ខ្សែបម្រើការពារល្អបំផុតក្នុងលោកម្នាក់ កីឡាករ Sergio Busquets បានប្រកាសដំណឹងដ៏ក្រៀមក្រំមួយ អំពីពេលវេលាចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ ក្នុងពេលឆាប់ៗនេះ។
នៅថ្ងៃ សុក្រ ទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៦ នេះ អ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានចុះផ្សាយ ថា អតីតខ្សែបម្រើ Barcelona និងបច្ចុប្បន្នជាកីឡាករ Inter Miami កីឡាករ Sergio Busquets បានសម្រេចចិត្តរួចរាល់ហើយ និងចូលនិវត្តន៍ពីអាជីពបាល់ទាត់ នៅពេលលីគបាល់ទាត់កំពូល អាមេរិក ឆ្នាំ ២០២៥ បញ្ចប់ក្នុងខែ តុលា ឆាប់ៗនេះ។
តាមរយៈដំណឹងនេះ ជឿជាក់ ថា អ្នកគាំទ្រនៅទូទាំងពិភពលោក ពិតជាសោកសៅខ្លាំងអំពីការប្រកាសមួយនេះ ព្រោះថាកីឡាករឆ្នើមម្នាក់ទៀត នឹងចាកចេញពីបាល់ទាត់ ក្នុងពេលឆាប់ៗខាងមុខ។ Busquets ដែលបច្ចុប្បន្នមានវ័យ ៣៧ ឆ្នាំ ត្រូវបានគេចាត់ទុកជាខ្សែបម្រើការពារដ៏ល្អបំផុតក្នុងលោកម្នាក់ ថ្វីដ្បិតគាត់មនុស្សម្នាក់ ដែលមានរាងកាយស្គមស្គាំងមិនអំណោយផលក៏ដោយ។
Sergio Busquets បានក្លាយជាកំពូលខ្សែបម្រើការពារក្នុងលោក ដោយសារតែភាពវៃឆ្លាតនៃការលេងបាល់ទាត់របស់គាត់ ដែលមិនអាចប្រៀបផ្ទឹមបាន។ ចំណុច ដែលធ្វើឱ្យគាត់លេចធ្លោរខ្លាំងបំផុត គឺតាមរយៈ ការបញ្ជូនបាល់យ៉ាងច្បាស់លាស់ និងទីតាំងកលល្បិចដែលមិនអាចកាត់ថ្លៃបាន ដែលអនុញ្ញាតឱ្យគាត់គ្រប់គ្រងចង្វាក់លេងរបស់ក្រុម បំបែកការលេងរបស់ក្រុមគូប្រកួត និងចាប់ផ្តើមការវាយប្រហារដ៏មានឥទ្ធិពល ជាជាងការពឹងផ្អែកលើរូបរាងកាយ។
ក្នុងនាមជាខ្សែបម្រើ គាត់មិនមែនជាអ្នកនាំលេងរបស់ក្រុម ដោយចល័តគ្រប់ទីតាំងនោះទេ ប៉ុន្តែអ្វី ដែលគាត់តែងតែធ្វើ គឺដើរតួជា “អ្នកវិភាគកលល្បិច” នៅលើទីលាន ហើយមានសារៈសំខាន់ចំពោះភាពជោគជ័យរបស់ក្រុម ដែលត្រូវបានគ្រប់គ្រងដោយគាត់ បើទោះបីជាគាត់ជាកីឡាករដែលមិនសូវមានកាយសម្បទារឹងមាំក៏ដោយ។
គួរឱ្យដឹងថា Busquets បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់នៅ Barcelona ពីឆ្នាំ ២០០៨ ដល់ ២០២៣ និងចុងក្រោយគាត់បានមកលេងនៅ Inter Miami ពីឆ្នាំ ២០២៣ ដល់ ២០២៥ នេះ។ គាត់បានឈ្នះពានធំៗជាច្រើន ដូចជាពាន Champions League ៣ លើក, UEFA Super Cup ៣ លើក, La Liga ៩ លើក, FIFA Club World Cup ៣ លើក, Copa del Rey ៧ លើក, Spanish Super Cup ៧ លើក, World Cup ១ លើក, Euro ១ លើក និងពានមួយចំនួនទៀត៕
ប្រភព៖ KAMPUCHEATHMEY