Bayern Munich, Real Madrid និង Inter Milan បន្តរកបានជ័យជម្នះពីរលើកជាប់គ្នារៀងខ្លួន ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុ ស្របពេល Liverpool ចាញ់ Galatasaray ១-០។ Kylian Mbappe និង Harry Kane ប្រដេញគ្នាក្នុងការរកគ្រាប់បាល់ស៊ុតបញ្ចូលទី។
ការប្រកួតជើងឯកក្លិបកំពូលអឺរ៉ុប រដូវកាល ២០២៥-២៦ បានឈានដល់ជំនួបទីពីរហើយ ក្នុងវគ្គសន្សំពិន្ទុ ដែលធ្វើឡើងនៅរាត្រីថ្ងៃទី៣០ ខែកញ្ញា។ Bayern Munich បានយកឈ្នះ Pafos នៃលីគកំពូលប្រទេសស៊ីប ៥-១ ស្របពេល Real Madrid លត់ក្រុមមកពីកាហ្សាក់ស្ថាន Kairat ៥-០ និង Inter Milan ឈ្នះ Slavia Prague របស់ឆែក ៣-០។
ក្នុងជ័យជម្នះរបស់ក្រុមលោក Xabi Alonso នៅជំនួបទីពីរនេះ Mbappé រកបាន៣គ្រាប់ម្នាក់ឯង hat-trick ខណៈនៅជំនួបដំបូង ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ ស៊ុតបញ្ចូលទី២គ្រាប់ឱ្យក្រុមយក្សអេស្ប៉ាញ ផងដែរ។ សរុបពីរប្រកួតនេះ Mbappé រកបាន៥គ្រាប់ច្រើនជាងគេ ដោយនាំមុខ Harry Kane ដែលរកបាន ៤គ្រាប់។
ខ្សែប្រយុទ្ធអង់គ្លេស Kane មិនត្រឹមតែជួយ Bayern Munich កើន៦ពិន្ទុ និងឈរកំពូលតារាងវគ្គសន្សំពិន្ទុ League Phase ប៉ុណ្ណោះទេ ប៉ុន្តែរូបគេថែមទាំងសម្រេចបាន២គ្រាប់បន្ថែមទៀតក្នុងជ័យជម្នះ ៥-១ របស់ក្រុមយក្សអាល្លឺម៉ង់ លើក្រុម Pafos បន្ទាប់ពីរកបានពីរគ្រាប់រួចមកហើយ នៅជំនួបបើកឆាកជើងឯកកំពូលអឺរ៉ុប។
ស្របពេល Mbappé រកបាន៥គ្រាប់ និង Kane សម្រេចបាន៤គ្រាប់ ពីការប្រកួតពីរលើក Jonathan Burkardt ខ្សែប្រយុទ្ធអាល្លឺម៉ង់ក៏រកបាន៣គ្រាប់ដែរសម្រាប់ក្រុម Eintracht Frankfurt។
ក្នុងវគ្គសន្សំពិន្ទុ ក្រុមទាំង៣៦ ត្រូវមានការប្រកួត៨លើករៀងខ្លួន ក្នុង៨ក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងបានកៅអីស្វ័យប្រវត្តិទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ស្របពេល១៦ក្រុមដែលបញ្ចប់ពីចំណាត់ថ្នាក់លេខ៩ ដល់២៤ ត្រូវបន្តវគ្គប្រកួតជម្រុះដើម្បីយក៨ក្រុមទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ ក្រុមពីលេខ២៥ ដល់៣៦ អស់ការប្រកួតត្រឹមវគ្គ League Phase នេះ។
Liverpool ដែលចាយច្រើនលើសលុបក្នុងការទិញចូលកីឡាកររដូវកាលនេះ រងបរាជ័យក្រោមថ្វីជើងក្រុមតួកគី Galatasaray ក្នុងលទ្ធផល ១-០ ដែលមួយគ្រាប់ជ័យជម្នះនេះធ្វើបានដោយខ្សែប្រយុទ្ធ Victor James Osimhen ដោយការស៊ុតពិន័យ១១ម៉ែត្រ។
លទ្ធផលការប្រកួតក្រុមផ្សេងទៀត៖
Atalanta ២-១ Club Brugge
AT-Madrid ៥-១ Eintracht Frankfurt
Chelsea ១-០ Benfica
Bodo/Glimt ២-២ Spurs
Marseille ៤-០ Ajax៕
ប្រភព៖ THMEYTHMEY



