អ្នក​និយម​កីឡារត់​៧នាក់ពី​កម្ពុជា បាន​បង្ហាញ​វត្តមាន​​ក្នុងព្រឹត្តិការណ៍ Berlin Marathon 2025

មិនមែនជាកីឡាករអាជីព ប៉ុន្តែអ្នកនិយមកីឡា​​រត់៧នាក់​​ ​បាន​រួម​ចំណែក​បំផុស​ស្មារតីកីឡា និងលើកកម្ពស់​មុខមាត់កម្ពុជាលើ​ឆាកអន្តរជាតិ តាមរយៈ​ការ​បង្ហាញ​វត្តមាន​ក្នុងព្រឹត្តិការណ៍ Berlin Marathon 2025 នាក្រុងប៊ែរ​ឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ ទី​២១ ខែកញ្ញា កន្លងមក។

ចំណោមអ្នកចូលរួមជាង៥៥០០០នាក់ នាឆ្នាំ២០២៥នេះ មាន លោក ជីម គង់ហ៊ុយ, លោក ហុង វណ្ណថេត, លោក ឡេង តុង, លោក លី ម៉េងឃាង, លោក ពន្លឺ តុលា, លោក សុខ ហេង និងលោក ជា សុថេង ពីកម្ពុជា។ ក្រៅពីនេះ ក៏មានអ្នករត់ដើមកំណើតខ្មែរ ឬជាប់សាច់ឈាមខ្មែរមួយចំនួនផងដែរ ប៉ុន្តែសារព័ត៌មានឌីជីថលថ្មីៗ សូមលើកយកតែក្រុមអ្នករត់ស្ថិតក្នុងបញ្ជីសញ្ជាតិកម្ពុជា ដែលចុះផ្សាយនៅលើ https://berlin.r.mikatiming.com/2025 តែប៉ុណ្ណោះ។

Berlin Marathon ជាស៊េរីមួយ​ក្នុងចំណោមព្រឹត្តិការណ៍ទាំង​៧ របស់កម្មវិធី​ម៉ារ៉ាតុងលំដាប់កំពូល​លើពិភពលោក Abbott World Marathon Majors (AbbottWMM) ដែល​ក្រៅពីនោះ មាន​ព្រឹត្តិការណ៍នៅតូក្យូ, បូស្តុន, ឡុងដ៍, ស៊ីកាហ្គោ, ញូវយ៉កស៊ីធី និងស៊ីដនី។ 

តាមប្រមាញ់ Six Star Medal..

ការ​រត់នៅព្រឹត្តិការណ៍នីមួយៗ និងទីតាំងផ្សេងៗ​ក្នុងចំណោម​ព្រឹត្តិការណ៍៦ គឺជាការសន្សំ «ផ្កាយ» (Star)។ ក្រៅពីមេដាយ​បញ្ចប់ទី អ្នក​ដែល​រត់​រហូតដល់​៦ព្រឹត្តិការណ៍ផ្សេងៗគ្នា នឹងទទួល​បានបណ្តុំមេដាយ​ពិសេស «Six Star Medal» និងកិត្តិយស «Six Star Hall of Fame» ពី AbbottWMM។

បើទោះបីជា Sydney Marathon ក្លាយ​ជាសមាជិកថ្មី​របស់ AbbottWMM ឬ Majors ចាប់ពីឆ្នាំ២០២៥ នេះ ក៏ដោយ ប៉ុន្តែ​មេដាយនេះ មិន​ត្រូវបាន​បញ្ចូលក្នុង Six Star Medal ឡើយ។ បើតាម​ការផ្សាយ​របស់ The Running Channel បណ្តុំ Six Star Medal គឺផ្តោតតែលើលទ្ធផលនៃការចូលប្រកួត​ក្នុងព្រឹត្តិការណ៍ដើមចំនួន​៦ប៉ុណ្ណោះ គឺនៅ​តូក្យូ, បូស្តុន, ឡុងដ៍, ស៊ីកាហ្គោ, ​ញូវយ៉កស៊ីធី និងប៊ែរឡាំង។

