FIFA ពិន័យម៉ាឡេស៊ីជាង ៤,៣សែនដុល្លារ ចំពោះការក្លែងបន្លំឯកសារកីឡាករបរទេស​ចូលសញ្ជាតិ

សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី (FAM) រងពិន័យធ្ងន់ពីសំណាក់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) និងកីឡាករ ៧រូបផ្សេងទៀតត្រូវបានហាមឃាត់ពីវិស័យបាល់ទាត់ ១២ខែ ក្រោយរកឃើញថាបានក្លែងបន្លំឯកសារសញ្ជាតូបនីយកម្មកីឡាករបរទេស អំឡុងការប្រកួតវគ្គជម្រុះជុំចុងក្រោយ​ Asian Cup ឆ្នាំ ២០២៧ យកឈ្នះវៀតណាម លទ្ធផល ៤-០។

បើតាមគណៈកម្មាធិការវិន័យរបស់ FIFA កីឡាករបាល់ទាត់ទាំង ៧នាក់ រកឃើញថាប្រព្រឹត្តិខុសបំពានឯកសារ មានកីឡាករ Gabriel Palmero និង Jon Irazabal សញ្ជាតិដើមអេស្ប៉ាញ, កីឡាករ Facundo Garces, Rodrigo Holgado និង Imanol Machuca សញ្ជាតិដើមអាហ្សង់ទីន ព្រមទាំងកីឡាករ Joao Figueiredo សញ្ជាតិដើមប្រេស៊ីល ហើយនិងកីឡាករ Hector Hevel ដើមកំណើតហូឡង់។ 

ក្រុមជម្រើសជាតិម៉ាឡេស៊ី បានដាក់កីឡាករទាំងនេះចូលសញ្ជាតិ ក្រោមគោលការណ៍ច្បាប់កីឡាមានជាប់សាច់ឈាមសញ្ជាតិដើមផ្អែកលើជីដូនជីតារបស់ពួកគេ ហើយត្រូវបានចុះឈ្មោះផ្តល់ព័ត៌មានរបស់ពួកគេជាមួយនឹងសហព័ន្ធ FIFA។ 

កីឡាករទាំង ៧រូបនោះ ត្រូវបានដាក់ឱ្យចូលលេងទាំងអស់គ្នា អំឡុងការប្រកួតយកឈ្នះក្រុមជម្រើសជាតិវៀតណាម លទ្ធផល ៤-០ ក្នុងជំនួបវគ្គជម្រុះជុំចុងក្រោយពូល F ពានរង្វាន់ Asian Cup ឆ្នាំ ២០២៧ ក្នុងកីឡដ្ឋាន Bukit Jalil កាលពីខែមិថុនា។

«FIFA បានទទួលពាក្យបណ្តឹងទាក់ទងនឹងសិទ្ធិកីឡាករទាំង ៧នាក់នោះ។ សហព័ន្ធ ​FAM បានប្រើឯកសារក្លែងបន្លំដើម្បីអាចឱ្យកីឡាករចូលប្រកួតលើទីលានបាន។»។ នេះបើតាមសេចក្តីប្រកាសរបស់ ​FIFA។

FIFA ថែមទាំងបានត្រួតពិនិត្យភស្តុតាងទាំងអស់ និងបានពិន័យសហព័ន្ធបាល់ទាត់ម៉ាឡេស៊ី ទឹកប្រាក់ ៤៣៨ ៧០០ដុល្លារ ហើយកីឡាករទាំងអស់ពិន័យម្នាក់ ២ ៥០០ដុល្លារ និងហាមឃាត់ពីសកម្មភាពបាល់ទាត់រយៈពេល ១២ខែ ដោយគិតចាប់ពីថ្ងៃទី២៦ កញ្ញា ទៅ។

​គណៈកម្មាធិការវិន័យ FIFA ក៏បញ្ជូនសំណុំរឿងនេះទៅតុលាការអាជ្ញាកណ្តាលរបស់​ FIFA ដើម្បីពិចារណាបន្ថែមលើករណីខាងលើនេះ។ FIFA ក៏បើកសិទ្ធិឱ្យ FAM ដាក់ពាក្យបណ្តឹងឧទ្ធរណ៍ត្រឡប់ទៅវិញផងដែរ ដើម្បីប្រឆាំងនឹងការសម្រេចចិត្តខាងលើនេះ ហើយម៉ាឡេស៊ីត្រូវរៀបចំឯកសារ និងហេតុផលគ្រប់គ្រាន់ ស្របពេល FIFA ផ្តល់ពេលត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះដល់ពួកគេ។

ក្រោយ FIFA ដាក់ពិន័យធ្ងន់ធ្ងរលើ FAM ក្រុមអ្នកគាំទ្រនិងប្រព័ន្ធផ្សព្វផ្សាយរបស់ម៉ាឡេស៊ី បាននាំគ្នាចេញរិះគន់ខ្លាំងៗលើថ្នាក់ដឹកនាំរបស់សហព័ន្ធ ដែលបណ្តោយឱ្យមានរឿងនេះកើតឡើង ហើយទាមទារឱ្យមានការឆ្លើយតបចំពោះការដាក់ពិន័យរបស់ FIFA។ 

យ៉ាងណាមិញ FAM ក៏បានចេញមុខបកស្រាយក្នុងថ្ងៃតែមួយថា រាល់ឯកសារដែលបានបញ្ជាក់អំពីការចូលសញ្ជាតិរបស់កីឡាករ បានផ្ញើទៅកាន់ FIFA ហើយសុទ្ធសឹងតែធ្វើឡើងស្របទៅតាមការណែនាំ និងចាប់របស់ FIFA ទើបកីឡាករទាំងនោះអាចចូលលេងបង្ហាញខ្លួនផ្លូវការឱ្យក្រុមម៉ាឡេស៊ីបាន។ FAM ក៏ប្រកាសដាក់ពាក្យបណ្តឹងឧទ្ធរណ៍ប្រឆាំងការសម្រេចចិត្តរបស់ FIFA វិញផងដែរ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top