កីឡាករ Hugo Ekitike ខ្សែប្រយុទ្ធចំណូលថ្មីក្រុម Liverpool ប្រឈមរងពិន័យកាត់ប្រាក់ពលកម្មចំនួន ២សប្តាហ៍ ប្រមាណ ៦៦៦ ០០០ដុល្លារ ក្រោយទទួលកាតក្រហម អំឡុងការប្រកួតឈ្នះក្រុម Southampton ក្នុងជំនួប EFL Cup ជុំទី៣។ ដោយសារកាតក្រហនេះ Ekitike រងពិន័យ ១ប្រកួត នៅពេល Liverpool ធ្វើដំណើរទៅប៉ះក្រុម Crystal Palace ក្នុងកីឡដ្ឋាន Selhurst Park ក្នុងជំនួប Premier League សប្តាហ៍នេះ។
អំឡុងការប្រកួតដែល Liverpool ផ្តួលក្រុម Southampton លទ្ធផល ២-១ ជុំទី៣ ពានរង្វាន់ EFL Cup ខ្សែប្រយុទ្ធសញ្ជាតិបារាំង ដែលរួមចំណែកស៊ុតបាល់បញ្ចូលទី ១គ្រាប់ ត្រូវបានអាជ្ញាកណ្តាលលោក Thomas Brammall ផ្តល់ការពិន័យកាត់លឿង ២លើក រហូតទទួលបានកាតក្រហម។ នៅនាទី៥៣ Ekitike ប៉ះទង្គិចជាមួយកីឡាករគូប្រជែងរួចក៏បានកាតលឿងម្តង និងនាទី៨៦ គេបានដោះអាវក្រុមដើម្បីអបអរ ក្រោយស៊ុតបាល់ចូលទីក្នុងនាទី៨៥។
ស្របពេល Liverpool ត្រៀមប្រឈមមុខនឹងក្រុមកំពុងឡើងជើង Crystal Palace ជំនួបក្របខណ្ឌ Premier League នៅថ្ងៃទី២៧ ខែកញ្ញា ខ្សែប្រយុទ្ធបារាំងវ័យ ២៣ឆ្នាំ នឹងគ្មានវត្តមានក្នុងការប្រកួតនោះឡើយ ព្រោះតែរងពិន័យកាតក្រហម។
យ៉ាងណាមិញ បន្ទាប់ពីរងពិន័យប៉ុន្មានប្រកួតពីសំណាក់សហព័ន្ធបាល់ទាត់អង់គ្លេស (FA) កីឡាករបារាំងទំនងនឹងរងពិន័យធ្ងន់ពីសំណាក់ក្លិប Liverpool របស់គេផ្ទាល់ផងដែរ។ បើតាមការចុះផ្សាយរបស់កាសែត Daily Mail ក្លិប Liverpool នឹងដាក់ពិន័យលើខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ ដោយកាត់ថ្លៃហត់នឿយរបស់គេចំនួន ២សប្តាហ៍។
របាយការណ៍របស់ទូរទស្សន៍ Sky Sport កាលពីថ្ងៃបើកទីផ្សារដោះដូរកីឡាករ ខ្សែប្រយុទ្ធ Ekitike ក្រោយចុះកិច្ចសន្យាផ្លាស់ទៅទឹកដីអង់គ្លេស រូបគេនឹងអាចរកបានប្រាក់ចន្លោះពី ១៧,៥ ទៅ ១៨,៦លានដុល្លារក្នុងមួយឆ្នាំ។ ថ្លៃនឿយហត់របស់កីឡាករវ័យ ២៣ឆ្នាំ ទទួលបានក្នុងមួយសប្តាហ៍ប្រមាន ២៥០ ០០០ផោន(៣៣៣ ០០០ដុល្លារ) ដូច្នេះគេនឹងអាចត្រូវក្លិបរហស្សនាមហង្សក្រហមកាត់ពិន័យប្រាក់ ៦៦៦ ០០០ដុល្លារ។
រំលឹកក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតទល់ Southampton លោក Arne Slot អ្នកចាត់ការក្រុមហង្សក្រហមហាក់មិនបង្ហាញការចាប់អារម្មណ៍អ្វីខ្លាំងលើទង្វើរបស់កូនក្រុមឡើយ ប៉ុន្តែលោកគ្រាន់តែលើកឡើងអំពីវិន័យក្នុងក្រុម និងការពិន័យផ្សេងៗ ដែលក្រុមបានដាក់តាំងពីដើមរដូវកាល ទៅលើកីឡាករគ្រប់រូប។ បុរសសញ្ជាតិហូឡង់ក៏បានដាស់តឿនកីឡាករឱ្យរៀនចេះទប់ចិត្តទប់អារម្មណ៍នៅការប្រកួតដទៃទៀត ព្រោះសុទ្ធសឹងតែជាការប្រកួតសំខាន់ៗរបស់ក្រុម ក្នុងនាមជាក្រុមការពារជើងឯក៕
ប្រភព៖ THMEYTHMEY