បន្ទាប់ពីធ្វើការធ្ងន់នៅទឹកដីវៀតណាម ព្រះខ័នរាជស្វាយរៀង បន្តភារកិច្ចធ្ងន់ទៀតដោយត្រូវទទួល ភ្នំពេញក្រោន វេលាម៉ោង ៦ ល្ងាច ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការប្រកួតលីគកំពូលកម្ពុជា សប្តាហ៍ទី៦។
ក្រុមទាំងពីរបានបង្ហាញសមត្ថភាពខុសប្លែកគ្នានៅដើមរដូវកាលថ្មីនេះ បន្ទាប់ពីដោះដូរសមាជិកថ្មីច្រើនក្រោយចប់រដូវកាលមុន។ ភ្នំពេញក្រោន ត្រូវបានមើលឃើញពីតំបន់ការពាររឹងមាំល្អ ប៉ុន្តែនៅតំបន់បម្រើកណ្តាល និងប្រយុទ្ធជួរមុខមិនទាន់មានអ្វីប្លែកគួរឲ្យកត់ចំគាល់ខ្លាំងទេ។
ផ្ទុយទៅវិញ ព្រះខ័នរាជស្វាយរៀង មានទម្រង់លេងគួរឲ្យចាប់អារម្មណ៍ទាំងតំបន់ការពារ បម្រើ និងប្រយុទ្ធ បើទោះជាមានកីឡាករបរទេសថ្មីច្រើន។ ពួកគេធ្វើបានយ៉ាងល្អឥតខ្ចោះសម្រាប់ការប្រកួត ៥ លើកដំបូងក្នុងលីគកំពូលកម្ពុជា ក្នុងនោះឈ្នះ ណាហ្គាវើលដ៍ ៣-០, ឈ្នះអង្គរថាយហ្គឺរ ៣-០, ឈ្នះ បឹងកេត ៣-០, ឈ្នះ វិសាខា ២-០ និង ឈ្នះ ឡាយហ្វ ព្រះសីហនុ ៦-១ ដើម្បីរកបាន ១៥ ពិន្ទុពេញ ឈរលើកំពូលតារាង។
ចំណែក ភ្នំពេញក្រោន ក៏មិនទាន់ស្គាល់បរាជ័យដែរសម្រាប់ ៤ ប្រកួតដំបូង ប៉ុន្តែឈ្នះ ២ និងស្មើ ២ ក្នុងនោះ ស្មើ បឹងកេត ០-០, ស្មើ កងយោធពលខេមរភូមិន្ទ ១-១, ឈ្នះ ឡាយហ្វព្រះសីហនុ ៤-៣ និង ឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ១-០ ដើម្បីរកបាន ៨ ពិន្ទុ ស្ថិតនៅលេខ ៣ នៃតារាងពិន្ទុ។
នៅដើមរដូវកាលថ្មីនេះ ក្រុមទាំងពីរបានជួបគ្នាក្នុងពាន ខេមបូឌានស៊ុបភើខាប់ ដែលចប់ ៩០នាទី ស្មើគ្នា ដោយលទ្ធផល ២-២ ប៉ុន្តែ ព្រះខ័នរាជស្វាយរៀង បានឈ្នះ ភ្នំពេញក្រោន ដោយការទាត់១១ម៉ែត្រកាត់សេចក្តី ៥-៣។
ប្រវត្តិជួបគ្នាគ្រប់កម្មវិធីចំនួន ២៥ លើក ព្រះខ័នរាជស្វាយរៀង ឈ្នះ ១០ លើក ខណៈ ភ្នំពេញក្រោន ឈ្នះ ៨ លើក ហើយស្មើគ្នា ៧ លើក។ ព្រះខ័នរាជស្វាយរៀង រកបាន ៣៩ គ្រាប់ ហើយ ភ្នំពេញក្រោន រកបាន ៣៨គ្រាប់។
អ្វីដែលគួរឲ្យកត់សំគាល់ ក្រុមទាំងពីរលេងនៅក្រៅផ្ទះ ល្អជាងក្នុងផ្ទះរបស់ខ្លួន។ ជាក់ស្តែងភ្នំពេញក្រោន បានឈ្នះ ព្រះខ័នរាជស្វាយរៀង ក្នុងដីរបស់ខ្លួន ៣ លើក ប៉ុន្តែឈ្នះក្រៅដី ៥ លើក ខណៈ ព្រះខ័នរាជស្វាយរៀង ក៏ឈ្នះក្នុងដីខ្លួន ៣ លើកដែរ ប៉ុន្តែឈ្នះក្រៅដី ៧ លើក។
ជួបគ្នានៅទីលានពហុកីឡដ្ឋានជាតិមរតកតេជោចុងក្រោយ ភ្នំពេញក្រោន បានឈ្នះ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ ចុះជួបគ្នាសាថ្មីនៅទីលានដដែលនេះ លទ្ធផលទៅជាយ៉ាងណា? កុំភ្លេចនៅថ្ងៃអាទិត្យនេះ៕
ប្រភព៖ KAMPUCHEATHMEY