ម៉ាឡេស៊ី បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ និង​គ្រោង​​​ប្តឹង​ជំទាស់​​​ ជុំ​វិញ FIFA ដាក់ពិន័យ​ធ្ងន់​ធ្ងរ

សមាគម​កីឡា​បាល់ទាត់​ម៉ាឡេស៊ី (FAM) ​បាន​បញ្ជាក់​ពី​ការ​ទទួល​បាន​លទ្ធផល​ផ្លូវ​ការ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) ​ពាក់​ព័ន្ធ​នឹង​ដើម​កំណើត​កីឡាករជម្រើស​ជាតិ​របស់​ខ្លួន​។

នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៥ សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី សូមបញ្ជាក់ថា កីឡាករដែលពាក់ព័ន្ធ និងសមាគមកីឡាបាល់ទាត់ម៉ាឡេស៊ីបានអនុវត្តដោយសេចក្តីស្មោះត្រង់ និងតម្លាភាពសម្រាប់កិច្ចការនេះ។ FAM បានផ្តល់ឯកសារទាំងអស់ និងបំពេញតាមយន្តការស្របទៅតាមច្បាប់ដែលបានអនុញ្ញាត។

តាមពិតទៅ FIFA ធ្លាប់បានត្រួតពិនិត្យពីលក្ខណៈសម្បត្តិនៃកីឡាករ និងបានផ្តល់ការអនុញ្ញាតផ្លូវការរួចរាល់ហើយដែលផ្តល់ឲ្យពួកគេមានសិទ្ធិស្របច្បាប់ដើម្បីតំណាងឲ្យជម្រើសជាតិម៉ាឡេស៊ី។

ជុំវិញការសម្រេចខាងលើ FAM នឹងប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ និងប្រើគ្រប់យន្តការ ព្រមទាំងនីតិវិធីច្បាប់ដើម្បីធានាបានពី អត្ថប្រយោជន៍នៃកីឡាករ និងក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី។

FAM នៅតែបន្តប្តេជ្ញាគោរពតាមច្បាប់អន្តរជាតិដ៏ម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន ព្រមទាំងការពារកេរ្តិ៍ឈ្មោះក្រុមជម្រើសជាតិម៉ាឡេស៊ី។ សមាគមបាល់ទាត់ម៉ាឡេស៊ី នឹងបន្តធ្វើការជិតស្និទ្ធជាមួយ រដ្ឋាភិបាលម៉ាឡេស៊ី និងគ្រប់ភាគីពាក់ព័ន្ធដើម្បីធានាបាននូវការអនុវត្តប្រកបដោយតម្លាភាព និងស្មារតីកីឡា។

សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ បានពិន័យ សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី និងកីឡាករចំនួន ៧ នាក់ដោយបានចោទប្រកាន់ពីការក្លែងបន្លំឯកសារ ដើម្បីចូលសញ្ជាតិ ដែលបានបំពានលើមាត្រា ២២ នៃក្រមវិន័យរបស់ FIFA។ សមាគមបាល់ទាត់ម៉ាឡេស៊ី ត្រូវបានពិន័យជាប្រាក់ជាង ៤៣ម៉ឺនដុល្លារ ខណៈកីឡាករ ៧ នាក់ មិនឲ្យមានសកម្មភាពបាល់ទាត់រយៈពេល ១២ ខែ និងជាប្រាក់ ២៥០០ដុល្លារម្នាក់។

  • ១- កីឡាករ Gabriel Felipe Arrocha (នៅ​ក្លិប Unionistas អេស្ប៉ាញ)
  • ២- កីឡាករ Facundo Tomás Garcés (នៅ​ក្លិប Deportivo Alavés អេស្ប៉ាញ)
  • ៣- កីឡាករ Rodrigo Julián Holgado (នៅ​ក្លិប América de Cali កូឡុំប៊ី)
  • ៤- កីឡាករ​ Imanol Javier Machuca (នៅ​ក្លិប Atlético Vélez Sarsfield អាហ្សង់ទីន )
  • ៥- កីឡាករJoão Vitor Brandão Figueiredo (នៅ​ក្លិប Johor Darul Ta’zim ម៉ាឡេស៊ី)
  • ៦- កីឡាករ Jon Irazábal Iraurgui (នៅ​ក្លិប Johor Darul Ta’zim ម៉ាឡេស៊ី)
  • ៧- កីឡាករ Hector Alejandro Hevel Serrano (នៅ​ក្លិប Johor Darul Ta’zim ម៉ាឡេស៊ី)

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top