កីឡាករវ័យក្មេង សៅយ៉ាន់ វិសាល ដែលគេស្គាល់ថាជាកូនប្រុសលោក សាន់ សៅយ៉ាន់ ឥលូវនេះមានឱកាសបានចេញទៅប្រកួតតំណាងឲ្យកម្ពុជានៅប្រទេសបារ៉ែន ជាលើកដំបូង ខណៈឪពុកថានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះអាជីពប្រដាល់។
លោក សាន់ សៅយ៉ាន់ បានឲ្យដឹងថា កូនប្រុសរបស់លោកនឹងចេញទៅប្រកួតតំណាងឲ្យកម្ពុជាជាមួយកីឡាករ កីឡាការិនីសរុប ៩នាក់នៅឯប្រទេសបារ៉ែន អំឡុងចុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ ការចេញទៅក្រៅប្រទេសលើកនេះគឺជាលើកទី១ ហើយសម្រាប់កូនប្រុសរបស់លោក។
អតីតអ្នកប្រដាល់ជើងចាស់រូបនេះបន្ថែមទៀតថា ក្នុងនាមជាឪពុក និងជាអ្នកបង្ហាត់បង្រៀនកូនគឺមានចិត្តសប្បាយរីករាយខ្លាំងណាស់ដែលនេះជាឱកាសល្អមួយសម្រាប់កូនបានប្រកួតតំណាងប្រទេសជាតិនៅឯក្រៅប្រទេសបែបនេះ។ នេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះសម្រាប់រូបគេគឺមានពេលវេលាវែងឆ្ងាយទៀតដែលត្រូវឆ្លងកាត់លើវិថីប្រដាល់នេះ។ ដូច្នេះកូនប្រុសរបស់លោកត្រូវតែបន្តខំប្រឹងប្រែងថែមទៀតទើបអាចជោគជ័យ ឬបន្តដំណើរបាននៅថ្ងៃខាងមុខ។
បញ្ជាក់ដែរថា ក្រុមថ្នាលគុនខ្មែរសរុប ៩នាក់នឹងត្រូវទៅចូលរួមការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ ២០២៥ នៅប្រទេសបារ៉ែន ចាប់ពីថ្ងៃទី២២ ដល់ ៣១ ខែតុលា ឆ្នាំ២០២៥។ ដោយឡែក សៅយ៉ាន់ វិសាល នឹងត្រូវប្រកួតលើប្រភេទទម្ងន់ ៥៤គីឡូក្រាម៕
ប្រភព៖ KAMPUCHEATHMEY



