ប្រធានសហព័ន្ធបាល់ទាត់តួកគី (TFF) លោក Ibrahim Haciosmanoglu បានផ្ញើលិខិតទៅកាន់សហព័ន្ធបាល់ទាត់អន្តរជាតិ(FIFA) និងសហព័ន្ធបាល់ទាត់អឺរ៉ុប(UEFA) ស្នើឱ្យស្ថាប័នបាល់ទាត់កំពូលទាំង ២ ដាក់ការហាមឃាត់លើក្រុមបាល់ទាត់មកពីប្រទេសអ៊ីស្រាអែល ពីការប្រកួតបាល់ទាត់អន្តរជាតិនានា។
ការទទូចនេះធ្វើឡើង ស្របពេលស្ថាប័ន UEFA កំពុងត្រៀមខ្លួនក្នុងការបោះឆ្នោតពីបណ្តាសមាជិកខ្លួន នៅសប្តាហ៍ក្រោយ អំពីការព្យួរក្រុមបាល់ទាត់ពីប្រទេសអ៊ីស្រាអែល ពីការប្រកួតរបស់ខ្លួន។
ពិសេសនោះគឺក្រុមជម្រើសជាតិអ៊ីស្រាអែលផ្ទាល់ កំពុងតែស្ថិតក្នុងសម្ពាធពីការហាមឃាត់ពីសំណាក់ UEFA ព្រោះតែភាពតានតឹងផ្នែកនយោបាយកំពុងកើតមានលើអ៊ីស្រាអែល ទាក់ទងនឹងការវាយប្រហារលើតំបន់កាហ្សាឥតឈប់ឈរ។
បើតាមពាក្យពេចដែលលោក Haciosmanoglu សរសេរទៅកាន់ FIFA និង UEFA ដូច្នេះថា៖«ទោះបីជាពួកគេបានប្រកាសពីជំហការពារខ្លួន ដោយអះអាងថាជាអ្នកការពារតម្លៃពលរដ្ឋ និងសន្តិភាពក៏ដោយ តែស្ថាប័នបាល់ទាត់ពិភពលោក និងក្នុងតំបន់ ហាក់បីជានៅស្ងៀមស្ងាត់យូពេកហើយ។ យើងកើនការព្រួយបារម្ភខ្លាំងទាក់ទងនឹងស្ថានភាពខុសច្បាប់ ចំពោះទង្វើអមនុស្សធម៌ និងមិនអាចទទួលយកបានរបស់ពួកគេ ដែលបានអនុវត្តពីសំណាក់រដ្ឋអ៊ីស្រាអែល ទៅលើតំបន់កាហ្សា និងតំបន់ជុំវិញពួកគេ។
ដោយឡែកគណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ក៏បានចេញរបាយការណ៍មួយ សន្និដ្ឋានថា អ៊ីស្រាអែល បានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ក្នុងសង្គ្រាមតំបន់កាហ្សា និងអំពាវនាវឱ្យព្យួរពីសកម្មភាពកីឡាបាល់ទាត់អន្តរជាតិនានា។
អ៊ីស្រាអែលប្រកែកថា សង្រ្គាមរបស់ខ្លួនមិនប្រឆាំងនឹងប្រជាជននៅតំបន់ហ្គាហ្សានោះទេ ប៉ុន្តែប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលក្រុមនេះបានដឹកនាំការវាយប្រហារទៅលើខ្លួនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ដែលសម្លាប់មនុស្សប្រមាណ ១២០០ នាក់។
បើតាមរបាយការណ៍របស់មន្រ្តីសុខាភិបាលក្នុងតំបន់ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៦៥ ០០០នាក់ ក្នុងតំបន់កាហ្សា ព្រមទាំងបង្កការបំផ្លិចបំផ្លាញ និងពលរដ្ឋប៉ាឡេស្ទីនអត់ឃ្លានជាច្រើនរយនាក់៕
ប្រភព៖ THMEYTHMEY