EPL៖ ​Mbeumo ត្រៀមតទល់ក្លិបចាស់ Brentford រីឯក្រុមកំពូលតារាង ​Liverpool ប៉ះ Crystal Palace

កីឡាករ Bryan Mbeumo នឹងត្រូវជួយក្រុមថ្មី Manchester United តទល់នឹងក្រុមចាស់ ​Brentford ក្នុងជំនួបក្របខណ្ឌលីគកំពូលអង់គ្លេស (Premier League) ថ្ងៃទី២៧ ខែកញ្ញា នេះ។ ក្រុមកំពូលតារាង Liverpool ក៏នឹងត្រូវធ្វើដំណើរទៅប៉ះក្រុម Crystal Palace ដែលកំពុងបើកទ្វារកីឡដ្ឋាន Selhurst Park រង់ចាំរួចសម្រេច។

កាលវិលត្រឡប់ទៅទឹកដីចាស់ នឹងអាចធ្វើឱ្យអារម្មណ៍របស់ Mbeumo រងសម្ពាធ ព្រោះតែគេធ្លាប់តែត្រូវបានអ្នកគាំទ្រស្រែកច្រៀងអបអរគេ អំឡុងគេបង្ហាញខ្លួនលេងក្នុងកីឡដ្ឋាន Community របស់ក្លិប ​Brentford។ តែពេលនេះគេត្រូវពាក់អាវក្រុមថ្មី គឺក្រុមរហស្សនាមបិសាចក្រហម ហើយត្រៀមតទល់នឹងក្រុមចាស់របស់គេ នៅវេលាម៉ោង ៦:៣០ល្ងាច (ម៉ោងនៅកម្ពុជា)។

កីឡាករវ័យ ២៦ឆ្នាំ បានផ្លាស់ទៅក្លិប ​Man Utd ក្នុងតម្លៃ ៨៧,៤០លានដុល្លារ ហើយគេកំពុងតែបង្ហាញខ្លួនលេងយ៉ាងល្អជាមួយក្រុមបិសាចក្រហម ហើយថែមទាំងរកបានគ្រាប់បាល់ផងដែរ។ រំលឹកកាលនៅក្លិប ​Brentford កីឡាករសញ្ជាតិកាម៉េរូន រកបានគ្រាប់បាល់ចំនួន ៧០គ្រាប់ ពីការបង្ហាញខ្លួន ២៤២លើក ដែលរឿងនេះធ្វើឱ្យអ្នកគាំទ្រស្រលាញ់ចូលចិត្តលើរូបគេខ្លាំង។

បច្ចុប្បន្នក្លិប Man Utd ឈរនៅលេខ ១១ ក្រោយពួកគេបានផ្តួល់ក្រុម Chelsea លទ្ធផល ២-១ កាលពីសប្តាហ៍មុន ស្របពេលក្រុម Brentford បច្ចុប្បន្នជាក្រុមឈរនៅលេខ ១៧ ក្នុងតារាង Premier League ឈរពីលើក្រុមនៅតំបន់កាត់ចោល។

ដោយឡែកក្រុមកំពូលតារាង Liverpool ក៏នឹងត្រូវតទល់ក្រុមកំពុងឡើងជើង Crystal Palace ជាក្រុមជើងឯក ​FA Cup រដូវកាលមុន និងជាក្រុមឈ្នះពានរង្វាន់ FA Community Shield កាលពីដើមរដូវកាល ស្ថិតក្នុងកីឡដ្ឋាន Selhurst Park វេលាម៉ោង ៩យប់(ម៉ោងនៅកម្ពុជា)។ ក្រុមរបស់លោក Arne Slot ជាអ្នកចាត់ការ បច្ចុប្បន្នត្រូវបាត់វត្តមានកីឡាករសំខាន់នោះគឺ Hugo Ekitike ដែលជាប់ពិន័យកាត់ក្រហម។

ចំណែកក្រុម ​Chelsea វិញ ដែលបាត់វត្តមានរបស់អ្នកចាំទី Robert Sanchez ក្រោយគេទទួលបានកាតក្រហមកាលពីសប្តាហ៍មុន ពេលចាញ់ក្រុម Man Utd នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុម Brighton & Hove Albion វេលាម៉ោង ៩យប់ នៅកីឡដ្ឋាន Stamford Bridge។

ក្រុម ​Leeds United កំពុងឈរនៅលេខ ១២ នឹងត្រូវបើកទ្វារផ្ទះ Elland Road ស្វាគមន៍ភ្ញៀវ AFC Bournemouth ដែលបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ ៤ ក្នុងតារាង នៅវេលាម៉ោង ៩យប់។ Manchester City ក៏ត្រូវបើកទ្វារកីឡដ្ឋាន​ Etihad ស្វាគមន៍ភ្ញៀវ Burnley នៅម៉ោង ៩ ដូចគ្នា មុនពេលក្រុម Nottingham Forest នឹងត្រូវទទួលក្រុមភ្ញៀវ Sunderland នៅវេលាម៉ោង ១១:៣០យប់។

ចំណែកគូចុងក្រោយប្រចាំថ្ងៃទី២៧ ខែកញ្ញា Tottenham Hotspur នឹងត្រូវទទួលក្រុមភ្ញៀវ Wolverhampton Wanderers វេលាម៉ោង ២យប់ (ម៉ោងនៅកម្ពុជា)៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top