ខ្សែការពារ David Alaba និង Antonio Rudiger នឹងចាកចេញពីក្លិបអធិរាជស Real Madrid នៅចុងបញ្ចប់រដូវកាល ២០២៥-២០២៦។ នេះបើតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano ដែលដកស្រង់បន្តចេញពីសារព័ត៌មាន ESPN។
David Alaba ត្រូវបាន Real Madrid ចុះកិច្ចសន្យាយកបានពីក្លិប Bayern Munich កាលពីរដូវកាលក្តៅឆ្នាំ ២០២១ ដោយគ្មានតម្លៃខ្លួន។ ទោះបីជាយ៉ាងណា ការប្តូរទ្រនំមកកាន់រាជធានី អេស្ប៉ាញ របស់ខ្សែការពារសញ្ជាតិ អូទ្រីស វ័យ ៣៣ ឆ្នាំ គឺធ្វើមិនសូវបានល្អដូចកាលនៅ Bayern Munich នោះទេ ដោយសារជានិច្ចជាកាល រូបគេតែងរងរបួសជាញឹកញាប់។
ចំណែក Antonio Rudiger វិញ ចាប់តាំងពីចាកចេញពី Chelsea ផ្លាស់មកកាន់ Real Madrid នៅរដូវក្តៅឆ្នាំ ២០២២ រូបគេបានក្លាយជាខ្សែការពារដ៏រឹងមាំ និងជាកីឡាករដ៏សំខាន់របស់ក្រុមអធិរាជស។ ទោះបីជាយ៉ាងណា នា ២ រដូវកាលចុងក្រោយ ខ្សែការពារសញ្ជាតិ អាល្លឺម៉ង់ វ័យ ៣២ ឆ្នាំហាក់ពុំសូវបង្ហាញខ្លួនបានជាប់លាប់ទេ នោះក៏ដោយសារកត្តាវ័យផង បញ្ហារបួសផង ហើយបច្ចុប្បន្នក៏មានកីឡាករក្មេងៗជំនាន់ក្រោយមកជំនួសកន្លែងរបស់រូបគេផងដែរ។
គួរឱ្យដឹងថា ខ្សែការពារទាំង ២ ខាងលើ នឹងអស់សុពលភាពកិច្ចសន្យាជាមួយ Real Madrid នៅខែ មិថុនា ឆ្នាំ ២០២៦ ខាងមុខហើយ។ យ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ គឺមិនទាន់មានព័ត៌មានណាមួយ បានបញ្ជាក់អំពីការបន្តកិច្ចសន្យាថ្មីរបស់កីឡាករទាំង ២ នៅឡើយទេ៕
ប្រភព៖ KAMPUCHEATHMEY