លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និយាយថាលោកនឹងអាចពិចារណាផ្លាស់ប្តូររដ្ឋដែលនឹងរៀបចំការប្រកួតព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ បើលោកយល់ឃើញថាទីតាំងក្នុងទាំងរដ្ឋនោះគ្មានសុវត្ថិភាពក្នុងការរៀបចំការប្រកួត។
អាម៉េរិកកំពុងត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២៦ ដោយធ្វើជាសហម្ចាស់ផ្ទះជាមួយនឹងប្រទេសកាណាដា និងម៉ិកស៊ិក។ FIFA World Cup ឆ្នាំ ២០២៦ ជាព្រឹត្តិការណ៍ដំបូងដែលមានចំនួនក្រុមចូលរួមប្រកួតជុំចុងក្រោយរហូតដល់ ៤៨ក្រុម លើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ FIFA។
អាម៉េរិកត្រៀមទីក្រុងធំៗចំនួន ១១ សម្រាប់រៀបចំការប្រកួត រួមមានទាំងទីតាំងរៀបចំជំនួបផ្តាច់ព្រ័ត្រ ក្នុងរដ្ឋ New York/ New Jersey។
អំឡុងស្ថិតក្នុងការិយាល័យនៃសេតវិមាន កាលពីថ្ងៃទី២៥ ខែកញ្ញា លោក ត្រាំ ត្រូវបានអ្នកកាសែតចោទសួរទាក់ទងនឹងបំណងផ្លាស់ប្តូរទីតាំងរៀបចំការប្រកួត ចេញពីទីក្រុងឬរដ្ឋដែលមិនសហការជាមួយនឹងគោលការណ៍ច្បាប់ជនអន្តោប្រវេសន៍ របស់លោក ត្រាំ។ លោកប្រធានាធិបតីអាម៉េរិក ក៏បានឆ្លើយវិញថា លោកនឹងពិចារណាផ្លាស់ប្តូរទីក្រុងរៀបចំការប្រកួតទាំងនោះ បើលោកគិតថាទីនោះគ្មានសុវត្ថិភាព។
«ប្រសិនបើខ្ញុំគិតថាវាមិនសុវត្ថិភាព ដូច្នេះយើងនឹងអាចផ្លាស់ប្តូរទៅកាន់ទីក្រុងផ្សេងទៀតបាន។»។ លោក ត្រាំ បានឆ្លើយតបនឹងសំណួរបែបនេះ។
បើតាមអ្នកយកព័ត៌មាននៅសេតវិមាន ទីក្រុង San Francisco និងទីក្រុង Seattle ជាគោលដៅនឹងអាចត្រូវបានដកកាតព្វកិច្ចធ្វើម្ចាស់ផ្ទះរៀបចំការប្រកួត World Cup ឆ្នាំ ២០២៦។ តែយ៉ាងណា អ្នកស្រី Hana Tadesse អ្នកនាំពាក្យក្រុមប្រឹក្សាទីក្រុង Seattle និយាយថា ទីក្រុងនោះមានសុវត្ថិភាពល្អជាធម្មតា ហើយក៏នឹងអាចរៀបចំការប្រកួតបានយ៉ាងរលូន។
កន្លងមកលោក ត្រាំ បានបញ្ជូនកងទ័ព និងឆ្មាំរក្សាសន្តិសុខរាប់រយនាក់ ទៅកាន់រដ្ឋមួយចំនួនរបស់សហរដ្ឋអាម៉េរិកដើម្បីបង្រ្កាបការរីករាលដាលនៃអំពើឧក្រិដ្ឋកម្ម ក៏ដូចជាការចាប់ខ្លួនជនអន្តោប្រវេសន៍បានលួចចូលក្នុងប្រទេសអាម៉េរិកខុសច្បាប់ ដើម្បីចាប់បញ្ជូនពួកគេឱ្យត្រឡប់ទៅប្រទេសកំណើតវិញ៕
ប្រភព៖ THMEYTHMEY