កុមារា Bernardo Lopes ស្ទើរតែស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសាររងគ្រោះដោយទឹកពុះដ៏រន្ធត់មួយតាំងពីអាយុជាងមួយខួប។ ប៉ុន្តែ យុវជនថ្នាលសញ្ជាតិប្រេស៊ីលរូបនេះ មិនអនុញ្ញាតឱ្យគ្រោះមួយនេះកំណត់ជីវិតរបស់ខ្លួនក្នុងការចាប់យកអាជីពជាកីឡាករបាល់ទាត់នោះឡើយ។
នៅអាយុត្រឹម ១ឆ្នាំ និង ២ខែ Lopes បានជួបហេតុការណ៍អាក្រក់មួយ ដោយត្រូវនឹងទឹកពុះហៀរចេញពីកំសៀវ បណ្តាលឱ្យរលាកពេញក្បាល មុខ និងផ្នែកជាច្រើននៃរាងកាយរបស់គេ។ កាលនោះ វេជ្ជបណ្ឌិតនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល បាននិយាយថា Lopes ទំនងជាមិនអាចរួចជីវិតផង។ ប៉ុន្តែ សំណាងល្អ បន្ទាប់ពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល ៧ខែ រូបគេអាចរស់រានមានជីវិតដល់សព្វថ្ងៃ។
គ្រោះថ្នាក់រលាកទឹកក្តៅដែលកំពុងពុះ បានធ្វើឱ្យក្បាលរបស់ Lopes មិនអាចដុះ ឬបណ្តុះសក់បាននៅផ្នែកខ្លះ ហើយបន្សល់ផ្ទៃមុខមានស្លាកស្នាម ដែលនាំឱ្យមានការភ័យខ្លាចពីអ្នកនៅជុំវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយ ទេពកោសល្យធម្មជាតិរបស់កុមារាវ័យ១១ឆ្នាំ ក្នុងវិស័យកីឡាបាល់ទាត់ បានជួយគេបង្កើតភាពលេចធ្លោ និងមានភាពជឿជាក់។
លោក Rodrigo ជាពូរបស់កុមារា Lopes ជាអ្នកបណ្តុះជំនាញបាល់ទាត់ឱ្យក្មួប្រុសខ្លួនតាមរយៈកីឡាបាល់ទាត់តាមដងផ្លូវ និងការប្រកួតក្នុងស្រុក មុនពេលចូលរួមសាលាបាល់ទាត់ Menino de Ouro។
ការប្តេជ្ញាចិត្ត និងជំនាញរបស់ Lopes ថ្មីៗនេះបានទាក់ទាញចំណាប់អារម្មណ៍ពីក្រុម Botafogo ម្ចាស់ជើងឯកលីគកំពូលប្រេស៊ីល៣សម័យ និង Copa Libertadores។ បន្ទាប់ពីការធ្វើតេស្តសាកល្បងសមត្ថភាព
Lopes បានបង្ហាញទេពកោសល្យដ៏គួរឱ្យភ្ញាក់ផ្អើល ហើយទីបំផុតសាលាបាល់ទាត់ថ្នាល Botafogo បានចុះកិច្ចសន្យាយកយុវជនអាយុ១១ឆ្នាំ ចូលក្រុមក្រោមអាយុ ១១ឆ្នាំ (U-11)។
បើតាមការផ្សាយរបស់កាសែត Corriere della Sera ប្រសិនបើការអភិវឌ្ឍន៍ខ្លួនរបស់ Lopes កាន់តែមានការកើនឡើង ច្បាស់ណាស់កុមារប្រេស៊ីលរូបនេះ នឹងអាចចូលទៅក្នុងក្រុមដំបូងរបស់ Botafogo ដែលបង្វឹកដោយ Davide Ancelotti កូនប្រុស និងជាជំនួយការរបស់គ្រូបង្វឹកជម្រើសជាតិប្រេស៊ីលលោក Carlo Ancelotti៕
ប្រភព៖ THMEYTHMEY



