EFL Cup ជុំទី៤៖ Newcastle ទល់ Spurs រីឯ Liverpool ជួប Crystal Palace

ក្រុមការពារជើងឯក Newcastle United នឹងត្រូវទទួលស្វាគមន៍ភ្ញៀវ Tottenham Hotspur សម្រាប់ការប្រកួតជុំទី៤ ពានរង្វាន់ EFL Cup ឆ្នាំ២០២៥។

ចំណែកក្រុមមកពីលីគកំពូលអង់គ្លេស ៣គូផ្សេងទៀត នឹងត្រូវជួបតទល់គ្នានៅត្រឹមជុំទី៤ នេះ ដោយក្រុម Liverpool វិញត្រូវស្វាគមន៍ម្ចាស់ពាន FA Cup ក្រុម Crystal Palace,  Arsenal ត្រៀមទទួលក្រុម Brighton & Hove Albion ​ហើយ Wolverhampton Wanderers ត្រូវទទួល Chelsea។

ក្លិប Grimsby Town ដែលបានទម្លាក់ Manchester United ចេញពីការប្រកួត តាំងពីវគ្គដំបូង បានចាប់ឱ្យជួបក្រុមមកពីលីគកំពូលអង់គ្លេសមួយថែមទៀត គឺក្លិប Brentford សម្រាប់ការប្រកួតជុំទី៤។ មុនឡើងមកដល់ជុំទី៤ ក្លិបមកពីលីគកម្រិតទី៤ ប្រទេសអង់គ្លេស ក៏បានទម្លាក់ក្រុម Sheffield Wednesday មកពីក្របខណ្ឌ Championship រួចផងដែរ។

ក្រុមមកពីលីគកម្រិតទី២ Swansea City ម្ចាស់ជើងឯក EFL Cup ឆ្នាំ ២០១៣ នឹងត្រូវទទួលស្វាគមន៍ភ្ញៀវជាក្រុមជើងខ្លាំងប្រចាំលីគកំពូលអង់គ្លេស Manchester City។ ក្រុមមកពីប្រទេសវែលស៍ចំនួន ២ រួមមាន Wrexham និង Cardiff City នឹងត្រូវជួបតទល់គ្នា។ ចំណែកក្រុម Wycombe មកពីលីគកម្រិតទី៣ នឹងត្រូវជួបតទល់ក្រុមមកពីលីគកំពូលអង់គ្លេស ទទួល Fulham។

ការប្រកួតជុំទី៤ របស់ពានរង្វាន់ EFL Cup រដូវកាល ២០២៥-២៦​ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ខាងមុខនេះ។ ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ ខណៈវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ធ្វើឡើងនៅថ្ងៃទី១២ ខែមករា និងថ្ងៃទី២ ខែកុម្ភៈដើមឆ្នាំ ហើយវគ្គផ្តាច់ព្រ័ត្រសម្រេចធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៦។

ខាងក្រោមនេះជាការប្រកួតជុំទី៤ ពានរង្វាន់ EFL Cup៖ 

Arsenal ទទួល Brighton, Grimsby Town ទទួល Brentford, Swansea ទទួល Manchester City, Newcastle ទទួល Tottenham, Wrexham ទទួល Cardiff, Liverpool ទទួល Crystal Palace, Wolverhampton ទទួល Chelsea, Wycombe ទទួល​ Fulham៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top