ប្រសិនបើ​អ្នក​រត់ចូលរួម​បាន៧ព្រឹត្តិការណ៍ផ្សេងៗគ្នា មានន័យថា ពួក​គេ​មានឈ្មោះនៅក្នុង Seven Star Hall of Fame ប៉ុន្តែមិនមាន​បណ្តុំមេដាយ «Seven Star Medal» ឡើយ។ មេដាយ​ដែល​ទទួល​បាន​នៅស៊ីដនី ត្រូវបាន​ចាត់ទុក​ជា «ផ្កាយ» មួយ​សម្រាប់​បណ្តុំមេដាយ «Nine Star Medal» ពីព្រោះ​ថា AbbottWMM នឹងបញ្ចូល​សមាជិក​២បន្ថែមទៀត។ ព្រឹត្តិការណ៍នៅចិន​ Shanghai Marathon ត្រូវបាន​ប្រកាសជាបេក្ខភាពផ្លូវការ​ ជំនួស​ Chengdu Marathon រីឯបេក្ខភាពមួយទៀត គឺ​ Cape Town Marathon នៅអាហ្វ្រិកខាងត្បូង។ ចំណែក Singapore Marathon ដែល​ប្រកាសបេក្ខភាព​កាលពីឆ្នាំ២០១៧ មិនមានឈ្មោះក្នុងបញ្ជីទៀតឡើយ។

សម្រាប់ព្រឹត្តិការណ៍ Berlin Marathon កាលពីថ្ងៃទី​២១ ខែកញ្ញា លោក ជីម គង់ហ៊ុយ ប្រមាញ់បាន​ផ្កាយ​ទីបី​របស់ខ្លួនក្នុង AbbottWMM បន្ទាប់ Chicago Marathon នៅឆ្នាំ២០២៣ និង Tokyo Marathon ឆ្នាំ២០២៥។ កំណត់ត្រា​របស់​លោកនៅប៊ែរឡាំង គឺ​ ៣:៣២:១៥ ដែលទាបជាងព្រឹត្តិការណ៍២លើកកន្លងមក។

ខណៈលោក ជីម គង់ហ៊ុយ ស្ថិតនៅពាក់កណ្តាលផ្លូវនៃ​ Six Star Medal លោក សុខ ហេង និង​លោក ហុង វណ្ណ​ថេត ក៏ទទួលបានមេដាយទី៣​រៀងៗខ្លួនពី AbbottWMM ផងដែរ។ សម្រាប់​លោក សុខ ហេង នេះជាមេដាយទី​៣ក្នុងឆ្នាំតែមួយ ជាមួយនឹង​ថិរវេលា ៣:៣៨:៥៩ ដែល​ប្រសើរជាងនៅ London Marathon ប៉ុន្តែយឺតជាង Sydney Marathon ប្រមាណ១០នាទី។

ចំពោះ​លោក ហុង វណ្ណថេត លទ្ធផលនៅប៊ែរឡាំង គឺ ៤:០២:១៣ ខណៈ​ការ​រត់នៅ Sydney Marathon និង New York City Marathon ឆ្នាំ២០២៤ លោក​សុទ្ធតែ​សម្រេចបាន​ក្រោម​៤ម៉ោង។ រីឯលោក ពន្លឺ តុលា វិញ​ វា​ជាការ​ចូលរួម​ពីរលើកជាប់គ្នា​ក្នុងព្រឹត្តិការណ៍ AbbottWMM នាឆ្នាំ២០២៥នេះ។ នៅ​ប៊ែរឡាំង លោក ពន្លឺ តុលា ប្រើ​ថិរវេលា ៤:៣៩:០៩ ខណៈនៅស៊ីដនី គឺ ៤:៣១:៤៦។ 

លោក ឡេង តុង, លោក លី ម៉េងឃាង និង​លោក ជា សុថេង បាន​វត្តមានជាលើកដំបូងក្នុងស៊េរីនៃព្រឹត្តិការណ៍នេះ ដោយ​លោក ឡេង តុង ប្រើ​ថិរវេលា ៤:៣៧:០៥, លោក លី ម៉េងឃាង ចំណាយពេល ​៣:៤០:៥៤ ប៉ុន្តែមិនមាន​ការ​បង្ហាញលទ្ធផល​ឡើយ​សម្រាប់លោក ជា សុថេង៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top