អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូស៊ូកម្ពុជា ថាកីឡាការិនីចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ី លើកនេះបានបញ្ជាក់ឲ្យឃើញពីភាពរីករាចម្រើនគួរឲ្យកត់សម្គាល់ ខណៈវិញ្ញាសាដែលពិបាកយកមេដាយពីមុននោះ តែឥលូវអាចយកបានហើយ។
លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា នេះជាការប្រកួតលើកទី១ ក្នុងព្រឹត្កិការណ៍ The 1st Asean-China Women’s Wushu Championships 2025 គឺក្រុមនារីជម្រើសជាតិកម្ពុជាពិតជាធ្វើបានល្អខ្លាំង និងខំប្រឹងប្រែងប្រកួតដោយអស់ពីសមត្ថភាពរហូតអាចឈ្នះមេដាយសរុប ៥គ្រឿង។
អគ្គលេខាធិការខាងលើបន្តទៀតថា កីឡាការិនីទាំងអស់មានសមត្ថភាពរីកចម្រើនឲ្យគួរឲ្យកត់សម្គាល់ ព្រោះលើវិញ្ញាសាសម្ដែងថាវលូ (Taolu) គឺពីមុនពិបាកក្នុងយកមេដាយណាស់។ ប៉ុន្តែលើកនេះក្រុមនារីកម្ពុជាអាចដណ្ដើមបានដល់ទៅមេដាយប្រាក់ឯណោះដែលនេះបញ្ជាក់ពីការរីកចម្រើនតាមរយៈការខំប្រឹងប្រែងហ្វឹកហាត់ និងយកចិត្តទុកដាក់ខ្ពស់។
បញ្ជាក់ដែរថា កីឡាការិនីជម្រើសជាតិកម្ពុជា ៤រូប រួមទាំងប្រតិភូ គ្រូបង្វឹក បានទៅចូលរួមការប្រកួតកីឡាវ៉ូស៊ូ The 1st Asean-China Women’s Wushu Championships 2025 នៅឯប្រទេសម៉ាឡេស៊ី។ ការប្រកួតនេះគឺចាប់ពីថ្ងៃទី២១ ដល់ ២៦ ខែកញ្ញា ឆ្នាំ២០២៥។ កម្ពុជាឈ្នះមេដាយសរុប ៥គ្រឿង ប្រាក់១ សំរឹទ្ធ៤៕
ប្រភព៖ KAMPUCHEATHMEY