានជាតិមរតក​តេជោ សម្រាប់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា សប្តាហ៍​ទី​៦។

ក្រុម​ទាំង​ពីរ​បាន​បង្ហាញ​សមត្ថភាព​ខុស​ប្លែក​គ្នា​នៅ​ដើម​រដូវ​កាល​ថ្មី​នេះ បន្ទាប់​ពី​ដោះ​ដូរ​សមាជិក​ថ្មី​ច្រើន​​ក្រោយ​ចប់​រដូវ​កាល​មុន។ ភ្នំពេញ​ក្រោន ត្រូវ​បាន​មើល​ឃើញ​ពី​តំបន់​ការពារ​រឹង​មាំ​ល្អ ប៉ុន្តែ​នៅ​តំបន់​បម្រើ​កណ្តាល និង​ប្រយុទ្ធ​ជួរ​មុខ​មិន​ទាន់​មាន​អ្វី​ប្លែក​គួរ​ឲ្យ​កត់​ចំគាល់​ខ្លាំង​ទេ។

ផ្ទុយ​ទៅ​វិញ ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​ទម្រង់​​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​តំបន់​ការពារ បម្រើ និង​ប្រយុទ្ធ បើ​ទោះ​ជា​មាន​កីឡាករ​បរទេស​ថ្មី​ច្រើន។ ពួក​គេ​ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​ប្រកួត​ ៥ លើក​ដំបូង​ក្នុង​លីគ​កំពូល​កម្ពុជា ក្នុង​នោះ​ឈ្នះ ណាហ្គាវើលដ៍ ៣-០, ឈ្នះ​អង្គរថាយហ្គឺរ ៣-០, ឈ្នះ បឹងកេត ៣-០, ឈ្នះ​ វិសាខា ២-០ និង ឈ្នះ ឡាយហ្វ ព្រះ​សីហនុ ៦-១ ដើម្បី​រក​បាន ១៥ ពិន្ទុ​ពេញ ឈរ​លើ​កំពូល​តារាង។

ចំណែក ភ្នំពេញ​ក្រោន ក៏​មិន​ទាន់​ស្គាល់​បរាជ័យ​ដែរ​សម្រាប់ ៤ ប្រកួត​ដំបូង ប៉ុន្តែឈ្នះ ២ និង​ស្មើ ២ ក្នុង​នោះ ស្មើ បឹងកេត ០-០, ស្មើ កង​យោធពល​ខេមរភូមិន្ទ ១-១, ឈ្នះ ឡាយហ្វព្រះ​សីហនុ ៤-៣ និង ឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ១-០ ដើម្បី​រក​បាន ៨ ពិន្ទុ ស្ថិត​នៅ​លេខ ៣ នៃ​តារាង​ពិន្ទុ។

នៅ​ដើម​រដូវ​កាល​ថ្មី​នេះ ក្រុម​ទាំង​ពីរ​បាន​ជួប​គ្នា​ក្នុង​ពាន ខេមបូឌាន​ស៊ុបភើ​ខាប់ ដែល​ចប់ ៩០​នាទី ស្មើ​គ្នា ដោយ​លទ្ធផល ២-២ ប៉ុន្តែ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ឈ្នះ ភ្នំពេញ​ក្រោន ដោយការ​ទាត់​១១​ម៉ែត្រ​កាត់​សេចក្តី ៥-៣។

ប្រវត្តិ​ជួប​គ្នាគ្រប់​កម្មវិធីចំនួន ២៥ លើក ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ ១០ លើក ខណៈ ភ្នំពេញ​ក្រោន ឈ្នះ ៨​ លើក ហើយ​ស្មើ​គ្នា ៧​ លើក។ ព្រះ​ខ័ន​រាជ​ស្វាយរៀង រក​បាន ៣៩ គ្រាប់ ហើយ​ ភ្នំពេញ​ក្រោន រក​បាន ៣៨​គ្រាប់។

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់ ក្រុម​ទាំង​ពីរ​លេង​នៅ​ក្រៅ​​ផ្ទះ ល្អ​ជាង​ក្នុង​ផ្ទះ​របស់​ខ្លួន។ ជាក់​ស្តែង​​ភ្នំពេញ​ក្រោន​ បាន​ឈ្នះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ក្នុង​ដី​​របស់​ខ្លួន ៣ លើក ប៉ុន្តែ​ឈ្នះ​ក្រៅ​ដី ៥ លើក ខណៈ ព្រះ​ខ័ន​រាជ​ស្វាយរៀង ក៏​ឈ្នះ​ក្នុង​ដី​ខ្លួន​​ ៣ លើក​ដែរ ប៉ុន្តែ​​ឈ្នះ​ក្រៅ​ដី ៧ លើក។

ជួប​គ្នា​​នៅទី​លាន​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ​ចុង​ក្រោយ​ ភ្នំពេញ​ក្រោន បាន​ឈ្នះ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ដោយ​លទ្ធផល ២-១ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន។ ចុះ​ជួប​គ្នា​សា​ថ្មី​នៅ​ទី​លាន​ដដែល​នេះ លទ្ធផល​ទៅ​ជា​យ៉ាង​ណា? កុំ​ភ្លេច​​នៅ​ថ្ងៃ​អាទិត្យ​នេះ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top