លោក Erick Thohir ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានបដិសេធការចោទប្រកាន់ថាជាអ្នកមានឥទ្ធិពលក្នុងការជំរុញឱ្យសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើសហព័ន្ធកីឡាម៉ាឡេស៊ី (FAM) ជុំវិញករណីក្លែងបន្លំឯកសារកីឡាករបរទេសចូលសញ្ជាតិ។
FIFA បានពិន័យ FAM ជាប្រាក់ជាង៤០ម៉ឺនដុល្លារ និងកីឡាករចូលសញ្ជាតិ៧រូបមិនឱ្យជាប់ពាក់ព័ន្ធវិស័យបាល់ទាត់ ១២ខែ និងប្រាក់២៥០០ដុល្លារក្នុងម្នាក់ៗ។ ការដាក់ពិន័យនេះ ក្រោយ FIFA រកឃើញថា FAM បានក្លែងបន្លំឯកសារចូលសញ្ជាតិរបស់កីឡាករបរទេសទាំង៧នាក់ អំឡុងការប្រកួតវគ្គជម្រុះជុំចុងក្រោយ AFC Asian Cup ឆ្នាំ២០២៧ ដោយយកឈ្នះវៀតណាម ដល់ទៅ ៤-០។
ក្រោយមានការដាក់ពិន័យធ្ងន់ធ្ងរនេះ ស្រាប់តែប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីចោទប្រកាន់ថាលោក Erick Thohir ប្រធាន PSSI និងជារដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាឥណ្ឌូណេស៊ី ថាជាអ្នកញុះញង់ឱ្យ FIFA អនុវត្តន៍លើការដាក់ពិន័យលើ FAM។
លោក Zulhelmi Zainal អ្នកកាសែតរបស់ទូរទស្សន៍កីឡា Astro Arena បានបង្ហោះលើគណនីបណ្តាញសង្គម X របស់ខ្លួនថា មានប្រទេសជិតខាងក្នុងតំបន់ជាអ្នកពាក់ព័ន្ធទៅនឹងការដាក់ទណ្ឌកម្មលើសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ពីសំណាក់ FIFA។ អ្នកកាសែតម៉ាឡេស៊ីរូបនេះ បានចោទថាបុគ្គលដែលមានឥទ្ធិពល និងជិតដិតជាមួយប្រធាន FIFA លោក Gianni Infantino បារម្ភអំពីកម្រិតប្រកួតប្រជែងរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីក្រោយបញ្ជូលកីឡាករចូលសញ្ជាតិច្រើនរូប។
ព្រះអង្គម្ចាស់ Tunku Ismail Idris Johor ប្រធានក្លិប Johor Darul Tazim នៃលីគកំពូលម៉ាឡេស៊ី បានចែករំលែកអត្ថបទមួយពីសារព័ត៌មាន SBWTF នៅថ្ងៃទី២៨ ខែកញ្ញា ដែលរិះគន់ចំពោះការដាក់ទណ្ឌកម្មទៅលើ FAM និងចោទ FIFA បានអនុវត្តន៍ស្តង់ដារពីរ។ ក្នុងអត្ថបទនេះ ក៏មានបញ្ចូលរូបថតរបស់លោក Thohir ជាមួយលោក Infantino ដែលជំរុញឱ្យមានការសង្ស័យអំពីការចូលរួមរបស់ឥណ្ឌូណេស៊ីជុំវិញការដាក់ពិន័យនេះ។
ឆ្លើយតបនឹងការចោទប្រកាន់ទាំងនេះ លោក Thohir បានសង្កត់ធ្ងន់ថា ឥណ្ឌូណេស៊ី ផ្តោតតែលើការអភិវឌ្ឍកីឡារបស់ខ្លួនតែប៉ុណ្ណោះ ដោយមិនជ្រៀតជ្រែកបញ្ហាប្រទេសដទៃឡើយ។ ដោយឡែក ជំនួបរវាងមហាសេដ្ឋីឥណ្ឌូណេស៊ី និងប្រធាន FIFA ថ្មីៗនេះ គឺដើម្បីពិភាគក្សាលើការពង្រឹងវិស័យបាល់ទាត់ឥណ្ឌូណេស៊ី ពីឆ្នាំ ២០២៥ ទៅ ២០២៩ ប៉ុណ្ណោះ។
ក្រោមការដឹកនាំរបស់លោក Thohir ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីបានជ្រើសរើសកីឡាករលើស ២០នាក់ ដែលភាគច្រើនជាជនជាតិហូឡង់ ប៉ុន្តែមិនប្រឈមការដាក់ពិន័យពី FIFA ឡើយ។
FAM កំពុងរង់ចាំការសម្រេចលម្អិតពី FIFA ហើយគ្រោងនឹងប្តឹងឧទ្ធរណ៍ចំពោះការពិន័យយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីសំណាក់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់មួយនេះ។ ប្រសិនបើបណ្តឹងឧទ្ធរណ៍បរាជ័យ FAM នឹងយកសំណុំរឿងនេះ ឡើងទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) បន្តទៀត៕
ប្រភព៖ THMEYTHMEY



